ជាតិ
រថយន្ត
សង្គមជាតិ
សេដ្ឋកិច្ច
កាបូប​លុយ​ដែល​ខ្មែរ ច្នៃ​ពី​ពោះវៀន​កង់ឡាន​ចាស់ៗ​បានការ​គាំទ្រ​ពី​បរទេស​មុន​
25, Dec 2017 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ Kraftino ជា​ម៉ាក​កាបូ​កលុយ​ដែល​ផលិត​នៅក្នុង​ស្រុក​ខ្មែរ កែច្នៃ​ពី​ពោះវៀន​កង់ឡាន​ចាស់ៗ​។  លោក ប៊ុន ណា​រ៉ា​ទី​តូ សហ​ស្ថាបនិក​សហគ្រាស​សង្គម Kraftino បាន​ឲ្យ​ដឹងថា កាបូប​លុយពោះវៀនកង់ឡាន​នេះ ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​នៅក្រៅ​ស្រុក​ជាង​២​ឆ្នាំ​ហើយ ពោលគឺ​គេ​បាន​ស្គាល់ និង​ប្រើប្រាស់​មុន​ពលរដ្ឋ​ខ្មែរ​។ ទីផ្សារ​ដែល​កាបូប​លុយពោះវៀនកង់ឡាន​Kraftino បាន​ទៅដល់ មានដូចជា​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បារាំង និង​អង់គ្លេស​ជាដើម​។



​សហគ្រាស​សង្គម Kraftino ជា​សហគ្រាស​ផលិត​កាបូប​ដាក់​ប្រាក់ ដែល​កែច្នៃ​ពី​ពោះវៀន​កង់ឡាន​ចាស់ៗ​។ លោក ប៊ុន ណា​រ៉ា​ទី​តូ ជា​សហ​ស្ថាបនិក​នៃ​សហគ្រាស​សង្គម ដែលមាន​ទីតាំងនៅ​ខណ្ឌ​ឫ​ស្សី​កែវ​មួយ​នេះ​។ បញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម លោក ណា​រ៉ា​ទី​តូ បាន​ផ្តួចផ្តើម​បង្កើត​សហគ្រាស​នេះ នៅក្នុង​ឆ្នាំ​២០១៤ ក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព និង​ផ្តល់​ការងារ​ដល់​ស្ត្រី​ងាយ​រងគ្រោះ និង​ជនពិការ ជំរុញ​ការប្រើប្រាស់​ផលិតផល​ខ្មែរ និង​ចូលរួម​គាំពារ​បរិស្ថាន​។  

​លោក ប៊ុន ណា​រ៉ា​ទី​តូ បាន​រំ​ឮ​កថា កាលពី​ចាប់​ផ្តើមដំបូង​នៅក្នុង​ឆ្នាំ​២០១៤​នោះ បញ្ហា​ប្រឈម​ចម្បង​របស់​សហគ្រាស​ស​ង្គ​ម Kraftino គឺ​ការផលិត និង​ការស្វែងរក​ទីផ្សារ​។ មាន​អាយុ​៣១ ឆ្នាំ លោក ប៊ុន ណា​រ៉ា​ទី​តូ រៀបរាប់​ដូច្នេះ​៖ «​បញ្ហា​ប្រឈម​ដំបូង គឺ​ការផលិត ពីព្រោះ​ពោះវៀនកង់ឡាន​ចាស់ៗ វា​មាន​លក្ខណៈ​ស្វិត​ខ្លាំង យើង​អត់​ទាន់​បច្ចេកទេស​ដេរ ជួនកាល​ដេរ​ទៅ​បាក់​ម្ជុល ឬក៏​ដេរ​ហើយ តែ​ថ្នេរ​មិន​ស្អាត​។ បញ្ហា​មួយទៀត គឺ​ការរក​ទីផ្សារ គឺ​យើង​អត់​អាច​លក់​កាបូប​នៅ​ស្រុក​ខ្មែរ​បានទេ  ដោយសារតែ​គុណភាព និង​សោភណភាព​នៅមានកម្រិត​។ អ៊ីចឹង​ពេលនោះ​យើង​ដាក់លក់​តាម​អន​ឡាញ ហើយ​មាន​អ្នក​នៅក្រៅ​ស្រុក​គេ​បញ្ជា​ទិញ​»​។​



​កាបូប​លុយ​ពោះវៀនកង់ឡាន​Kraftino ទើបតែ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន ជា​ជនជាតិខ្មែរ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះប៉ុណ្ណោះ​។  ទោះយ៉ាងណា ​លោក ទី​តូ ចាត់ទុកថាការពង្រីក​ទីផ្សារ​ផលិតផល​ខ្មែរ​មួយ​នេះ ទាំង​នៅក្នុង និង​ស្រុក ត្រឹម​រយៈពេល​ជាង​២​ឆ្នាំ ចាត់ទុកថា​ជា​ជោគជ័យ​ជំ​ហ៊ាន​ដំបូង​។​

​ទោះ​បច្ចុប្បន្ន​លោក មិន​ទទួលបាន​ផលចំណេញ​ច្រើន​ក៏ដោយ ប៉ុន្តែ​សហគ្រាស​នេះ កំពុងផ្តល់​ការងារ​ដល់​មនុស្ស​ជិត​២០​នាក់ ក្នុងនោះ​ក៏មាន​ស្ត្រី​ងាយ​រងគ្រោះ និង​ស្ត្រី​ពិការ​ផង​។ ការណ៍​នេះ គឺ​ស្របទៅនឹង​ចក្ខុវិស័យ​របស់​សហគ្រាស​សង្គម Kraftino ។ នៅឡើយ​តែ​ក្តីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រ​​គគ្រឹកគគ្រេង​​ចំពោះផលិតផល​​​ខ្មែរមួយនេះ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ ដូចគាត់ធ្លាប់គាំទ្រ​ផលិត​ម៉ាក​នាំចូល​ពី​បរទេស ដែលលោក ប៊ុន ណា​រ៉ា​ទី​តូ នៅតែ​ចិញ្ចឹមចិត្ត​នោះ​៕

Tag:
 កាបូប​លុយ​
 ​ សំបក​កង់ឡាន​
© រក្សាសិទ្ធិដោយ thmeythmey.com