ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចក្រុមព្រះ សុំ​ឲ្យ​ចិន​ជួយ ដោយ​ប្រាប់ថា ហ្វ៊ុនស៊ិនប៉ិច​ក្រ​ខ្លាំងណាស់
26, Dec 2017 , 2:23 pm        
រូបភាព
​ភ្នំពេញ​៖ ថ្វី​ដ្បិត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានឱកាស​បាន​ឡើង​ទៅដល់​លំដាប់ថ្នាក់​ទី​ពីរ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​គណបក្ស​រាជានិយម​មួយ​នេះ នៅមាន​ភាព​ក្រខ្សត់​នៅឡើយ​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​យ៉ាង​ដូច្នេះ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​នៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២0១៧​។



​បន្ទាប់ពី​ត្អូញត្អែរ​ពី​ភាពខ្វះខាត​បែបនេះហើយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលមាន​ភ​ព្វ​សំណាង​ច្រើនជាងគេ ក្នុងការ​ទទួលបាន​អាសនៈ​សភា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ស្នើសុំ​ជំនួយ​ផ្សេងៗ​ពី​ប្រទេស​ចិន ដូចជា​កំ​ព្យូ​ទ័​រ សៀវភៅសរសេរ និង​ប៊ិច ជាដើម​។ លើសពីនេះ សម្តេចក្រុមព្រះ ដែល​ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ទីមួយ​កាលពី​អំឡុង​ទសវត្ស​៩០  បាន​​ដាក់សំណើ​ដ៏​ធំ​មួយ​ទៅកាន់​ប្រទេស​ចិន គឺ​សុំ​ឲ្យ​ជួយ​ជ្រោមជ្រែង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​នា​ឆ្នាំ​២០១៨​។

​យ៉ាងណាក៏ដោយ សម្តេចក្រុមព្រះ ពុំបាន​បង្ហើប​នោះទេ​ថា ព្រះអង្គ ចង់​ឲ្យ​ប្រទេស​ចិន​ជួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លើ​ផ្នែក​អ្វីខ្លះ នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។ ព្រះអង្គ គ្រាន់តែ​បញ្ជាក់ថា គណៈប្រតិភូ​ចិន នឹង​ពាំនាំ​សំណើ​របស់​ព្រះអង្គ ទៅប្រាប់​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ដើម្បី​ធ្វើ​សេចក្តីសម្រេច​។

​សូម​ស្តាប់​សម្តេចក្រុមព្រះ មានបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​លោក វ៉ាង វៃ​គួ​ង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៖




​បន្ទាប់មក ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​ឆ្លៀត​មានបន្ទូល​ពី​ស្ថានការណ៍​នយោបាយ​ចុងក្រោយ​ដែរ​។ សម្តេចក្រុមព្រះ បកស្រាយ​ទៅកាន់​គណៈប្រតិភូ​ចិន​ថា កា​ររ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​ការ​អាសនៈ​នៃ​គណបក្ស​នេះ គឺជា​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។ បើតាម​សម្តេចក្រុមព្រះ គណៈប្រតិភូ​ចិន បានលើកឡើង​ជាច្រើន​ពី​លទ្ធផល​មហាសន្និបាត​លើក​ទី​១៩ នៃ​បក្ស​កុ​ម្មុនី​ស្ត​ចិន ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ចុងខែ​តុលា ឆ្នាំ​២0១៧ កន្លងទៅ​។ 

​សូមបញ្ជាក់ថា ប្រទេស​ចិន គឺជា​ប្រទេសមួយ ដែល​បន្ត​ឈរ​ខាង​រដ្ឋាភិបាល​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា កំពុង​រង​ទណ្ឌកម្ម​ផ្ទួនៗ ពី​បណ្តា​ប្រទេស​និង​អង្គការ​អន្តរជាតិ​នានា ដោយសារតែ​គណបក្ស​ស​ង្គ្រោះ ត្រូវបាន​រំលាយចោល​៕


Tag:
 ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com