ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភេសជ្ជៈ និង​ទឹក​ផ្លែឈើ​ផ្អែមៗ​អាច​នាំ​ឲ្យ​ក្មេង​កើត​ជំងឺហឺត​បាន​
26, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទៅ​សេចក្តី​កាយ​ការណ៍​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ក្មេង​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​មាន​ជាតិ​ផ្អែម​ច្រើន​គឺ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការកើត​ជំងឺហឺត​។​



​អ្នកស្រាវជ្រាវ​ក្នុងប្រទេស​អាមេរិក​និយាយថា ក្មេងៗ​ដែលមាន​ម្តាយ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ច្រើន​ខណៈពេល​កំពុង​តែមាន​ផ្ទៃពោះ ហើយ​កូន​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​បែបនេះ​ច្រើន​កាលពី​កុមារភាព​ក៏​ទំនងជា​ត្រូវបាន​គេ​រកឃើញថា​មាន​ជំងឺហឺត​ក្នុង​វ័យ ៧ ទៅ​៨​ឆ្នាំ​ដែរ​។​

​យើង​ដឹង​ហើយ​ថា អ្នក​ដែល​ធាត់ៗ​ទំនងជា​ងាយ​នឹងមាន​ជំងឺហឺត​ណាស់ ហើយ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ច្រើន​អាច​នាំ​ឲ្យ​មនុស្ស​ទៅជា​ធាត់​បាន​។ ប៉ុន្តែ​ការសិក្សា​នេះ​បាន​បញ្ជាក់ថា ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ (Fructose) ប្រហែលជា​អ្នក​នាំ​ឲ្យ​កើត​ជំងឺហឺត​ដោយផ្ទាល់​។​

​កាលពី​ការសិក្សា​មុនៗ​បាន​ទាយ​ថា របប​អាហារ​មាន​ជាតិ Fructose ខ្ពស់​ប្រហែលជា​នាំ​ឲ្យ​កើតជា​ការ​រលាក​ដល់​ផ្លូវដង្ហើម និង​រំខាន​ដល់​ការឆ្លើយតប​ធម្មតា​រប​ស់​ប្រព័ន្ធ​ភាពស៊ាំ​។​

​អ្នកស្រាវជ្រាវ​បានផ្តល់​ជា​កម្រង​សំណួរ​ដល់​ស្ត្រី​ប្រមាណ ១០៦៨​នាក់ ចាប់ពី​មាន​ផ្ទៃពោះ​ដំបូង​រហូតដល់​កូន​ពួកគេ​អាយុ​បាន ៧​ទៅ​៨​ឆ្នាំ​។ ពួកគេ​បាន​រកឃើញថា ក្មេង​ដែល​កើត​ពី​ស្ត្រី​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ខណៈពេល​មាន​ផ្ទៃពោះ​ទំនងជា​ងាយ​នឹង​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ណាស់​។  ហើយ​ក្មេង​ដែល​ញ៉ាំ​ជាតិ Fructose ច្រើន​ពី​ភេសជ្ជៈ​ផ្អែមៗ​នៅពេល​ធំ​បន្តិច​ក៏​ទំនងជា​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ដែរ​។​

​យ៉ាងណាមិញ ការសិក្សា​នេះ​មិនទាន់មាន​អំណះអំណាង​គ្រប់គ្រាន់​ដើម្បី​អះអាងថា​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​នឹងធ្វើ​ឲ្យ​កើត​ជំងឺហឺត​ឡើយ​។ ប៉ុន្តែ​វា​អាចជា​សញ្ញា​មួយ​ល្អ​ក្នុងការ​កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម​របស់​ក្មេង​ជាពិសេស​ក្មេង​តូចៗ​តែម្តង​។ យក​ល្អ​គួរតែ​ជ្រើសរើស​ជា​ទឹកសាប​ធម្មតា ឬ​ទឹកដោះគោ​វិញ​ទើប​ល្អ​ជាង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com