ពីនេះ ពីនោះ
ត្រី​ក្រពត​អុច​ធំ ដែលមាន​សារធាតុពុល រស់នៅក្នុង​តំបន់​ទឹកសាប​លាយ​ទឹកប្រៃ​
26, Dec 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ត្រី​ក្រពត​អុច​ធំ (Dichotomyctere ocellatus) គឺជា​ប្រភេទ​ត្រី​ក្រពត​មួយ ក្នុងចំណោម​ប្រាំ​ប្រភេទ​ផ្សេងទៀត ដែលមាន​សារធាតុពុល ដែលមាន​រស់នៅក្នុង​តំបន់​ទឹក​ភ្លាវ (​ទឹកសាប​លាយ​ទឹកប្រៃ​) និង​ឆ្លង​ចូលមកក្នុង​ទន្លេមេគង្គ​។ ត្រី​ក្រពត​អុច​ធំ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជលផល​ទឹកសាប របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​។



​លក្ខណៈ​សម្គាល់​របស់​ត្រី​ក្រពត​អុច​ធំ គឺមាន​ប្រវែង​ដងខ្លួន​អតិបរមា ៨ ស​.​ម រន្ធ​ច្រមុះ​មាន​សន្ទះ​មុខ​-​ក្រោយ ដោយមាន​ស្រទាប់​ស្តើង​នៅ​ខាងក្នុង​។ ព្រុយ​ខ្នង​របស់​វា​មាន​ចំនួន ៩-១៦ ទ្រនុង ឯ​ព្រុយ​គូទ​មាន​ចំនួន ៨-១៥ ទ្រនុង នៅ​ដងខ្លួន​មាន​ឆ្នូត​ពណ៌​ខ្មៅ​-​លឿង និង​មាន​រង្វង់​មូល​ពណ៌​ខ្មៅ​ស្រោម​ពណ៌​លឿង​ជុំវិញ នៅក្រោម​ព្រុយ​ខ្នង និង​គល់​កន្ទុយ​។ វា​ច្រឹប​ស៊ី​សិប្បីជាតិ និង​ហ្សូ​អូ​ប្លង់តុង​ជា​អាហារ ជួនកាល​ក៏​អាច​ច្រឹប​មនុស្ស​ផងដែរ បើ​វា​បាន​ជួប​។

​យោងតាម​ឯកសារ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជលផល​ទឹកសាប របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​រកឃើញថា នៅ​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ​ផ្សេងគ្នា ក្នុងនោះ​ត្រី​ក្រពត ៥​ប្រភេទ មាន​សារធាតុពុល​។ សារធាតុពុល​នោះ មាន​ឈ្មោះថា Tetrodotoxins គឺជា​ប្រភេទ​សារធាតុពុល​ខ្លាំង វាយប្រហារ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​។ សារធាតុពុល​នេះ វា​ប្រែប្រួល​ទៅតាម​រដូវ​កាល ហើយ​ក៏មាន​កម្រិត​ខុសគ្នា​ដែរ​។

​នៅ​រដូវ​ពង​-​កូន ចាប់ពី​ខែកុម្ភៈ ដល់​ខែកញ្ញា សារធាតុពុល Tetrodotoxins នេះ​មាន​កម្រិត​ខ្ពស់បំផុត​។ ពង និង​ស្ពែ​ម មាន​ផ្ទុក​សារធាតុពុល​ខ្ពស់​ជាងគេ ក្នុងចំណោម​ផ្នែក​ផ្សេងៗ​ទៀត នៃ​សព៌ាង្គកាយ​របស់​ត្រី​ក្រពត​ទាំងមូល បន្ទាប់មក ថ្លើម ពោះវៀន ស្បែក និង​សាច់​។ សារធាតុពុល Tetrodotoxins នេះ​មិន​រលាយ​ដោយសារ​ការ​ចម្អិន​ទេ​។

​អាកា​រៈ​នៃ​ការពុល​ត្រី​ក្រពត​មានដូចជា​៖ ឈឺក្បាល វិលមុខ ល្ហិតល្ហៃ រឹង​ថ្គាម ស្ពឹក​ចុងដៃ​ជើង រាគរូស ក្អួតចង្អោរ ឬ អាច​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ ដើម្បី​ជៀសវាង​ការពុល​ត្រី​ក្រពត សូមមេត្តា​ពិនិត្យ​ប្រភេទ​ត្រី​ឲ្យ​បានច្បាស់លាស់​មុន​សិន ឬក៏​កុំ​បរិភោគ​គ្រឿងក្នុង និង​ស្បែក ដើម្បី​ជៀសវាង​ប៉ះចំ​ត្រី​ក្រពត​ដែលមាន​សារធាតុពុល​៕

(​អត្ថបទ​ដកស្រង់​ចេញពី អម្បូរ​ក្រពត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​ទស្សនា​វ​ដ្តី​ជលផល​កម្ពុជា ដោយ Chhut Chheana and Thach Phanara រូបភាពៈ http://ffish.asia / USAID Wonders of the Mekong).



© រក្សាសិទ្ធិដោយ thmeythmey.com