ជាតិ
នយោបាយជាតិ
តំណែងរដ្ឋលេខាធិការ អាចលែងជាសមាជិករដ្ឋាភិបាល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ដកតំណែងរដ្ឋលេខាធិការ ចេញពីសមាជិករដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យក្បាលម៉ាស៊ីនរដ្ឋាភិបាលរួមតូច។ បើតាមលោក ផៃ ស៊ីផាន ដែលជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បានបង្ហើបបំណងនេះឡើង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«សមាជិករដ្ឋាភិបាល គ្របដណ្តប់ត្រឹមតែរដ្ឋមន្ត្រីទេ។ សម្តេច ចង់ធ្វើយ៉ាងម៉េច កុំឲ្យគណៈរដ្ឋមន្ត្រី ធំសំពីងសំពោង»។
មាត្រា ១១៨ ថ្មី នៃរដ្ឋធម្មនុញ្ញ បានចែងថា៖«គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាសមាជិក»។
ដោយសារតែមាត្រា១១៨នៃរដ្ឋធម្មនុញ្ញ បានចាត់ទុករដ្ឋលេខាធិការជាសមាជិករដ្ឋាភិបាល ទើបបានជាការតែងតាំងរដ្ឋលេខាធិការនាពេលបច្ចុប្បន្ន តម្រូវឲ្យរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាមុនសិន ហើយបន្ទាប់មកទើបថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គ ចេញព្រះរាជក្រឹត្យតែងតាំងជាផ្លូវការ។
លោក ផៃ ស៊ីផាន អះអាងថា ប្រសិនបើបំណងរបស់សម្តេច ហ៊ុន សែន ដែលចង់ដកតំណែងរដ្ឋលេខាធិការចេញពីសមាជិករដ្ឋាភិបាល ក្លាយជាការពិតមែននោះ ការកែប្រែរដ្ឋធម្មនុញ្ញ ត្រង់មាត្រា១១៨នេះ នឹងកើតមានឡើងជាមិនខាន។ លោក បន្តថា ក្នុងករណីមាត្រានេះ ត្រូវបានកែប្រែ ពេលនោះ នាយករដ្ឋមន្ត្រី អាចថ្វាយទៅព្រះមហាក្សត្រដោយផ្ទាល់តែម្តង ដើម្បីសុំឲ្យព្រះអង្គ ចេញព្រះរាជក្រឹត្យ ប្រកាសតែងតាំងរដ្ឋលេខាធិការ ដោយមិនចាំបាច់ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។
សមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាអាណត្តិទី៥នេះដែលកើតឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ រួមមាន នាយករដ្ឋមន្ត្រី (សម្តេច ហ៊ុន សែន) ឧបនាយករដ្ឋមន្ត្រី៩រូប ទេសរដ្ឋមន្ត្រី ១៥រូប រដ្ឋមន្ត្រី២៧ (ដឹកនាំក្រសួងទាំង២៧) រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី១៣រូប រួមទាំងរដ្ឋលេខាធិការជាង១៦០រូប នៅតាមបណ្តាក្រសួងទាំង២៧។ សម្តេច ហ៊ុន សែន ធ្លាប់រុះរើគណៈរដ្ឋមន្ត្រីម្តងរួចមកហើយ ក្នុងអាណត្តិទី៥នេះ ដោយបានផ្លាស់ប្តូររដ្ឋមន្ត្រីមួយចំនួន ហើយរដ្ឋលេខាធិការមួយចំនួនទៀត ត្រូវបានតែងតាំងបន្ថែមដែរ៕
Tag:
ផៃ ស៊ីផាន
រដ្ឋលេខាធិការ
© រក្សាសិទ្ធិដោយ thmeythmey.com