ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារធាតុ​មាន​ក្នុង​ស្រាក្រហម​អាចជួយ​ប្រឆាំង​ភាព​ចាស់​បាន​
27, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹងថា ស្រាក្រហម​អាច​ទប់ស្កាត់ ឬ​ជួយ​ប្រឆាំងនឹង​ភាព​ចាស់​បាន ប៉ុន្តែ​តើ​អ្នក​គួរ​ញ៉ាំ​វា​ច្រើន​ប៉ុណ្ណា​ទៅ​? រឿងនេះ​កើតឡើង​ក្រោយពី​ការសិក្សា​របស់​អាមេរិក​មួយ​បាន​បញ្ជាក់ថា សារធាតុ Resveratrol ដែលមាន​ក្នុង​សម្បក​របស់​ទំពាំងបាយជូ​រ​ពណ៌​ក្រហម ប្រហែលជា​ជួយ​ថែរក្សា​សាច់ដុំ និង​សរសៃប្រសាទ​ឲ្យ​នៅមាន​សុខ​ភាពល្អ​ថែមទៀត​នៅពេល​អ្នក​អាយុ​កាន់តែច្រើន​។​



​ប៉ុន្តែ​ការសិក្សា​នេះ​ក៏បាន​សួរ​បន្ថែមទៀតថា តើ​អ្នកជា​សត្វ​កណ្តុរ​មែន​ទេ​? ព្រោះ​ការសិក្សា​នេះ​មិនបាន​ធ្វើ​ទៅលើ​មនុស្ស​ឡើយ​គឺ​ធ្វើ​លើ​សត្វ​កណ្តុរ​។​

​អ្នកស្រាវជ្រាវ​បាន​ឲ្យ​កណ្តុរ​ស៊ី​អាហារ​ដែលមាន​សារធាតុ Resveratrol រយៈពេល​មួយឆ្នាំ បន្ទាប់មក​ធ្វើការ​ប្រៀបធៀប​ទៅលើ​កោសិកា​សាច់ដុំ និង​សរសៃប្រសាទ​របស់​កណ្តុ​រទាំង​នោះ​ជាមួយ​កណ្តុរ​ដែលមានរ​បប​អាហារ​ធម្មតា​។ កណ្តុរ​ដែល​ឲ្យ​ស៊ី​សារធាតុ Resveratrol ត្រូវបាន​គេ​រកឃើញថា​មិនសូវមាន​ការប្រែប្រួល​អ្វី​ច្រើន​ទាក់ទង​នឹង​ភាព​ចាស់​របស់​វា​ឡើយ​។​

​ថ្វីបើ​ស្រាក្រហម​មាន​សារធាតុ Resveratrol តែ​ចំនួន​របស់​វា​មានការ​ប្រែប្រួល​ច្រើន​ចាប់តាំងពី ០,២​មី​លី​ក្រាម​ទៅ ១២,៦​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​។ ដូច្នេះ​វា​ដូចជា​មិនមាន​ភាព​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ដើម្បី​សមស្រប​នឹង​អ្វីដែល​ការសិក្សា​នេះ​បានបង្ហាញ​ឡើយ​។​

​កណ្តុរ​ត្រូវបាន​គេ​ឲ្យ​ស៊ី​សារធាតុ Resveratrol ៤០០​មី​លី​ក្រាម​ក្នុង​មួយ​គីឡូ​នៃ​រាងកាយ​របស់​វា​ក្នុង​មួយថ្ងៃ​។ ជា​មធ្យម​ស្ត្រី​ជនជាតិ​អង់គ្លេស​ទម្ងន់​ប្រហែល ៧០​គីឡូក្រាម​នឹងត្រូវ​ការ​សារធាតុ​នេះ ២៨​ក្រាម​ក្នុង​មួយថ្ងៃ​ឬ​អាច​ត្រូវ​ការផឹក​ស្រាក្រហម​ដែលមាន​សារធាតុ​នេះ​រហូតដល់ ២០០០​លីត្រ​ឯណោះ​ខណៈពេលដែល​បុរស​អាច​នឹង​ត្រូវការ​ច្រើនជាង​នេះ​ថែមទៀត​។​

​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យ​ទៅលើ​សារ​ធាតុគីមី​ផ្សេងទៀត Metformin ប៉ុន្តែ​បាន​រកឃើញថា​វា​មាន​ឥទ្ធិពល​តិចជាង​ទៅវិញ​។ យ៉ាងណាមិញ ពួកគេ​ពិតជា​បាន​រកឃើញ​នូវ​របប​អាហារ​មាន​កាឡូរី​ទាប​ដែល​វា​ហាក់បីដូចជា​បន្ថយ​ការប្រែប្រួល​សាច់ដុំ និង​សរសៃប្រសាទ​ដែល​ទាក់ទង​នឹង​ការ​ចាស់​របស់​អាយុ​។ ការ​ញ៉ាំ​អាហារ​តិច និង​ហាត់ប្រាណ​ច្រើន​ក៏​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព ហើយក៏​ល្អ​ជាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com