ពីនេះ ពីនោះ
«​និង​»,«​នឹង​»​និង​«​ហ្នឹង​»​ខុសគ្នា​ដូចម្តេច​?
29, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជាទូទៅ​សាធារណជន​មួយចំនួន​នៅតែ​មិនទាន់​កំណត់​ឲ្យ​ច្បាស់​ថា ពាក្យ​ណា​ប្រើ​ក្នុងន័យ​ណា​ឡើយ ដូចជា​ពាក្យ «​និង​»,«​នឹង​»​និង​«​ហ្នឹង​» ដោយ​សង្កេតឃើញ​អ្នកសរសេរ​ច្រើនតែ​ប្រើ​ខុស​។ ការពិត​ពាក្យ​ទាំងអស់នេះ​មាន​អត្ថន័យ​ផ្សេងគ្នា ហើយ​ការប្រើប្រាស់​ក៏​ខុសគ្នា​ដែរ​។



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត  ពាក្យ «​និង​»​មានន័យថា សព្ទ​ជា​សន្ធាន សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្តី​ថា ទាំង​, ព្រមទាំង​, នេះ​ផង​, នុះ​ផង​។ ឧទាហរណ៍​៖ អ្នក និង​ខ្ញុំ​, គោ និង​ក្របី​, សុខ និង​ទុក្ខ ជាដើម​។

«​នឹង​»​មានន័យថា ពាក្យ​ជា​កិរិយានុគ្រោះ​សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ​ដូចជា ប្រាកដជា​, គង់តែ​, មុខជា​។ ឧទាហរណ៍​៖ ស្អែក​ខ្ញុំ​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន​ជួបគ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ជាពុំខាន​។

​ចំណែកឯ​ពាក្យ​«​ហ្នឹង​»​មានន័យថា ដូច្នឹង​, អ៊ឹ​ចឹ​ង​, អើ​, ហ្នឹងហើយ​, នុះហើយ​, ហ្នឹងឯង​, ដំណើរ​ហ្នឹង​, ដំណើរ​នុះ​។ ឧទាហរណ៍​៖ ឯង​ហ្នឹងហើយ​! ដែល​ញុំ​ា​ច្រើនជាងគេ​។ «​ហ្នឹង​»​បើ​និយាយ​មាន​សំឡេង​ខ្ពស់​ស្រួច​ខ្លាំង ត្រូវ​សរសេរ​ដាក់​ជើងក្អែក​(+)​នេះ​ពីលើ ហ្នឹ៎ង​ហើ​យ‌​! ហ្នឹ៎ងឯង​!(​សម្រាប់​សម្ដី​សាមញ្ញ​)​។ នេះ​បើ​ផ្អែកលើ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ដដែល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com