កីឡាអន្តរជាតិ
អន្តរជាតិ
Kane បំបែក​កំណត់ត្រា​លើ​ការ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​ប្តេជ្ញា​ធ្វើ​ឲ្យ​ខ្លាំង​ដូច Messi និង Ronaldo
27, Dec 2017 , 5:08 pm        
រូបភាព
Harry Kane ខ្សែប្រយុទ្ធ​របស់​ក្រុម Tottenham Hotspurs បាន​បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី ច្រើន​បំផុត​នៅ Premier League របស់ Alan Shearer បន្ទាប់ពី​ធ្វើបាន Hat trick ក្នុងការ​ប្រកួត​ជាមួយ Southampton នា​ជំនួប​ក្នុង​ថ្ងៃ Boxing Day​។ Kane បាន​ប្រៀប​ខ្លួន​ទៅនឹង Lionel Messi និង Cristiano Ronaldo ដោយ​ប្តេជ្ញា​ថា​នឹង​វិវត្តន៍​ខ្លួន​ដូច​កីឡាករ​ឆ្នើម​ទាំងពីរ​នេះ​។



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ ធ្វើបាន ៣៩​គ្រាប់​ហើយ​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​ឆ្នាំ​២០១៧​នេះ ដែល​អាច​បំបែក​កំណត់ត្រា​ចាស់​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Newcastle United លោក Alan Shearer ដែល​ធ្លាប់​ធ្វើបាន​៣៦​គ្រាប់​កាលពី​ឆ្នាំ​១៩៩៥​។​



​លើសពីនេះ​អតីត​ម្ចាស់​ស្បែកជើង​មាស Premier League ២​សម័យ ក៏បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​នៅ​តំបន់​អឺរ៉ុប​ផងដែរ​សម្រាប់​ក្លិប និង​ជម្រើសជាតិ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ពី​គ្រប់ការ​ប្រកួត​សរុប ៥៦​គ្រាប់​ប្រចាំឆ្នាំ​២០១៧​។​

​ការធ្វើ​បាន Hat trick ពីរលើក​ជាប់​គ្នា​របស់ Kane បានធ្វើ​ឲ្យ​រូបគេ​អា​ចនាំមុន​គ្រាប់​បាល់ Leonel Messi ចំនួន​២​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង Barcelona ហើយ​លើស Cristiano Ronaldo ៣​គ្រាប់​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង Real Madrid គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ​។​



«​វា​ជា​ឆ្នាំ​ដ៏​អស្ចារ្យ​។ នេះ​ជាការ​វិវត្តន៍​ខ្លួន​យ៉ាង​ល្អ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទាំងអស់នេះ​ជា​អ្វីដែល​ខ្ញុំ​ធ្វើបាន​ក្នុង​អាជីព ហើយ​ខ្ញុំ​នឹង​បន្តធ្វើ​វា​ឲ្យ​បានល្អ​ជាងនេះទៀត​»​។ នេះ​ជាការ​លើកឡើង​របស់ Kane ហើយ​រូបគេ​បន្តថា​៖«Messi និង Ronaldo បាន​ត្រួតត្រា​លើ​កីឡាបាល់ទាត់​អស់​រយៈពេល​ជា​យូរណាស់​មកហើយ ហើយ​អ្នក​ទាំងពីរ​ជា​កំពូល​កីឡាករ​ល្អ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​។ សូម្បីតែ​ខ្ញុំ​ក៏​ចង់​ប្រៀប​ខ្លួន​ជាមួយ​ពួកគេ​ដែរ ហើយ​នេះ​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​»៕


Tag:
 បាល់ទាត់​
  Harry Kane
  បំបែក​កំណត់ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com