ជាតិ
​​​ន​យោ​បាយ​ជាតិ​
ហ្វ៊ុនស៊ិនប៉ិច ប្រកាសថា មិនបាន​ទទួល​ថវិកា​ពី​បក្ស​កុ​ម្មុនី​ស្ត​ចិន​ឡើយ​
28, Dec 2017 , 11:15 am        
រូបភាព
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្ស​ហ៊្វុនស៊ិនប៉ិច
​ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ភ្លាម ដើម្បី​បដិសេធថា មិនបាន​ទទួល​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​បក្ស​កុ​ម្មុនី​ស្ត​ចិន នោះទេ​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចេញ​សេចក្តីថ្លែងការណ៍​ការពា​រ​ខ្លួន​យ៉ាង​ដូច្នេះ បន្ទាប់ពី​មានការ​រិះគន់​ជា​បន្តបន្ទាប់​ថា គណបក្ស​រាជនិយម​មួយ​នេះ សុំ​ជំនួយ​ពី​បក្ស​កុ​ម្មុនី​ស្ត​ចិន ដែល​ផ្ទុយទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។



​សារព័ត៌មាន បាន​ដកស្រង់​សម្តី​របស់​ក្រុមអ្នកវិភាគ​នយោបាយ មក​ចុះផ្សាយ​ជា​ហូរហែ​ថា ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​ជំនួយ​ពី​បក្ស​កុម្មុយនីស្ត​ចិន​មែន​នោះ ក្រសួងមហាផ្ទៃ អាច​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​រំលាយចោល​បាន ដូច​ទៅនឹង​ករណី​គណបក្ស​សង្គ្រោះ​ជាតិ​។

​ក្រុមអ្នកវិភាគ រួមទាំង​សាធារណជន​មួយចំនួន បាននាំគ្នា​ផ្តោតលើ​ប្រធានបទ​នេះ បន្ទា​ពី​សម្តេចក្រុមព្រះ មានបន្ទូល​ទៅកាន់​ក្រុមអ្នកកាសែត​ថា ព្រះអង្គ សុំ​ឲ្យ​បក្ស​កុម្មុយនីស្ត​ចិន ជួយផ្តល់​ជំនួយ​ផ្សេងៗ មកដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូចជា កំ​ព្យូ​ទ័​រ សៀវភៅសរសេរ និង​ប៊ិច ជាដើម​។ ព្រះអង្គ ប្រាប់​អ្នកកាសែត​ទៀតថា ព្រះអង្គ​ក៏បាន​សុំ​ឲ្យ​ប្រទេស​ចិន ជួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុងការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ដែរ​។

​យ៉ាងណាក៏ដោយ ព្រះអង្គ ពុំបាន​មានបន្ទូល​ឲ្យ​ចំ​នោះទេ​ថា ព្រះអង្គ សុំ​ជំនួយ​ផ្នែក​ថវិកា​ពី​បក្ស​កុម្មុយនីស្ត​ចិន​។ កាលពី​ថ្ងៃ​២៥ ខែធ្នូ ឆ្នាំ​២០១៧  ព្រះអង្គ បាន​ជួបពិភាក្សា​ជាមួយ​គណបក្ស​ប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​លោក វ៉ាង វៃ​គួ​ង (Wang Weiguang)​។

​ប៉ុន្តែ តាមរយៈ​សេចក្តីថ្លែងការណ៍​ខាងលើ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​បំភ្លឺថា ក្នុងជំនួប​នោះ សម្តេចក្រុមព្រះ មានបន្ទូល​ច្រើន​ពី​ចំណង​មេត្រីភាព រវាង​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ  ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​នៃ​បក្ស​កុ​ម្មុនី​ស្ត​ចិន​ប៉ុណ្ណោះ ដោយ​មិនបាន​សុំ​ជំនួយ​ផ្នែក​ថវិកា​ឡើយ​។ សេចក្តីថ្លែងការណ៍ បន្តថា សម្តេចក្រុមព្រះ ក៏បាន​អរគុណ​ប្រទេស​ចិន​ផងដែរ ដែល​បាន​ជួយ​ពិនិត្យ​ព្រះរាជសុខភាព​ព្រះបាទ នរោត្តម សីហមុនី និង សម្ដេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា នរោត្តម មុនិនាថ សីហនុ រួមទាំង​បាន​ផ្តល់ជំនួយ​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា ដើម្បី​យកមក​អភិវឌ្ឍ​លើ​វិស័យ​នានា​។

«​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពុំដែល​បានទទួល​វិភាគទាន គឺ​ជំនួយ​ជា​ហិរញ្ញវត្ថុ ពី​បក្ស​កុម្មុយនីស្ត​ចិន​ម្តងណា​ឡើយ ហើយ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន ក៏​មិនដែល​បានផ្តល់​វិភាគទាន​ខាងលើ​ដល់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​ចុងក្រោយ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​សេចក្តីថ្លែងការណ៍​៕
អត្ថបទទាក់ទង



Tag:
 ហ្វ៊ុនស៊ិនប៉ិច​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com