ជាតិ
គម្រោង IBIS Rice សន្យា​ធ្វើ​ឲ្យ​ជីវភាព​កសិករ​អភិរក្ស​ត្រ​យ៉ង​យក្ស​ល្អប្រសើរ​
28, Dec 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គម្រោង IBIS Rice សន្យា​ធ្វើ​ឲ្យ​ជីវភាព​កសិករ​អភិរក្ស​ត្រ​យ៉ង​យក្ស​ល្អប្រសើរ តាមរយៈ​ការជួយ​កសិករ​ផលិត​អង្ករ​សរីរាង្គ ដែលមាន​គុណភាព​លំដាប់​ពិភពលោក​។​



​គម្រោង Ibis Rice គឺជា​គម្រោង​មួយ​ដែល​មិន​ស្វែងរក​ប្រាក់ចំណូល ហើយ​ធ្វើការ​ជាមួយ​កសិករ​កម្ពុជា ដើម្បី​ផលិត​អង្ករ​សរីរាង្គ​ដែលមាន​គុណភាព​លំដាប់​ថ្នាក់​ពិភពលោក រួមទាំង​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ការពារធម្មជាតិ ដែលជា​ទីជម្រក​របស់​សត្វព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ និង​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា​។​

​សេចក្តីប្រកាស​ដដែល បន្តថា ការជួយ​ឲ្យ​កសិករ​ផលិត​អង្ករ​សរីរាង្គ​នេះ ដើម្បី​ឲ្យ​ពួកគេ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី ដែល​នាំ​ឲ្យ​ប៉ះពាល់​ជីវិត​សត្វ​។ ជាពិសេស​សត្វ​ត្រ​យ៉ង​យក្ស​ដែលជា​សត្វ​ស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស ដែល​ប្រឈមមុខ​នឹង​ការ​ជិត​ផុត​ពូជ​។​

​បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង មាន​សត្វ​ត្រ​យ៉ង​យក្ស​ប្រមាណ​ជា​២០​ភាគរយ នៃ​ចំនួន​ដែលមាន​ទាំងអស់​នៅលើ​សាកលលោក និង​ប្រមាណ​៥០​ភាគរយ នៃ​សត្វ​ត្រ​យ៉ង​ចង្កំ​កស ទាំងអស់​នៅលើ​សាកលលោក​។ សត្វ​ត្រ​យ៉ង​ទាំងពីរ​ប្រភេទ មាន​វត្តមាន​នៅតែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​។​



​ប្រធាន​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​សៀម​ប៉ាង​របស់​អង្គការ​ជិវិត​សត្វ​ស្លាប​អន្តរជាតិ​លោក ទី ស្រ៊ុន បាន​និយាយថា សកម្មភាព​នៃ​ការបង្កើន​ជីវភាព​ដល់​ប្រជាជន​នៅក្នុង​សហគមន៍​ជុំវិញ​តំបន់​អភិរក្ស​នេះ ក្នុង​គោលបំណង​ស្ដារ​សន្តិសុខ​ស្បៀង​ដល់​ប្រជាកសិករ​រស់នៅ​ក្រៅ​តំបន់​ការពារ ដែល​អាចជា​ការលើកទឹកចិត្ត​ដល់​ពួកគាត់​ឲ្យ​ចូលរួម​ការពារ​កុំ​ឲ្យ​មានការ​ទន្ទ្រាន​យក​ដីព្រៃ និង​កាត់បន្ថយ​បរបាញ់​សត្វព្រៃ​ជាដើម​។​

​លោក ទី ស្រ៊ុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​នេះ​គឺជា​ឆ្នាំ​ទី​១ ដែល​បាន​អនុវត្ត​គម្រោង​បង្កើន​ជីវភាព​នេះ​នៅក្នុង​ស្រុក​សៀម​ប៉ាង ហើយ​បាន​សាកល្បង​អនុវត្ត​មុនគេ​នៅ​ភូមិ​ខិះ​ស្វាយ​ដោយមាន​កសិករ​ចំនួន​៤៣​គ្រួ​សារបាន​ចូលរួម​។ យើង​បាន​ណែនាំ​គម្រោង​នេះ​ទៅកាន់​ភូមិ​ផ្សេងទៀត​ក្បែរ​នោះ ហើយ​ការកំណត់ និង​វាស់វែង​ដីស្រែ​របស់​ប្រជា​សហគមន៍​នៅលើ​ផែនទី​កំពុងតែ​ដំណើរការ​នៅ​ភូមិ​ចំនួន ៣​ផ្សេងទៀត ហើយ​ភូមិ​ទាំងនេះ នឹងចូលរួម​ជាមួយ​គ​ម្រោ​ង​បង្កើន​ជីវភាព នៅក្នុង​ឆ្នាំ​២០១៨»​។​

​លោក ធុន កុក ប្រជាកសិករ​រស់នៅ​ភូមិ​ខិះ​ស្វាយ ខេត្តស្ទឹងត្រែង ដែល​បាន​ក្លាយជា់​សមាជិក​រប​ស់​គម្រោង Ibis Rice បាន​និយាយថា គម្រោង​នេះ​បាន​លើកទឹកចិត្ត​គាត់ និង​អ្នកភូមិ​ការពារ​សត្វព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ជីគីមី​។ លោក បន្ថែមថា​៖ «​សំខាន់​ជាង​នេះ គម្រោង Ibis Rice បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅក្នុង​ភូមិ​ពីព្រោះ​ពួកយើង​អាច​លក់​ស្រូវ​ទៅ​ឲ្យ​គម្រោង​ក្នុងតម្លៃ​ខ្ពស់ជាង​ទីផ្សារ​»​។​

​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បានធ្វើការ​ជាមួយ​គម្រោង Ibis Rice និង​អង្គការ WCS ដើម្បី​អនុវត្ត​កម្មវិធី​បង្កើន​ជីវភាព​ពលរដ្ឋ​នេះ ទទួលបាន​ជោគជ័យ​រួចទៅហើយ នៅក្នុង​ខេត្តព្រះវិហារ​។ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ,​គម្រោង Ibis Rice និង​អង្គការ WCS កំពុងធ្វើការ​រួមគ្នា​ជាមួយ​ក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​ដើម្បី​ការពារ​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង ដែលមាន​ទំហំ​ផ្ទៃដី ១​សែន​៥​ម៉ឺន​ហិកតា តាមរយៈ​ថវិកា​គាំទ្រ​ពី Darwin Initiative  និង​មូលនិធិ MacArthur Foundation ៕


Tag:
 គម្រោង Ibis Rice
  WCS
 ​ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com