កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឈប់​ពី​បាល់ទាត់ លោក Mutko បន្ត​លាលែង​ពី​គណៈកម្មាធិការ​រៀបចំ World Cup
28, Dec 2017 , 8:19 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Vitaly Mutko បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត World Cup ឆ្នាំ​២០១៨ ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្យួរ​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី (RFU) របស់ខ្លួន​រួចមក​។ ការលាលែង​ជា​បន្តបន្ទាប់​នេះ ធ្វើឡើង​ក្រោយពី​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ (IOC) ហាម​លោក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​អស់​មួយជីវិត​ក្រោម​បទ​ចោទ​ប្រើប្រាស​សារធាតុ​ហាមឃាត់​។



​លោក Vitaly Mutko ត្រូវបាន IOC ហាម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​អស់​មួយជីវិត ពីបទ​ប្រើ​សារធាតុ​ហាមឃាត់ (Doping) ដែលជា​បទល្មើស​ប្រឆាំងនឹង​បម្រាម​ក្នុង​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS)​។​

​ដោយសារ​ការពិន័យ​ពី IOC យ៉ាងធ្ងន់ធ្ងរ​នេះហើយ ទើប​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី វ័យ​៥៨​ឆ្នាំ​រូបនេះ សម្រេច​ព្យួរ​តូ​នាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​រុស្ស៊ី​ ដើម្បី​ទៅ​តទល់​ផ្លូវច្បាប់​ជាមួយ​តុលាការ​កីឡា ហើយ​បន្ត​លាលែង​ពី​តំណែង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត World Cup ឆ្នាំក្រោយ​ថែមទៀត​ផង​។​
អត្ថបទទាក់ទង

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP ការសម្រេចចិត្ត​ចុះចេញ​ពី​តំណែង​នេះ គឺ​បន្ទាប់ពី​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​របស់​រដ្ឋា​ភិ​បាល​រុស្ស៊ី​សម្រាប់​ការរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិ​ភ​លោក​ឆ្នាំក្រោយ ហើយ​លោក Alexei Sorokin និង​ឡើយ​ជំនួស​តំណែង​នេះ​វិញ​។​

 Mutko តែងតែ​បដិសេធ​រាល់​ការចោទប្រកាន់​លើ​ការប្រើប្រាស់​សារធាតុ​ញៀន​ពី​ណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ បើទោះបី​ជាមាន​អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន រួមទាំង​លោក ត្រូវបាន​ហាមឃាត់​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០១៨ នៅ​កូរ៉េខាងត្បូង​ក៏ដោយ​។​

Mutko បាន​ប្រាប់ R Sports ថា បើទោះបី​លោក​លាលែង​ពី​តំណែង​ទាំងពីរ​នេះ​ក៏ដោយ ក៏​លោក​នឹង​បន្ត​តួនាទី​ក្នុង​រដ្ឋាភិបាល និង​ការងារ​ជាច្រើន​ដែល​លោក​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ទៀត​៕


Tag:
 ​កីឡា​អូឡាំពិក​
  IOC
  Vitaly Mutko
© រក្សាសិទ្ធិដោយ thmeythmey.com