កីឡាអន្តរជាតិ
អន្តរជាតិ
អត្ត​ព​លិ​ក​លំដាប់​ពិភពលោក​ដែល​ចូលនិវត្តន៍ ក្នុង​ឆ្នាំ​២០១៧
30, Dec 2017 , 5:59 pm        
រូបភាព
​អត្ត​ព​លិ​ក​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​ជុំវិញ​ពិភពលោក​ជាច្រើនរូប​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ​រួមមាន កំពូល​អ្នករត់​ប្រណាំង Usain Bolt កីឡាករ​បាល់ទាត់ Ricardo KaKa, Andrea Pirlo, Francesco Totti, Xabi Alonso, Philipp Lahm និង​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់ Wladimir Klitschko​។



Usain Bolt- កីឡាករ​រត់ប្រណាំង​

​កំពូល​អ្នករត់​ប្រណាំង​លំដាប់​ពិភពលោក និង​ជា​ម្ចាស់​មេដាយមាស​អូឡាំពិក Usain Bolt បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​នេះ​កាលពី​ខែសីហា ឆ្នាំ​២០១៧​។​



​អត្ត​ព​លិ​ក​សញ្ជាតិ​ហ្សា​ម៉ា​អ៊ី​ក វ័យ​៣០​ឆ្នាំ ដែល​គេ​ឲ្យ​រហស្សនាម​ថា `«​ស្តេច​ល្បឿន​» ធ្លាប់​ឈ្នះ​ជើងឯក​អូឡាំពិក ៨​ដង និង​ជា​ម្ចាស់​មេដាយមាស​ពិភពលោក​ចំនួន ១១​។ មេដាយមាស​មួយចំនួន​គឺ​បានមកពី​ការប្រកួត​លើ​វិញ្ញាសា​រត់​១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​បណ្ដាក់​១០០​ម៉ែត្រ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​៣​លើក​ជាប់​គ្នា គឺ​នៅ​ទីក្រុង​ប៉េកាំង ទីក្រុង​ឡុង​ដ៏ និង​ក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​។​

Ricardo KaKa- កីឡាករ​បាល់ទាត់​

​អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​កាលពី​ថ្ងៃទី ១៨ ខែធ្នូ​កន្លងទៅនេះ​។​



KaKa ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៥​ឆ្នាំ បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់ខ្លួន​ជាមួយ​ក្រុម Sao Paulo នៅ​ប្រេ​ស៊ី​ល ជាទី​ដែល​រូបគេ​បង្ហាញ​សមត្ថភាព​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​បណ្តា​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប ហើយ AC Milan បាន​នាំ​រូបគេ​ទៅ​រួម​ក្រុម​ក្នុង​ឆ្នាំ​២០០៣​។ ពេលនោះ​ហើយ​ដែល KaKa បានឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ជាច្រើន​រួមទាំង​ពាន Ballon d'Or ផងដែរ​។​

​បន្ទាប់ពី​បង្ហាញខ្លួន​យ៉ាង​ល្អ និង​ជួយ​ក្រុម​ក្នុង​លី​ក​កំពូល​អ៊ីតាលី​ឈ្នះ​ពាន​ជាច្រើន​នោះ Real Madrid បាន​ចំណាយ​ប្រាក់​សន្ធឹក​ដើម្បី​នាំ​រូបគេ​ទៅកាន់​ទឹកដី Santiago Bernabéu កាលពី​ឆ្នាំ​២០០៩ ក្នុងតម្លៃ ៦៨​លាន​អឺរ៉ូ ប្រមាណ ៨០​លាន​ដុល្លារ​។​

KaKa បានបញ្ចប់​អាជីព​របស់ខ្លួន​ពេល​លេង​ឲ្យ​ក្រុម Orlando City នៃ​លី​ក​បាល់ទាត់​កំពូល​អាមេរិក MLS​។​

Andrea Pirlo-​កីឡាករ​បាល់ទាត់​

​អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អ៊ីតាលី Andrea Pirlo បានប្រកាស​ចូលនិវត្តន៍​ពី​កីឡាបាល់ទាត់ ក្នុង​វ័យ​៣៨​ឆ្នាំ ជាមួយ​ក្រុម New York City ដែល​ក្លិប​ចុងក្រោយ​របស់គេ​។​



Pirlo ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី ១១៦​លើក និង​ជួយ​ប្រទេស​នេះ​ឈ្នះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំ​២០០៦​។​
​អតីត​សមាជិក​ក្រុម AC Milan នេះ​បានចាប់ផ្តើម​អាជីព​របស់ខ្លួន​ជាមួយ​ក្រុម Brescia ហើយក៏​ផ្លាស់​ទៅ​ក្រុម Inter Milan, AC Milan និង Juventus មុននឹង​ទៅ​ចូលរួម​ជាមួយ New York City នៃ​លី​ក​កំពូល​អាមេរិក Major League Soccer កាលពី​២​ឆ្នាំមុន​។​

Xabi Alonso-​កីឡាករ​បាល់ទាត់​

​អតីត​ខ្សែបម្រើ​ក្រុម Liverpool និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​បានប្រកាស់​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់​កាលពី​ដើមរដូវ​កាល​កន្លងទៅ​។​
Xabi Alonso ដែលមាន​វ័យ​៣៥​ឆ្នាំ បាន​ចាក​ចេញពី Real Sociedad ទៅ​ចូលរួម​ជាមួយ​ហង្ស​ក្រហម Liverpool កាលពី​ឆ្នាំ​២០០៤ និង​ជួយ​ឲ្យ​ក្រុម​នេះ​លើក​ពាន​កំពូល​របស់​អឺរ៉ុប Champions League នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន ព្រមទាំង​ឈ្នះ​ពាន FA Cup, Uefa Super Cup និង​ពាន Community Shield ផងដែរ​។​



​នៅ​ឆ្នាំ​២០០៩ រូបគេ​បាន​ផ្ទេរ​ចេញពី Liverpool ទៅកាន់​ក្លិប​កំពូល​អេ​ស្ប៉ា​ញ Real Madrid និង​លើក​ពាន Champions League ជា​លើក​ទី​២​របស់ខ្លួន​នៅ​ទីនោះ​។ រហូតដល់​ឆ្នាំ​២០១៤ ខ្សែបម្រើ​ចាស់វស្សា​នេះ​បានមក​ចូលរួម​ជាមួយ Bayern Munich ហើយ​ជួយ​ឲ្យ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​អាល្លឺម៉ង់​នេះ​ឈ្នះ​ពាន Bundesliga ២​រ​ដូ​ល​កាល​ផង និ​ា​ង​ជាទី​ដែល​រូបគេ​បញ្ចប់​អាជីព​ដែរ​។​

Philipp Lahm-​កីឡាករ​បាល់ទាត់​
​អតីត​ប្រធាន​ក្រុម​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង និង​ក្លិប Bayern Munich លោក Philipp Lahm បានប្រកាស​ចូលនិវត្តន៍​ពី​វិស័យ​កីឡាបាល់ទាត់​នៅក្រោយ​បញ្ចប់​រដូវ​កាល​មុន​ពោលគឺ​រដូវ​កាល ២០១៦-២០១៧​។​



​អតីត​ខ្សែបម្រើ​ការពារ​វ័យ ៣៣​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​ឲ្យ Bayern ៥០១​ដង និង​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​កំពូល​អាល្លឺម៉ង Bundesliga ៧​សម័យកាល ពាន German Cups ៦​ដង និង Champions League ១​ដង​។ រីឯ​ការបង្ហាញ​ខ្លួន​អោយ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង​ទាំង​១១៣​ដង​វិញ Lahm បាន​ជួយ​អាល្លឺម៉ង​ឲ្យ​ឈ្នះ​ពាន​លំដាប់​ពិភពលោក World Cup កាលពី​ឆ្នាំ​២០១៤ ផងដែរ​។​

Francesco Totti-​កីឡាករ​បាល់ទាត់​

Francesco Totti បាន​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​កាលពី​ចុងបញ្ចប់​រដូវ​កាល​មុន ក្រោយ​រួមរស់​ជាមួយ AS Roma អស់​រយៈពេល​២៤​ឆ្នាំ​។​
​ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​អ៊ីតាលី វ័យ​៤០​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​៧៨៦​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន ៣០៧​គ្រាប់​ឲ្យ​ក្រុម​រហស្សនាម​ឆ្កែចចក ចាប់តាំងពី​បង្ហាញខ្លួន​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ រហូតមកដល់​ឆ្នាំ​២០១៧ ជា​ពេលដែល​រូបគេ​ប្រកាស​ចូលនិវត្តន៍​។​



Wladimir Klitschko-​កីឡាករ​ប្រដាល់​

​អតីត​កំពូល​អ្នក​ប្រដាល់​ទម្ងន់​យក្ស Wladimir Klitschko បានប្រកាស​ចូលនិវត្តន៍​ពី​កីឡាប្រដាល់​ភ្លាមៗ​ក្រោយពី​ប្រកួត​ចាញ់​កីឡាករ​វ័យក្មេង​អង់គ្លេស​កាលពី​ខែមេសា ឆ្នាំ​២០១៧​។​



​កីឡាករ​សញ្ជាតិ​អ៊ុយ​ក្រែ​ន វ័យ​៤១​ឆ្នាំ ដែល​មិន​ធ្លាប់​ស្គាល់​ចាញ់​ក្នុង​អាជីព​អស់​រយៈពេល​២១​ឆ្នាំ ក្នុងចំណោម​ការប្រកួត​សរុប ៦៩ ឈ្នះ​៦៤ និង​ចាញ់​តែមួយ​លើក​ប៉ុណ្ណោះ​នា​ការប្រកួត​ចុងក្រោយ ដោយ​ចាញ់ Anthony Joshua ក្នុង​ទឹក​ទី​១១​។ បរាជ័យ​នេះ Klitschko បាន​សម្រេចចិត្ត​ចូលនិវត្តន៍​តែម្តង​។​

​តើ​អត្ត​ព​លិ​ក​រូប​ណា​ដែល​នឹង​ចូលនិវត្តន៍​បន្តទៀត​នៅ​ចុងឆ្នាំ​២០១៧​នេះ​?


Tag:
 ចូលនិវត្តន៍​
  Usain Bolt
  Ricardo KaKa
  Andrea Pirlo
  Francesco Totti
  Xabi Alonso
  Philipp Lahm
  Wladimir Klitschko
© រក្សាសិទ្ធិដោយ thmeythmey.com