ជាតិ
ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​លើក​ទី​២​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​៩០០​នាក់​
01, Jan 2018 , 7:19 pm        
រូបភាព
​សៀមរាប​៖ ទិវា​រត់​កម្សាន្ត​ពេល​រាត្រី ជា​កម្មវិធី​មួយ​ថ្មី តែមាន​អ្នកចូលរួម​ច្រើន​គួរឱ្យ​ចាប់អារម្មណ៍​។ ទិវា​នេះ​ធ្វើឡើង​ពេល​រាត្រី ដោយ​រត់​កម្សាន្ត​ជាមួយ​តន្ត្រី បែប​សប្បាយៗ​។ កីឡា​រត់​កម្សាន្ត​ពេល​រាត្រី ត្រូវបាន​រៀបចំ​ធ្វើជា​លើក​ទី​២ នៅ​រាត្រី​ឆ្លង​ឆ្នាំ​សកល ថ្ងៃទី​៣១ ធ្នូ​នៅ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ក្រុង​សៀមរាប ដែល​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ ៩០០​នាក់​។​



​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ក្នុង​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ និង​ការរត់​កម្សាន្ត​ពេល​រាត្រី នៃ​គណៈកម្មការ​ជាតិ​អូឡាំពិក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ឱ្យដឹងថា ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ ៩០០​នាក់​នោះ ភាគច្រើន​ជា​ជនបរទេស និង​ក្រុមយុវជន​។ លោក​បន្ថែមថា អ្នកចូលរួម​មាន​ចំនួន​ច្រើន​ហួស​ពី​ការ​ស្មាន​របស់​គណៈកម្មការ​រៀបចំ ព្រោះ​ពេលវេលា​ផ្សព្វផ្សាយ​មាន​រយៈពេល​ខ្លី និង​មិន​ទូលំទូលាយ តែ​អាច​ទាក់ទាញ​អ្នក​ចូលរួមបាន​ច្រើន​គួរឱ្យកត់សម្គាល់​បែបនេះ​។​



​តាម​ការបញ្ជាក់​ពី​លោក សែម ផល្លា តាមពិតទៅ​ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​នេះ គឺមាន​ភាពល្បីល្បាញ​រួចហើយ​នៅ​តំបន់​អាស៊ី​មាន​ម៉ាឡេស៊ី សហរដ្ឋអាមេរិក និង​ប៉ែក​អឺរ៉ុប​។ សម្រាប់​ការចាប់ផ្តើម​នៅ​កម្ពុជា គណៈកម្មការ​រៀបចំ​បានជ្រើសរើស​ខេត្តសៀមរាប ព្រោះថា​វា  ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​នៅ​កម្ពុជា ហើយ​លោក សែម ផល្លា រំពឹងថា នឹង​ទទួលបាន​ជោគជ័យ និង​មានការ​ចូលរួម​ច្រើន​ពី​សំណាក់​ទេសចរ ដែល​និយម​ការកម្សាន្ត​បែបនេះ​។ «​នៅ​កម្ពុជា ការយល់ដឹង​ពី​កីឡា​នេះ​នៅមានកម្រិត​នៅឡើយ យើង​សង្ឃឹមថា ទៅ​ថ្ងៃ​ខាងមុខ វា​នឹងមាន​ភាពល្បីល្បាញ​ដូច​ការរត់​ម៉ា​រាំ​តុង​យ៉ាង​ដូច្នោះ​ដែរ​»​។ នេះ​បើតាម​ការលើក ឡើង​របស់លោក សែម ផល្លា​។​



​ជាមួយនឹង​ការរំពឹង​ពី​ភាពជោគជ័យ​នៃ​កីឡា​បែប​កម្សាន្ត​ពេល​រាត្រី​នេះហើយ នាយក​ចាត់ការ​ទូទៅ​ក្នុង​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ក៏​បង្ហើប​ពី​គោលបំណង​ទៅ​ថ្ងៃ​អនាគត គឺ​គណៈកម្មការ​គ្រោង​រៀបចំ​កីឡា​នេះ ទៅ​រាជធានី​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្ត កែប​ជាដើម ដើម្បី​បំពេញតម្រូវការ​ដល់​ទេសចរ ដែល​និយម​បែប​កីឡា​មួយ​នេះ​។​

​គួររម្លឹកថា ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៧ ដោយពេល​នោះបាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជិត​៧០០​នាក់​៕




















Tag:
 ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com