ជាតិ
អ្នកគ្រូ ហ៊ី​ហ្វូ​មី ចំណាយពេល​២២​ឆ្នាំ​បង្រៀន​ភាសា​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​
02, Jan 2018 , 7:59 am        
រូបភាព
​សៀមរាប​៖ គ្រូបង្រៀន​ជនជាតិ​ជប៉ុន អ្នកគ្រូ អូ​នី ហ៊ី​ហ្វូ​មី (ONI Hifumi) ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ការងារ​អប់រំ​។ មកដល់​បច្ចុប្បន្ន គឺមាន​រយៈពេល​២២​ឆ្នាំ​ហើយ ដែល​អ្នកគ្រូ​បានមក​រស់នៅ​ខេត្តសៀមរាប ហើយក៏​ជា​រយៈ​ពេលដែល​អ្នកគ្រូ​បាន​បង្រៀន​ភាសា​ជប៉ុន​ដល់​ប្រជាជន​កម្ពុជា​ដែរ​។ ចំណុច​ពិសេស​មួយទៀត គឺ​អ្នកគ្រូ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ និង​បាន​ស្វែងយល់​ពី​វប្បធម៌​រស់នៅ​របស់​ព​ល​រដ្ឋ​ខ្មែរ​បាន​យ៉ាង​ទូលំទូលាយ​ផងដែរ​។



​អ្នកគ្រូ អូ​នី ហ៊ី​ហ្វូ​មី ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​តែង​បង្ហាញ​នូវ​ស្នាមញញឹម រាល់ពេល​ទំនាក់ទំនង​ទៅកាន់​អ្នកដទៃ​។ បច្ចុប្បន្ន​អ្នកគ្រូ មាន​តួនាទី​មួយចំនួន​ដែល​ផ្តោត​សំខាន់​លើ​ការងារ​បណ្តុះបណ្តាល ការអប់រំ និង​វប្បធម៌​ជប៉ុន​។ អ្នកគ្រូ ក៏​ជា​នាយក​សាលា​ភាសា​ជប៉ុន ហ្វី​ហ្វូ​មិ ដ៏​ល្បីល្បាញ​នៅក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

​នៅ​ឆ្នាំ​១៩៩៥ អ្នកគ្រូ ហ៊ី​ហ្វូ​មី មានឱកាស​មក​រស់នៅ​ខេត្តសៀមរាប ដោយ​ស្វាមី​អ្នកគ្រូ ត្រូវ​មក​បំពេញការងារ​នៅ​កម្ពុជា​។ មកដល់​ខេត្តសៀមរាប​បាន​មួយខែ អ្នកគ្រូ​ក៏​ចាប់ផ្តើម​បង្រៀន​ភាសា​ជប៉ុន ដោយ​បើក​ថ្នាក់​ឥតគិតថ្លៃ​។​

​អំឡុង​ឆ្នាំ ១៩៩៧ ពេល​មាន​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​នៅ​រាជធានី​ភ្នំពេញ អ្នកស្រី​ក៏បាន​ត្រឡប់​ទៅ​ជប៉ុន​វិញ​។ អ្នកគ្រូ​បាន​រម្លឹកថា ពេលនោះ​អ្នកស្រី​បានទទួល​សំបុត្រ​ពី​កូនសិស្ស​២​នាក់​។ សម្រាប់​អ្នកគ្រូ គឺមាន​ការភ្ញាក់ផ្អើល​មែនទែន ព្រោះ​កន្លងមក​កូនសិស្ស​ទាំង​នោះ មិនដែល​ស្គាល់​ទូរ​ប្រៃសនីយ៍​កម្ពុជា​ឡើយ​។ ក្នុង​សំបុត្រ​ដែល​អ្នកគ្រូ​ទទួលបាន​ពី​កូនសិស្ស​នោះ ម្នាក់​ប្រាប់​ពី​ស្ថាន​ភាពល្អ​ឡើងវិញ​នៅ​កម្ពុជា និង​សុំឱ្យ​អ្នកគ្រូ​មក​កម្ពុជា​វិញ​។ ចំណែក​កូនសិស្ស​មួយទៀត បានធ្វើ​លំ​ហាត់​ជា​ភាសា​ជប៉ុន ផ្ញើ​ដាក់​ទៅ​អ្នកគ្រូ​ជួយ​កែ ដោយ​បញ្ជាក់ថា នៅ​កម្ពុជា​ពុំមាន​គ្រូបង្រៀន​ភាសា​ជប៉ុន​ឡើយ​។​



​នៅពេលនោះ អ្នកគ្រូ ហ៊ី​ហ្វូ​មី បាន​គិតក្នុងចិត្ត​ថា ប្រសិនបើ​អ្នកគ្រូ​មានលទ្ធភាព​ត្រឡប់មក​កម្ពុជា​វិញ នោះ​អ្នកគ្រូ​គួរតែ​មក ដើម្បី​ជួយ​កូនសិស្ស​ខ្លួន​។ នៅ​ចុងឆ្នាំ ១៩៩៧ អ្នកគ្រូ​ក៏​សម្រេចចិត្ត​ត្រឡប់មក​កម្ពុជា​វិញ ដោយ​បន្ត​បង្រៀន​ភាសា​ជប៉ុន​ដល់​កូនសិស្ស​នៅ​ក្រុង​សៀមរាប​។​

​ដំបូង​ឡើយ អ្នកគ្រូ ហ៊ី​ហ្វូ​មី បើក​ថ្នាក់​បង្រៀន​ត្រឹម​ភាសា​ជប៉ុន​តែប៉ុណ្ណោះ តែ​ក្រោយមក​ដោយ​គិតថា កង្វះ​ជំនាញ​មគ្គុទ្ទេសក៍​ភាសា​ជប៉ុន អ្នកគ្រូ​ក៏​បើក​បង្រៀន​ថ្នាក់​នេះ​បន្ថែម​។ កូនសិស្ស​ដំបូង​ដែល​រៀន​ជំនាញ​មគ្គុទ្ទេសក៍​ជាមួយ​អ្នកគ្រូ​មាន​ចំនួន​១៥​នាក់ ហើយ​អ្នកគ្រូ ហ៊ី​ហ្វូ​មី ថា​បច្ចុប្បន្ន​ពូកគេ​ទាំងនោះ បាន​ក្លាយជាមគ្គុទ្ទេសក៍​លំដាប់ វី​អាយ​ភី​។

«​ខ្ញុំ​មក​ខេត្តសៀមរាប​ដំបូង ខ្ញុំ​បាន​ទៅ​មើល​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​។ ពេលនោះ ខ្ញុំ​មិនសូវ​ចាប់អារម្មណ៍​ទេ មិន​យល់ គ្មាន​អ្នកណា​ពន្យល់​ពី​ប្រាសាទ ចម្លាក់ ខ្ញុំ​គិតថា ប្រាសាទ​ទាំងនោះ គឺ​ដូចជា ភ្នំ​ថ្ម អ៊ីចឹង​។ ក្រោយមក ខ្ញុំ​ចាប់ផ្តើម​អាន​សៀវភៅ​ជាច្រើន ហើយ​គិតថា​ជំនាញ​មគ្គុទ្ទេសក៍ គឺ​ពិតជា​សំខាន់​ណាស់ ដើម្បី​ប្រាប់​ទេសចរ​ឱ្យ​យល់ បើ​មិន​ពន្យល់​ទេ ពួកគេ​បានត្រឹមតែ​ថតរូប ហើយក៏​ត្រឡប់​ទៅវិញ​។ កម្ពុជា ពិតជា​អស្ចារ្យ​មែនទែន​»​។ នេះ​ជាការ​រម្លឹក​របស់លោក​គ្រូ ហ៊ី​ហ្វូ​មី ពេល​អ្នកគ្រូ​មកកាន់​ខេត្តសៀមរាប​ដំបូង​។​

​ជាមួយនឹង​ការងារ​បង្រៀន​ជំនាញ​មគ្គុទ្ទេសក៍​នេះដែរ អ្នកគ្រូ​ជប៉ុន ហ៊ី​ហ្វូ​មី បាន​សរសេរ​សៀវភៅ​មួយ​ក្បាល សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​។ អ្នកគ្រូ​បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ ដើម្បី​សរសេរ​សៀវភៅ​នេះ អស់​រយៈពេល​១០​ឆ្នាំ ដោយ​ព្យាយាម​អាន​សៀវភៅ​ប្រមាណ ៧០​ក្បាល​។​



​ទោះ​ខំ​បង្រៀន​ភាសា​ជប៉ុន​អស់​ជាង ២០​ឆ្នាំ​មកហើយ​ក្តី តែ​អ្នកគ្រូ ហ៊ី​ហ្វូ​មី មិនទាន់មាន​អគារសិក្សា​សមរម្យ​នៅឡើយ​។ ដំបូង​ឡើយ អ្នកគ្រូ​បាន​ជួល​កន្លែង​គេ ដើម្បី​បើក​ថ្នាក់​បង្រៀន​នៅ​ផ្លូវជាតិ​លេខ​៦ ក្រោយមក​ប្តូរ​ទៅ​ម្ដុំ​វត្ត​រាជ​បូព៌ បន្ទាប់មកទៀត គឺ​នៅ​អគារ​បច្ចុប្បន្ន​ស្ថិតនៅ ក្រោយ​វត្ត ពោធិ៍​លង្កា ក្រុង​សៀមរាប​។ អគារសិក្សា​នេះ មាន​ទំហំ​ធំ និង​ទីធ្លា​ខាងមុខ​ទូលាយ​ក៏ពិតមែន តែ​មិនទាន់​បៀក​ស៊ីម៉ង់​នៅឡើយ មានន័យថា វា​មាន​រូបរាង​ត្រឹម​ជា​គ្រោង​ដុំឥដ្ឋ​តែប៉ុណ្ណោះ ចំណែក​ទ្វារ និង​បង្អួច​ក៏​គ្មាន​គ្រប់គ្រាន់​ដែរ​។​

«​ដី​ដែល​ធ្វើ​សាលា​នេះ ខ្ញុំ​ទិញ​គេប្រហែល​​២០​ឆ្នាំ​ហើយ ដំបូង​វា​ជា​ស្រះ កាល​ខ្ញុំ​ទិញ​វា​មានតម្លៃ​ថោក ព្រោះ​គ្មាន​អ្នក​ចង់បាន​។ ក្រោយមក​មាន​សប្បុរស​ជន​ជប៉ុន​ជួយ ដោយ​ពួកគេ​ឃើញ​ពី​សកម្មភាព​របស់ខ្ញុំ ក៏មាន​លុយ​ចាក់ដី​បំពេញ​អស់​ប្រមាណ ៨០០​ឡាន​។ តែ​ដូច​ឃើញស្រាប់ ហើយ​គឺ​បានតែ​ប៉ុណ្ណឹង មាន​លុយ​បន្តិច យើង​ធ្វើ​បន្តិច​១៥​ឆ្នាំ​ហើយ សាលា​នេះ​មិនទាន់រួច​ទេ​។ ខ្ញុំ​អត់​មាន​លុយ​ទេ (​និយាយ​លាយ​សំណើច បែប​ហួសចិត្ត​)»​។ អ្នកគ្រូ ហ៊ី​ហ្វូ​មី និយាយ​បណ្តើរ សើច​បណ្តើរ និង​លើកដៃ​ចង្អុល​ទៅ​ជញ្ជាំង​អគារ ដែល​មានតែ​គ្រោង​ឥដ្ឋ ពណ៌​លឿងទុំ​។ តាមពិតទៅ អគារ​នេះ គឺ​ចេញ​ម៉ូដ​ដោយ​ប្អូនប្រុស​អ្នកគ្រូ ហ៊ី​ហ្វូ​មី ដែល​អ្នកគ្រូ​អះអាងថា ប្អូនប្រុស​នោះ ស្រឡាញ់​ខាង​គូរ​នេះ​ណាស់​។ អ្នកគ្រូ​បន្ថែមថា នៅ​សាលា​នេះ ក្រៅពី​បង្រៀន​ភាសា​ហើយ ក្នុងនោះ​ក៏មាន​បង្រៀន​ជាត​ន្ត្រី កីឡា និង​សិល្បៈ ផងដែរ​។​



​ឆ្នាំនេះ អ្នកគ្រូ ហ៊ី​ហ្វូ​មី មាន​អាយុ ៥៣​ឆ្នាំ​ហើយ​។ អ្នកគ្រូ​មាន​ស្រុកកំណើត នៅ​សង្កាត់​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស ជប៉ុន​។ អ្នកគ្រូ​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន ៣​នាក់ ហើយ​អ្នកគ្រូ​ជា​កូន​ទី​២​។ បច្ចុប្បន្ន អ្នកគ្រូ រស់នៅ​ម្នាក់ឯង​នៅ​កម្ពុជា ក្រោយពេល​ចែកផ្លូវ​ជាមួយ​គ្រួសារ​ចំណែក​កូនប្រុស​អាយុ​ជាង ២០​ឆ្នាំ កំពុង​រស់នៅ​ជាមួយ​អតីត​ស្វាមី​នៅ​ប្រទេស​ជប៉ុន​។​

​កាលពី​ឆ្នាំ​២០១៥ អ្នកគ្រូ ហ៊ី​ហ្វូ​មី ធ្លាប់​បានទទួល​រង្វាន់​ចំណាត់ថ្នាក់​លេខ​២ ផ្នែក​ជនបរទេស ដែល​និយាយ​ភាសា​ខ្មែរ​បានល្អ​។ បែបនេះ​ក្តី អ្នកគ្រូ​អះអាងថា អ្នកគ្រូ​មិនដែល​គិតថា ការនិយាយ​ភាសា​ខ្មែរ​របស់ខ្លួន​បានល្អ​នោះដែរ គឺ​ត្រូវការ​រៀនសូត្រ​បន្ថែមទៀត​។ សម្រាប់​អ្នកគ្រូ  ភាសា​ខ្មែរ​គឺ​សំខាន់​សម្រាប់​អ្នកគ្រូ​ដែលជា​ជនបរទេស​។ អ្នកគ្រូ​យល់ថា ការមិន​រៀន​ពី អក្សរ និង​ភាសា​របស់​ប្រទេស​ដែល​កំពុង​រស់នៅ ហាក់​មិន​គោរព​គេ​យ៉ាង​ដូច្នោះ​ដែរ​។​

​និយាយ​ពី​ការរៀន​ភាសា​ជប៉ុន​វិញ អ្នកគ្រូ ហ៊ី​ហ្វូ​មី មើលឃើញថា កូនសិស្ស​រៀន​ភាសា​នេះ​ហាក់​ធ្លាក់ចុះ​បន្តិច​មែន​ក្នុងពេល​បច្ចុប្បន្ននេះ ដោយសារ​មាន​គ្រូ​ច្រើន ហើយ​តម្រូវការ​ភាសា​ដទៃ ក៏មាន​ច្រើន​ដែរ ដូចជា​ភាសា​ចិន កូរ៉េ​ជាដើម​។ យ៉ាងណា អ្នកគ្រូ​យល់ថា ការរៀន​របស់​កូនសិស្ស​ពីមុន និង​ឥឡូវ គឺមាន​បំណង​ផ្សេងគ្នា​។ ពីមុន​កូនសិស្ស​ច្រើន​រៀន​ដើម្បី ធ្វើជា​មគ្គុទ្ទេសក៍ ចំណែក​សព្វថ្ងៃ រៀន​ដើម្បី​ប្រឡង​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ទៅវិញ​។​

​ជា​រៀងរាល់ឆ្នាំ អ្នកគ្រូ​ជប៉ុន ដែល​ចូលចិត្ត​សើច តែង​ទៅលេង​ប្រទេស​ជប៉ុន​ម្តង អំឡុង​ខែ កក្កដា​។ អ្នកគ្រូ​ថា គ្មាន​សាច់ញាតិ​ដែល​អ្នកគ្រូ​ចាំបាច់​ត្រូវ​ទៅលេង​នោះទេ តែ​បំណង​ដើម្បី​ចង់ដឹង​ពី​ស្ថានការណ៍ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​តែប៉ុណ្ណោះ​។

​មើលទៅ​ជីវិត​រស់នៅ​ក្នុងប្រទេស​កម្ពុជា​របស់​អ្នកគ្រូ ហ៊ី​ហ្វូ​មី ដូច​ស្រស់ស្រាយ​ណាស់ បើ​ទោះ​អ្នកគ្រូ​មិនមាន​សញ្ជាតិ​ខ្មែរ​ក៏ដោយ​។ ជីវិត​អ្នកគ្រូ គឺ​ដូច​តែ​ប្រជាជន​កម្ពុជា​មួយចំនួន​ដូច្នោះ​ដែរ គឺ​សាមញ្ញ​។ អ្វីដែល​ពិបាក​សម្រាប់​អ្នកគ្រូ តាំងពីដើម រហូតដល់​បច្ចុប្បន្ន នោះ​គឺ ពិបាក​រក​គ្រូបង្រៀន​ភាសា​ខ្មែរ​។ ទម្រាំ​ចេះ​និយាយ​ខ្មែរ​ដូច​សព្វថ្ងៃនេះ គឺ​អ្នកគ្រូ​ស្វះស្វែង​ចង់​ចេះ ចង់ដឹង សួរ​គេឯង​។ រយៈពេល​២​ឆ្នាំ អ្នកគ្រូ​ក៏​សម្រេច​ប្រាថ្នា អាច​និយាយ​ភាសា​ខ្មែរ​បាន​។​

​ជប៉ុន និង​កម្ពុជា ជា​ជម្រើស​ចុងក្រោយ​សម្រាប់​ជី​វិត​អ្នកគ្រូ ហ៊ី​ហ្វូ​មី​។ «​បើសិន​មានកូន​សិស្ស ចង់​រៀន​ភាសា​ជប៉ុន សូម្បីតែ​ម្នាក់ ក៏​ចង់​បង្រៀន​។ បើ​អត់​មាន​អ្នកណា​ចង់​រៀន​ភាសា​ជប៉ុន​សោះ ខ្ញុំ​គិតថា ខ្ញុំ​អត់​ន័យ​សោះ​នៅ​កម្ពុជា អ៊ីចឹង​មានតែ​ទៅ​ស្រុក​ជប៉ុន​វិញ​»​។ អ្នកគ្រូ ហ៊ី​ហ្វូ​មី និយាយ​ដោយ​ទឹកមុខ​រឹងមាំ លាយ​នឹង​ស្នាមញញឹម​មិន​ដាច់​៕






















Tag:
 ហ៊ី​ហ្វូ​មី​
 ​ ជនជាតិ​ជប៉ុន​
  ​គ្រូបង្រៀន​
 ​ ភាសា​ជប៉ុន​
 ​ ស្រឡាញ់​ខ្មែរ​
  srolanh khmer
© រក្សាសិទ្ធិដោយ thmeythmey.com