ជាតិ
​​​ន​យោ​បាយ​ជាតិ​
២០១៧៖ ដើមចម​នៃ​ទោសទណ្ឌ និង​បញ្ហានយោបាយ​ភាគច្រើន​កើតចេញពី​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​
01, Jan 2018 , 5:13 pm        
រូបភាព
​ភ្នំពេញ​៖ ការចាប់​លោក កឹម សុខា និង​ឈានដល់​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ចាក់​ស្រែះ​ក្នុង​ឆ្នាំ​២០១៧ ។ ចំណាត់ការ​ទាំងនេះ​រប​ស់​តុលាការ រង​នូវ​ការរិះគន់​ស្តីពី​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ បើទោះបីជា​សហគមន៍​អន្តរជាតិ និង​ប្រទេស​មួយចំនួន​មើលឃើញថា ស្ថាប័ន​តុលាការ​កម្ពុជា​ស្ថិតក្រោម​កណ្តាប់ដៃ​បក្ស​កាន់អំណាច ប៉ុន្តែ​ប្រទេស​ចិន​នៅតែមាន​ជំហរ​ខាង​រដ្ឋាភិបាល​កម្ពុជា​ជានិច្ច ដោយ​យល់ស្រប​ថា ចំណាត់ការ​នានា​គឺ​ដើម្បី​រក្សា​សន្តិសុខ​ជាតិ និង​ប្រយោជន៍​ពលរដ្ឋ​។



​ខាងក្រោម​នេះ ជា​ព្រឹត្តិការណ៍​សង្គម និង​នយោបាយ​សំខាន់ៗ ដែល​បាន​កើតឡើង ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​២0១៧ ដោយ​ភាគច្រើន​ផ្តើមចេញពី​ការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៖

- ថ្ងៃទី​៣១ ខែមករា សម្តេច ហ៊ុ ន សែន នាយករដ្ឋមន្ត្រី  និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​សំណើ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា ឲ្យ​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា ដែលមាន​ឈ្មោះថា​ជា​ទណ្ឌិត ធ្វើជា​ប្រធាន ឬ​សមាជិក​គណៈកម្មាធិការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្សនយោបាយ នោះទេ​។ រដ្ឋសភា បាន​កែ និង​បន្ថែម​ខ្លឹមសារ​ថ្មី​ខាងលើ ចូលទៅក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ តាម​ការចង់បាន​រប​ស់ស​ម្តេច ហ៊ុន សែន​។ នេះ​ជា​លើក​ទី​១ ដែល​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​កែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

- ថ្ងៃទី​១១ ខែកុម្ភៈ លោក សម រង្ស៊ី    ប្រកាស​លាលែង​ពី​សមាជិកភាព និង​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ការប្រកាស​លាលែង​រប​ស់លោក សម រង្ស៊ី គឺធ្វើឡើង​ក្រោយ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវបាន​កែប្រែ ដោយ​កំណត់ថា​អ្នកទោស​ឬ​ទណ្ឌិត មិនអាច​ធ្វើជា​សមាជិក​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​ជា​ប្រធាន​គណបក្ស​ឡើយ​។ លោក សម រង្ស៊ី ចាក​ចេញពី​ប្រទេស​កម្ពុជា​តាំង​ឆ្នាំ​២០១៥ ក្រោយពី​មាន​ក្តីក្តាំ​នៅ​តុលាការ ។​

- ថ្ងៃទី​២ ខែមីនា គណបក្ស​សង្គ្រោះ​ជាតិ បានរៀបចំ​សមាជ​វិសាមញ្ញ ហើយ​ជ្រើសតាំង លោក កឹម សុខា ឲ្យ​ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​អម​ជាមួយ​អនុប្រធាន​៣​រូប ដែល​រួមមាន លោកស្រី មូរ សុខ​ហួរ លោក ប៉ុល ហំ​ម និង​លោក អេង ឆៃអ៊ាង​។​

- ថ្ងៃទី​២៣ ខែមីនា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាត់ទោស​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ដោយ​ចោទ​ពីបទ «​ឃាតកម្ម​គិតទុក​ជាមុន និង​ការកាន់កាប់​អាវុធ​ខុសច្បាប់​» ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​ដ៏​ល្បីល្បាញ​។ លោក កែម ឡី ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។​

- ថ្ងៃទី​៤ ខែមិថុនា កម្ពុជា រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នីតិកាល​ទី​៤ ដោយមាន​គណបក្ស​ចំនួន​១២ ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​។ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៦៥០៣ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន​៥០០៧​។​

- ថ្ងៃទី​២៩ ខែមិថុនា មន្ត្រី​អាដហុក​៤​រូប  រួមមាន លោក នី សុខា លោក ណៃ វង់​ដា លោក យី សុខសាន្ត និង​លោកស្រី លឹម រួមទាំង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​១​រូប​ទៀត គឺ​លោក នី ចរិយា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ អ្នក​ទាំង​៥ ត្រូវបាន​ចាប់ខ្លួន ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០១៦ ដោយ​តុលាការ​អះអាងថា ពួកគាត់ ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​របស់​នារី​ម្នាក់​ឈ្មោះ ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

- នៅ​ថ្ងៃទី​១០ ខែកក្កដា រដ្ឋសភា បានអនុម័ត​ខ្លឹមសារ​ថ្មី​មួយចំនួន​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​តាក់តែងឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​សម្តេច ហ៊ុន សែន ស្នើឡើង​។ ខ្លឹមសារ​ថ្មី​ទាំងនោះ  ដែល​ត្រូវបាន​សរសេរ​បន្ថែ​មមា​ន​ដូចជា​៖«​គណបក្ស​ណាក៏ដោយ មិនអាច​ប្រើប្រាស់ រូបថត សារ​ជា​សំឡេង វីដេអូ និង​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ របស់​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវបាន​តុលាការ​កាត់ក្តី ឲ្យ​ក្លាយជា​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ​ឡើយ​។ លើសពីនេះ គណបក្ស ក៏​មិនអាច​បង្ហាញ​ការគាំទ្រ​ចំពោះ​សកម្មភាព​របស់​បុគ្គល​ណា​ម្នាក់ ដែលមាន​ឈ្មោះ​ជា​អ្នកទោស​ដែរ​។ ប្រសិនបើ គណបក្ស​ណាមួយ បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ខាងលើ តុលាការ អាចមាន​សិទ្ធិអំណាច ដើម្បី​រំលាយ​គណបក្ស​នោះ​»​។  នេះ​ជា​លើក​ទី​២ ដែល​រដ្ឋសភា កែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តាម​សំណើ​របស់​សម្តេច ហ៊ុន សែន ដែល​បានផ្តល់​សិទ្ធិអំណាច​ឲ្យ​តុលាការ​កំពូល អាចរំលាយ​គណបក្សនយោបាយ​ចោល ប្រសិនបើ​មាន​កំហុស​ធ្ងន់ធ្ងរ​។​

- ថ្ងៃទី​៣ ខែសីហា លោក ញឹក ប៊ុនឆៃ  ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ធ្លាប់មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។​

- ថ្ងៃទី​៤ ខែសីហា កាសែត ខេ​ម​បូ​ឌា ដេលី  ដែលមាន​វត្តមាន នៅ​កម្ពុជា​តាំងពី​អំឡុង​ឆ្នាំ​១៩៩៣​មក សម្រេច​បញ្ឈប់​ការផ្សព្វផ្សាយ និង​បិទ​ការិយាល័យ​ដោយ​ខ្លួនឯង បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ច ទាមទារ​ឲ្យ​សងបំណុល​ពន្ធ​ជាង​៦​លាន​ដុល្លារ ចូលទៅ​រដ្ឋ​។​

- ថ្ងៃទី​១០ ខែសីហា សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​កាត់ទោស​លោក គឹម សុខ អ្នកវិភាគ​នយោបាយ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១​ឆ្នាំកន្លះ ដោយសារតែ​ចោទ​សម្តេច ហ៊ុន សែន​ ថានៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី​។ ក្រៅពី​ឲ្យ​ជាប់ពន្ធនាគារ តុលាការ ក៏បាន​តម្រូវ​ឲ្យ​លោក គឹម សុខ បង់ប្រាក់​ផងដែរ​។ បើតាម​សាលក្រម​របស់​តុលាការ លោក គឹម សុខ ត្រូវ​បង់ប្រាក់ ៨​លាន​រៀល ចូលទៅ​រដ្ឋ (​ផ្នែក​ព្រហ្មទណ្ឌ​) និង​បង់ប្រាក់ ៨00​លាន​រៀល​ទៀត ឲ្យ​ទៅ​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង (​ផ្នែក​រដ្ឋប្បវេណី​)​។ អ្នកវិភាគ​រូបនេះ បាន​ជាប់ឃុំ​ចាប់តាំងពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៧​មក​។​

- ថ្ងៃទី​១១ ខែសីហា សម្តេច ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ ទៅកាន់​ប្រទេស​ឡាវ ដោយ​ឲ្យ​ដក​កងទ័ព​ចេញពី​ប្រទេស​កម្ពុជា​។ ក្រោយ​ព្រមាន​បែបនេះ​រួចហើយ សម្តេច ហ៊ុន សែន ក៏​បញ្ជា​កងទ័ព​ទៅកាន់​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ងាវ ក្នុង​ខេត្តស្ទឹងត្រែង ដែល​កងទ័ព​ឡាវ ចូលមក​ឈរជើង​។ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា សម្តេច ហ៊ុន សែន ក៏​ឡើង​យន្តហោះ​ទៅ​ជួប​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ ភ្លាម​តែម្តង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា លោក ថោង​លន់ ស៊ី​សូលី​ត ក៏​បញ្ជា​ឲ្យ​ដក​កងទ័ព ចេញពី​ប្រទេស​កម្ពុជា​។​

- ថ្ងៃទី​២៣ ខែសីហា រដ្ឋាភិបាល​កម្ពុជា សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI ) របស់​សហរដ្ឋអាមេរិក នៅក្នុង​ទឹកដី​កម្ពុជា ហើយ​បុគ្គលិក​បរទេស ដែល​បម្រើ​ការងារ​ក្នុង​វិទ្យាស្ថាន​នេះ ក៏ត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​ដែរ​។ រដ្ឋាភិបាល អះអាងថា មូលហេតុ​ដែល​នាំ​ឲ្យ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ គឺ​ដោយសារតែ​វិទ្យាស្ថាន​បរទេសមួយ​នេះ មិនបាន​ទៅ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស​កម្ពុ​ជា ហើយក៏​មិនបាន​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​ដែរ​។​

- ថ្ងៃទី​២៥ ខែសីហា លោក សួន សេរី​រដ្ឋា  ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ​រយៈពេល​៥​ឆ្នាំ ក្រោម «​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​

- ថ្ងៃទី​១ ខែកញ្ញា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បានធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​សន្តិភាព ហើយក៏​ឯកភាព​សរសេរ​លិខិត​រួមគ្នា​មួយ ជូន​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ដើម្បី​ឲ្យ​ជួយ​ផ្ទេរ​ផែនទី ពី​ខ្នាត​១​លើ​១០០.០០០ មក​ផែនទី​ខ្នាត ១​លើ​៥០.០០០​។​

- យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា សមត្ថកិច្ច ចុះទៅ​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដល់​គេហដ្ឋាន ដោយ​សង្ស័យថា បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ (​ស​ន្ទិ​ដ្ឋិ​ភាព​) ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​អាច​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។​

- ថ្ងៃទី​១២ ខែកញ្ញា វិទ្យុ​អាស៊ីសេរី សម្រេច​ដក​ការិយាល័យ​ចេញពី​កម្ពុជា​ដោយ​ខ្លួនឯង​។ ការសម្រេចចិត្ត​បែបនេះ​របស់​វិទ្យុ​អាស៊ីសេរី ដែល​បាន​ដំណើរការ​ក្នុងការ​ផ្សព្វផ្សាយ​ជិត​២0​ឆ្នាំ​នៅ​កម្ពុជា​មកហើយ​នោះ គឺធ្វើឡើង​បន្ទាប់ពី​មាន​ភាព​រកាំរកូស​ជាមួយ​ក្រសួង​ព័ត៌មាន​។​

- ថ្ងៃទី​១៦ ខែតុលា រដ្ឋសភា បានអនុម័ត​ខ្លឹ​សារ​ថ្មី នៃ​ច្បាប់បោះឆ្នោត​ចំនួន​៤ ដែល​ត្រូវបាន​សរសេរ​និង​កែប្រែ​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ច្បាប់​ទាំងនោះ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ខ្លឹមសារ​ជារួម ដែល​សរសេរ​បន្ថែម​ចូលទៅក្នុង​ច្បាប់​ទាំង​៤​ខាងលើ បាន​កំណត់ថា​៖«​រាល់​អាសនៈ​គណបក្ស​ដែល​ត្រូវបាន​រំលាយចោល ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ​»​។​

- ថ្ងៃទី​២៥ ខែតុលា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ បន្ទាប់ពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ប្រោស​ព្រះរាជទាន​លើកលែងទោស តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​។​

- ថ្ងៃទី​១៤ ខែវិច្ឆិកា លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា  អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី ត្រូវបាន​ចាប់ខ្លួន ក្រោម​ការសង្ស័យថា បាន​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ខុសច្បាប់ និង​លួច​ផលិត​ព័ត៌មាន ហើយ​ផ្ញើ​ទៅ​ស្ថាប័ន​អាស៊ីសេរី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋអាមេរិក​។​

- ថ្ងៃទី​១៦ ខែវិច្ឆិកា តុលាការ​កំពូល បើកសវនាការ តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ហើយ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិចោល ដោយ​ចោទថា  លួច​ស៊ុមគ្រលុំ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ ហើយថ្នាក់ដឹកនាំ​១១៨​រូប នៃ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​ហាមឃាត់​ក្នុង​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ក្រោយ​រំលាយ អាសនៈ​ទាំង​៥៥​ក្នុង​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចែក​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤១ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១១ គណបក្ស​សញ្ជាតិ​កម្ពុជា​ចំនួន​២ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​ចំនួន​១​។ រី​ឯ អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​យកទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ដែរ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​ច្រើនជាងគេ​។​

- ថ្ងៃទី​១៦ ខែវិច្ឆិកា គណបក្ស​សង្គ្រោះ​ជាតិ សេចក្តីថ្លែងការណ៍ ដោយ​មិន​ទទួលយក​ការសម្រេច​របស់​តុលាការ​កំពូល​។ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា នៅតែ​រក្សា​រចនាសម្ព័ន្ធ និង​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្នុង​គណបក្សដដែល ហើយ​សមាជិក​រដ្ឋសភា និង​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ រួមទាំង​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ជា​តំណាង​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

- ថ្ងៃទី​១៦ ខែវិច្ឆិកា លោក សម រង្ស៊ី ប្រកាស​ចូល​ជា​សមាជិក​នៃ​គណ​ស​ង្គ្រោះជាតិវិញ ក្រោយ​ត្រូវបាន​រំលាយ​។​

- ថ្ងៃទី​១៦ ខែវិច្ឆិកា សេត​វិមាន​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍មួយ ដោយ​ប្រកាស​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ព្រោះតែ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ ហើយ​លោក កឹម សុខា ក៏​ជាប់ពន្ធនាគារ​។ សហរដ្ឋអាមេរិក ចាត់ទុក​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ថា​នឹង​មិនមាន​ភាពស្របច្បាប់ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចូលរួម ហើយ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​។ ក្រៅពី​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត ប្រទេស​មហាអំណាច​មួយ​នេះ ក៏​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​

- ថ្ងៃទី​២0 ខែវិច្ឆិកា លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រួមទាំង​សមាជិក​២​រូប​ទៀត គឺ​លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ា​នី​រ៉ុង បាន​លាលែង​ពី​តំណែង ។ ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​អ្នក​ទាំង​៣ លាលែង​ពី​តំណែង​ក្នុង​ស្ថាប័ន​នេះ​។ រដ្ឋសភា បានបោះឆ្នោត​ទុកចិត្ត​ឲ្យ​លោក នុត សុខុម ធ្វើជា​អនុប្រធាន​គ​.​ជ​.​ប ហើយ​លោក ហ៊ែ​ល សារ៉ាត់ និង​លោក ឌឹ​ម សុវណ្ណា​រុំ ធ្វើជា​សមាជិក ជំនួស​អ្នក​ទាំង​៣ ដែល​លាលែង​។ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក ឌឹ​ម សុ​វណ្ណា​រុំ មកពីសាលាក្តី​ខ្មែរក្រហម​។​

- ថ្ងៃទី​២៧ ខែវិច្ឆិកា តំណាងរាស្ត្រ​ថ្មី​ទាំង​៥៥​រូប  ដែល​មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៤១​រូប គណបក្ស​ប្រជាជន​កម្ពុជា​១១​រូប គណបក្ស​សញ្ជាតិ​កម្ពុជា​​២រូប និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​១រូប បាន​ចូលរួម​ប្រជុំ​ក្នុង​រដ្ឋសភា​ជា​លើកដំបូង បន្ទាប់ពី​ទទួលបាន​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​។​

- នៅ​ថ្ងៃទី​១ ខែធ្នូ រដ្ឋាភិបាល បង្កើត​ក្រុមការងារ​មួយ ដោយមាន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមទាំង​អនុប្រធាន​៣​រូប និង​សមាជិក​៨​រូប ដើម្បី​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​។ ភារកិច្ច​នៃ​ក្រុមការងារ ដែល​ប្រមូលផ្តុំ​ទៅដោយ​ឥស្សរជន​ដែលមាន​ជំនាញ​ផ្នែក​ច្បាប់​មួយ​នេះ គឺ​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ ហើយ​ផ្តល់យោបល់​និង​ជម្រើស​នានា​ដល់​សម្តេច ហ៊ុន សែន ក្នុងការកែ​ប្រែ​រដ្ឋធម្មនុញ្ញ តាម​ការចាំបាច់​។​

- ថ្ងៃទី​៤ ខែធ្នូ សមាជិកសភា​១៥៨​រូប មកពី​ប្រទេស​ចំនួន​២៣  មានដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី អ៊ីតាលី អា​លឺ្ល​ម៉​ង់ បារាំង កាណាដា អង់គ្លេស និង​ស៊ុយអែត ជាដើម បានរួម​គ្នា​សរសេរ​លិខិត​ចំហ​មួយ ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ហើយ​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៨​។ ជាងនេះទៀត  សហ​មគ​ន៍​អន្តរជាតិ​នានា បាន​បណ្ដាក់​គ្នា​ថ្កោលទោស​ចំពោះ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ​។​

- ថ្ងៃទី​៨ ខែធ្នូ គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បណ្តឹង ទៅកាន់​តុលាការ​កំពូល ដើម្បី​សុំ​ឲ្យ​ជំនុំជម្រះ​ឡើងវិញ​។ ប៉ុន្តែ​តុលាការ​កំពូល ច្រានចោល​។​

- ថ្ងៃទី​១២ ខែធ្នូ សហភាព​អឺរ៉ុប ប្រកាស​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយមាន​ហេតុផល​ដូច​សហរដ្ឋអាមេរិក​។ សហភាព​អឺរ៉ុប ប្រកាស​ដូច​សហរដ្ឋអាមេរិក​ដែរ​ថា ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ នឹង​បាត់បង់​ភាពស្របច្បាប់ បើ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ លើសពីនេះ សហភាព​អឺរ៉ុប កំពុង​ពិចារណា​ផ្អាក់​ការអនុគ្រោះ​ព័ន្ធ​លើ​ការនាំ​ផលិតផល​និង​ទំនិញ​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប រួមទាំង​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​។​

- ថ្ងៃទី​១៣ ខែធ្នូ សម្តេច ហ៊‌ុ​ន សែន ប្រកាសថា រដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់ សម្រាប់​រៀបចំ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨ ដោយ​មិន​បារម្ភ ចំពោះ​ការផ្តាច់​ជំនួយ​របស់​ប​រទេស​ឡើយ​។ នាយករដ្ឋមន្ត្រី​រូបនេះ សង្កត់ធ្ងន់ថា ឲ្យ​តែ​ប្រជាជន​កម្ពុជា បាន​ចូលរួម​បោះឆ្នោត គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ទទួលស្គាល់​ឬ​មិន​ទទួលស្គាល់​ពី​ប្រទេស​ដទៃ ឬ​អង្គការសហប្រជាជាតិ​នោះទេ​។

- ១៤ ខែធ្នូ លោក សោម សូ​រី​ដា មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)  អះអាងថា ចិន​និង​ជប៉ុន ជា​អ្នករ៉ាប់រង​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ក្រោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឈប់​គាំទ្រ​និង​ផ្តាច់ជំនួយ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ លើកឡើងថា គ​.​ជ​.​ប មាន​សម្ភារ និង​ឧបករណ៍​បច្ចេកទេស​គ្រប់គ្រាន់​អស់ហើយ និង​បាន​ត្រៀម​ថវិកា​ប្រមាណ ៥២​លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​។

- ថ្ងៃទី​២៨ ខែធ្នូ គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​បណ្តឹង​ជា​លើក​ទី​២ ទៅកាន់​តុលាការ​កំពូល ក្នុង​គោលបំណង​ដដែល​។ មកដល់ពេលនេះ តុលាការ​កំពូល អះអាងថា កំពុង​ពិនិត្យ​បណ្តឹង ដែល​សុំ​ឲ្យ​ជំ​នុំ​ជម្រះ​ឡើងវិញ លើ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​


Tag:
 ព្រឹត្តិការ​នយោបាយ​ឆ្នាំ​២0១៧
© រក្សាសិទ្ធិដោយ thmeythmey.com