ជាតិ
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​អង្គរវត្ត កើនឡើង​ជិត​១០៨​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧
01, Jan 2018 , 11:39 pm        
រូបភាព
​សៀមរាប​៖ គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័នរដ្ឋ​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ បានចេញ​ផ្សាយ​របាយការណ៍ អំពី​ចំនួន​ទេសចរ និង​ចំណូល​សរុប​សម្រាប់​ឆ្នាំ​២០១៧​។ តាម​គ្រឹះស្ថាន​អង្គរ ក្នុង​ឆ្នាំ​២០១៧ ចំណូល​សរុប​ដែល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ជាង ១០៧​លាន​ដុល្លារ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ជាង ៧២% បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​



​ទេសចរ​បរទេស ដែល​មក​កម្សាន្ត​រមណី​យ​ដ្ឋា​ន​អង្គរ និង​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​សរុប​ក្នុង​ឆ្នាំ​២០១៧​ទាំងអស់​មាន​ចំនួន ជាង​២​លាន​នាក់ គឺ​ស្មើនឹង​២ ,៤៥៧,០២៣​នាក់ កើនឡើង​ជាង ១១% ធៀប​នឹង​ឆ្នាំ​២០១៦​។ ចំណែក​ចំណូល​សរុប គ្រឹះស្ថាន​អង្គរ​បានបង្ហាញ​ពី​តួលេខ ដែលមាន​ចំនួន​សរុប ១០៧,៩៧៦,៤៣៩​ដុល្លារ កើនឡើង​ជាង ៧២% ធៀប​នឹង​ឆ្នាំ​២០១៦​។

​ចាប់ពី​ខែ កុម្ភៈ ឆ្នាំ​២០១៧​មក  រាជរដ្ឋាភិបាល​បាន​ចាប់​អនុវត្តន៍​លើ​គោលការណ៍ ការដំឡើង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ថ្មី ក្រោយ​ផ្ទេរ​ការគ្រប់គ្រង​ពី​ក្រុមហ៊ុន សុខា អូ​តែ​ល របស់លោក សុខ គង់​។ តម្លៃ​សំបុត្រ​មួយថ្ងៃ សម្រាប់​ភ្ញៀវ​បរទេស ឡើង​ពី​២០ ទៅ​៣៧​ដុល្លារ សំបុត្រ​ដែលមាន​សុពលភាព​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​សុពលភាព​មួយ​សប្តាហ៍ ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីជូនដំណឹង ចេញផ្សាយ​នៅ​ថ្ងៃទី​៥ សីហា ឆ្នាំ​២០១៦ ក៏បាន​បញ្ជាក់ដែរថា តម្លៃ​ទាំងអស់ នឹងត្រូវ​បង់​ចូលទៅ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ ហើយ​វា​នឹងត្រូវ​ដាក់​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោយ​ខ្នងសំបុត្រ ដើម្បី​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​។ 

​សម្រាប់​១១​ខែ ឆ្នាំ​២០១៧ រដ្ឋ​បាន​បង់ប្រាក់​ឧបត្ថម្ភ​ចូលទៅ​មូលនិធិ​គន្ធបុប្ផា​ចំនួន ៤,៣៣៩,៩៦៤​ដុល្លារ ៕


Tag:
 គ្រឹះស្ថាន​អង្គរ​
  ចំណូល​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com