ជាតិ
សេដ្ឋកិច្ច
ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៧
02, Jan 2018 , 10:03 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេដ្ឋកិច្ចកម្ពុជា នៅតែ​ត្រូវបាន​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ព្យាករ​ថា​មាន​កំណើន​រឹងមាំ​ដដែល​ក្នុង​រង្វង់ ៧​ភាគរយ ជាមួយ​ការកត់សម្គាល់​ពី​ការ​ងើបឡើង​នូវ​មុខទំនិញ​នាំចេញ​ថ្មីៗ ដូចជា គ្រឿងបន្លាស់​រថយន្ត គ្រឿង​បង្គុំ​អគ្គិសនី ជាដើម ដែល​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ តែ​ទន្ទឹមនឹង​ភាពល្អ​នេះ សេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​ទាញ​ភ្ជាប់​នឹង​ស្ថានភាព​នយោបាយ​ដែល​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ និង​ការរំលាយ​គណបក្ស​នេះ​។ ការអនុគ្រោះ​ពន្ធ ដែលជា​ចំណុច​គន្លឹះ​មួយ​ក្នុង​លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា ត្រូវបាន​គំរាមកំហែង​ដោយ​សហគមន៍​អន្តរជាតិ​។​



​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ បាន​សរុប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ដូចខាងក្រោម​នេះ​៖

​កម្ពុជា​ចាប់ផ្ដើម​បំពេញ​តួនាទី​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ក្នុង​អា​ណិ​ត្ត​មួយឆ្នាំ ដែល​គិត​ចាប់ពី​ខែកុម្ភៈ​មក​។ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ក្រសួងពាណិជ្ជកម្ម​ដែល​តំណាង​ឲ្យ​កម្ពុជា នឹង​ខិតខំ​បំពេញភារកិច្ច​នេះ​ឲ្យ​បានល្អ ដើម្បី​លើកស្ទួយ​កិត្តិយស​ប្រទេស​លើ​ឆាក​អន្តរជាតិ និង​ទាញ​អត្ថប្រយោជន៍​ពី​តួនាទី​នេះ ដូចជា​ការអនុគ្រោះ​ពន្ធ  និង​ជំនួយ​ផ្សេងៗ​ជាដើម​។​

​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ឆ្នាំ​២០១៧​នោះ​គឺ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​អន្តរាគមន៍​លើ​អត្រា​ការប្រាក់​ឥណទាន ដោយបាន​ដាក់​ពិ​ដាន​ការប្រាក់ ១៨​ភាគរយ​ក្នុង​មួយឆ្នាំ និង​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១​ខែមេសា​។ ការកំណត់​ពិ​ដាន​នេះ ត្រូវបាន​ធនាគារជាតិ​អះអាងថា​ដើម្បី​ជួយ​ពលរដ្ឋ​ពី​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់​ពេក និង​ជំរុញ​ការប្រើប្រាស់​ប្រាក់កម្ចី​កាន់​តែមាន​ប្រសិទ្ធភាព​។​

​អ្នក​ចិញ្ចឹម​ជ្រូក នៅ​ខែមេសា បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការហូរចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម ដែល​អ្នក​ទាំងនោះ​អះអាងថា​បានសម្លាប់​ការចិញ្ចឹម​ក្នុងស្រុក​។ បើ​ទោះ​ទទួល​ការឆ្លើយតប​ពី​រដ្ឋាភិបាល​ដែលថា​រឹតបណ្ដឹង​លើ​ការនាំ​ចូល​នេះ តែ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក កាលពីពេល​ថ្មីៗ​នេះ នៅតែ​បន្ត​អំពាវនាវ​រក​ការ​អន្តរ​គម​ន៍ ខណៈ​ពួកគេ​នៅតែ​រង​ការខាតបង់​ពី​បញ្ហា​នេះ​។​

​នៅក្នុង​ខែឧសភា កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន​ក្រោម​ប្រធានបទ យុវជន បច្ចេកវិទ្យា និង​កំណើន​។ វេទិកា​នេះ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ប្រមាណ ៧០០​នាក់​។ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​វេទិកា​នេះ បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុងការ​ជំរុញ​សម្ថ​ភាព​យុវជន និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា ដើរ​ទន្ទឹមគ្នា​នឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។​

​នៅ​ខែមិថុនា កំពង់ផែ​ក្រុងព្រះសីហនុ (PAS) បាន​ចូល​ផ្សារភាគហ៊ុន ដើម្បី​កៀងគរ​ទុន​បន្ថែម​រង្វង់ ២៧​លាន​ដុល្លារ​។ PAS បាន​ក្លាយជា​ក្រុមហ៊ុន​ទី​៥​នៅ​កម្ពុជា​ដែល​ឈាន​ជើង​ចូល​ផ្សា​រមូល​ប​ត្រ និង​ជា​ក្រុមហ៊ុន​រដ្ឋ​ទី​៣​ក្នុង​ទីផ្សារ​នេះ​។​

​ងាក​មក​ព្រឹត្តិការណ៍​ស្រូវ​អង្ករ​វិញ កាលពី​ខែសីហា រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា​សរុប ៥០​លាន​ដុល្លារ​ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ តាមរយៈ​ការផ្ដល់​ឥណទាន​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងការ​ប្រមូល​ទិញស្រូវ​ពី​កសិករ​។ ជុំវិញ​រឿង​ស្រូវ​នេះដែរ រដ្ឋាភិបាល​បានផ្ដល់​ឥណទាន ៣០​លាន​ដុល្លារ​ដល់​វិស័យ​ឯកជន ដើម្បី​សាងសង់​ឃ្លាំង និង​ឡស​ម្ងួ​ត​ចំនួន​៤​កន្លែង​។ ជាមួយគ្នានេះ​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដែ​ស បាន​ចុះ​កិច្ចព្រមព្រៀង​នាំចេញ​អង្ករ ១​លាន​តោន សម្រាប់​រយៈពេល​៥​ឆ្នាំ តែ​កិច្ចសន្យា​ឆ្នាំ​ដំបូង ២៥​ម៉ឺន​តោន ត្រូវ​បរាជ័យ​។ សហព័ន្ធ​ស្រូវ​អង្ករ និង​ក្រសួងពាណិជ្ជកម្ម អះអាងថា​នឹង​បន្ត​ជំរុញ​ការចចារ​នាំចេញ​អង្ករ​នេះ​សម្រេចបាន​នៅពេល​ខាងមុខ​។​

​នៅក្នុង​ខែសីហា ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល លើ​ការវិនិយោគ​បូម​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា បន្ទាប់ពី​បាន​ពន្យារពេល​ជាច្រើន​ឆ្នាំ​។ រយៈពេល​ជាង​ពីរ​ខែរ​បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង ក្រុមហ៊ុន​នេះ​បានប្រកាស ការវិនិយោគ​ជា​ផ្លូវការ​លើ​គម្រោង​នេះ​។ ក្នុង​គម្រោង​នេះ រដ្ឋាភិបាល​កាន់កាប់​អត្ថប្រយោជន៍ ៥​ភាគរយ​លើ​ការវិនិយោគទាំង​មូល​។​

​រឿង​សំខាន់​មួយទៀត គឺ​ការប្រកួតប្រជែង​ផ្នែក​សេវាកម្ម​ហៅ​រថយន្ត​តាក់ស៊ី​នៅក្នុង​ទីផ្សារ​កម្ពុជា​។ ក្រុមហ៊ុន Uber ដ៏​ឈានមុខ​របស់​ពិភពលោក បាន​ចូល​ទីផ្សារ​កម្ពុជា​នៅ​ខែកញ្ញា បន្ទាប់មកទៀត​ក្រុមហ៊ុន Grab ដ៏​ធំ​របស់​តំបន់​បាន​ឈានចូល​ក្នុង​ទីផ្សារ​នេះ​នៅ​ខែធ្នូ​។ ក្រុមហ៊ុន​ក្នុងស្រុក​ក៏ត្រូវ​បាន​បង្កើត​ឡើងជា​ច្រើន​ផងដែរ​ក្នុងនោះ​មានដូចជា PassApp, UGo 711, We Go, Exnet, iTsumu ជាដើម ដោយ​ក្រុមហ៊ុន​ទាំងនោះ មាន​សេវាកម្ម​ម៉ូតូ​កង់​បី​។​

​ប្រធានបទ​ដ៏​សំខាន់​មួយទៀត ធនាគារជាតិ នៅ​ដើមខែ​ធ្នូ បានប្រកាស​មិន​ទទួលស្គាល់ និង​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​បំផុសបំផុល​ឲ្យ​ចរាចរ​លុយ​អេឡិចត្រូនិក (CryptoCurrencies) ដែល​ក្នុងនោះ Bitcoin ល្បី​ជាងគេ​ក្នុងការ​ជួញដូរ​រូបិយវត្ថុ​ប្រភេទ​នេះ​។​

​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បានផ្ដល់​យោបល់​ទៅ​ប្រមុខ​រដ្ឋាភិបាល ឲ្យ​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដើម្បី​ទប់ស្កាត់​ការព្យួរ​សម្បទាន​ពន្ធគយ​ជាយថាហេតុ​។ ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​មានតម្លៃ ៦៧៦​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៦​។ ការអនុគ្រោះ​នេះ ត្រូវបានអ្នក​ជំនាញ​មើលឃើញថា​កត្តា​ជួយ​ឲ្យ​ទំនិញ​កម្ពុជា​អាច​ប្រកួតប្រជែង​លើ​ទីផ្សារ​សហភាព​អឺរ៉ុប​៕


Tag:
 សេដ្ឋកិច្ច​ឆ្នាំ​២០១៧
© រក្សាសិទ្ធិដោយ thmeythmey.com