កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ តម្លៃសំបុត្រយន្តហោះក្រោម១ដុល្លារ សម្រាប់តែអ្នកគាំទ្ររុស្ស៊ី
× ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយក្នុងប្រទេសរុស្ស៊ី Aeroflot នឹងលក់សំបុត្រយន្តហោះតម្លៃក្រោម១ដុល្លារអាមេរិកជូនដល់អ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិរុស្ស៊ីទាំងអស់សម្រាប់ការធ្វើដំណើរក្នុងអំឡុងការប្រកួតកីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT។
ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀរពូទីនបានកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលផ្តល់ជូនដល់អ្នកគាំទ្ររុស្ស៊ីនូវសំបុត្រមួយសន្លឹកត្រឹមតែ ៥ រូប្លិ៍ (ប្រាក់រុស្ស៊ី) ប្រមាណជា០.០៩ដុល្លារប៉ុណ្ណោះនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំក្រោយដែលរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ។
នាយកប្រតិបត្តិ Aeroflot លោក Vitaly Saveliev បាននិយាយថាក្រុមហ៊ុនបានត្រៀមបញ្ចុះតម្លៃសម្រាប់អ្នកគាំទ្ររុស្ស៊ីដែលចូលរួមការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ដោយអនុញ្ញាតឲ្យពួកគេទិញសំបុត្រក្នុងតម្លៃពិសេសត្រឹម ០.០៩ដុល្លារក្នុងមួយជើង។
«យើងមិនអាចដឹកជញ្ជូនពួកគេដោយឥតគិតថ្លៃនោះទេ ប៉ុន្តែយើងអាចធ្វើវាបានត្រឹមនេះ គឺក្នុងតម្លៃ ៥ រូប្លិ៍សម្រាប់សំបុត្រ១សន្លឹក»។ នេះជាការលើកឡើងរបស់លោក Saveliev នៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃព្រហស្សតិ៍សប្តាហ៍មុន។
Aeroflot ត្រូវបានគេឲ្យឈ្មោះថាជាក្រុមហ៊ុនអាកាសចរណ៍ដឹកទំនិញឈានមុខគេរបស់ពិភពលោកប្រចាំឆ្នាំ ២០១៧។
កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុននេះក៏បានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយក្លិប Manchester United ផងដែរ។ Aeroflot បានដឹកជញ្ជូនកីឡាកររបស់ក្រុមបិសាចក្រហម ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដើម្បីប្រកួតក្នុងក្របខណ្ឌ Europa League ក្នុងវគ្គ ១៦ ក្រុមចុងក្រោយពេលប៉ះជាមួយ FC Rostov កាលពីខែមីនាឆ្នាំមុន៕
Tag:
បាល់ទាត់
FIFA World Cup
Aeroflot
វ្លាឌីមៀរពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com