កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ប្រតិកម្មនឹង Scholes ដែលរិះគន់ Pogba
× លោក Jose Mourinho បានប្រតិកម្មនឹងអតីតវីរបុរស Manchester United លោក Paul Scholes ដែលរិះគន់មកលើក្រុមរបស់លោក និងបុគ្គលមួយចំនួននៅ Old Trafford។
Goal.com បានផ្សាយថា អតីតខ្សែបម្រើឆ្នើមរបស់បិសាចក្រហម Paul Scholes បានរិះគន់ Paul Pogba ថាមិនទាន់បានបង្ហាញអ្វីជាដំកំផួនឲ្យក្រុមសមនឹងតម្លៃខ្លួន ៨៩លានផោន ប្រហែល ១២០លានដុល្លារនៅឡើយនោះទេ។
អតីតសមាជិកក្រុមជម្រើសជាតិអង់គ្លេស វ័យ៤៣ឆ្នាំលើកឡើងដូច្នេះនៅមុនជំនួបរវាងក្រុម Manchester United និង Everton ក្នុងក្របខណ្ឌ Premier League នៅយប់ថ្ងៃចន្ទទី១ ខែមករានេះ ក្នុងន័យដាក់កំហិតដល់ខ្សែបម្រើសញ្ជាតិបារាំង វ័យ២៥ឆ្នាំរូបនេះដែលមិនអាចជួយក្រុមយកឈ្នះ Southampton កាលពីសប្តាហ៍មុន។
ប៉ុន្តែក្រោយជ័យជម្នះលើក្រុមរហស្សនាមស្កគ្រាប់ ២-០ នៅទឹកដី Goodison Park អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ Mourinho បានវាយបកទៅកាន់ Scholes វិញថា៖«ខ្ញុំគិតថារឿងតែមួយគត់ដែល Paul Scholes ធ្វើគឺរិះគន់។ ខ្ញុំមិនគិតថាគាត់ផ្តល់យោបល់ឲ្យខ្ញុំទេ តែនេះជាការរិះគន់ប៉ុណ្ណោះ។ មិនមែនគ្រប់ៗគ្នាទាំងអស់ត្រូវតែមានភាពអស្ចារ្យដូចជាគាត់ កាលនៅជាកីឡាករនោះទេ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយមិនមានន័យថាយើងទាំងអស់គ្នាត្រូវតែមានភាពអស្ចារ្យដូចគាត់ឡើយ»។
អតីតអ្នកចាត់ការ Real Madrid និង Chelsea បានបន្ថែមថា៖« Pogba បានព្យាយាមធ្វើបានល្អបំផុតស្ទើគ្រប់ការប្រកួត។ ជួនកាលគាត់លេងល្អ ជួនកាលក៏មិនសូវបានល្អហើយវាមិនមែនជាកំហុសរបស់គាត់ទេ តែខុសត្រង់ថាគាត់រកប្រាក់បានច្រើនជាង Paul Scholes ប៉ុណ្ណោះ»៕
Tag:
បាល់ទាត់
រិះគន់
Jose Mourinho
Paul Scholes
Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com