ជាតិ
សេដ្ឋកិច្ច
លោក ប៉ែន សុផល​៖ តំបន់​ទីក្រុង និង​ប្រជុំជន ត្រូវការ​លំនៅឋាន ៥​ម៉ឺន ក្នុង​មួយឆ្នាំ​
02, Jan 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តំបន់​ទីក្រុង និង​ទីប្រជុំជន​នៅ​កម្ពុជា ចន្លោះ​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ ២០៣០ ត្រូវការ​លំនៅឋាន​ប្រមាណ ៨០​ម៉ឺន ដែល​គិត​ជា​មធ្យម​ក្នុង​មួយឆ្នាំ​មាន​ចំនួន ៥​ម៉ឺន​លំនៅឋាន​។ នេះ​បើតាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវ​បានលើកឡើង​ដោយ​លោក ប៉ែន សុផល រដ្ឋលេខាធិការ​នៃ​ក្រសួង​មួយ​នេះ កាលពី​ខែធ្នូ​ឆ្នាំ​២០១៧ នៅក្នុង​ពិធី​បើក​គម្រោង​សាងសង់​ផ្ទះ​បុរី​មួយកន្លែង​នៅ​ភ្នំពេញ​។​



​បើតាម លោក ប៉ែន សុផល ចំនួន​ប្រជាន​ជន​រស់នៅក្នុង​រាជធានី ក្រុង និង​ទីប្រជុំជន​នៅក្នុង​ឆ្នាំ​២០១៤ មាន​ចំនួន​ប្រមាណ ៤,៥​លាន​នាក់ ស្មើ ២៧​ភាគរយ ហើយនឹង​បន្ត​កើនឡើង​ដល់ ៧,៩២​លាន​នាក់ ត្រូវជា ៤៤​ភាគរយ​នៅ​ឆ្នាំ​២០៣០ ។ លោក​បន្ថែមថា ផ្អែក​តាម​ទិន្នន័យ​នេះ ក្នុង​រយៈពេល​១៥​ឆ្នាំ ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០៣០ តម្រូវការ​លំនៅ​ឋានស​ម្រា​ប់​តំបន់​រាជធានី​ភ្នំពេញ ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ ៨០​ម៉ឺន​លំនៅឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ ៥​ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ​។​

​ដើម្បី​ឆ្លើយ​នឹង​កំណើន​ខាងលើនេះ ក្រសួង​កំពុង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការរៀបចំ​ដែនដី ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន ឲ្យ​ស្របតាម​តម្រូវការ​នៃ​ការរីកលូតលាស់​ផ្នែក​នគរូបនីយកម្ម និង​កំណត់​តំបន់​ទិសដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ក្រុង ពង្រីក​ក្រុង តំបន់​ស្នាក់នៅ និង​ជាពិសេស​លំនៅឋាន​តម្លៃ​សមរម្យ​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ែន សុផល ។​

​ការវិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ  បាន​កើនឡើង​ជាង ២២​ភាគរយ ដែលមាន​តម្លៃ​ទឹកប្រាក់​ប៉ានស្មាន​ចំនួន ៦៤២៨ លាន​ដុល្លារ​លើ​គម្រោង ៣០៥២ ធៀប​នឹង ៥២៥៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៦ ៕



Tag:
 អចលនទ្រព្យ​
  លំនៅឋាន​
  ប៉ែន សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com