សេដ្ឋកិច្ច
អន្តរជាតិ
ក្រុមហ៊ុន​សម្លៀកបំពាក់​អ៊ីតាលី​ឈ្នះ​ផ្លូវច្បាប់​លើ Apple ក្នុង​ការប្រើ​ឈ្មោះ «Steve Jobs»
03, Jan 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​អ៊ីតាលី​ដែលមាន​និ​ក្ខិ​ត​សញ្ញា ឬ​ពាណិជ្ជសញ្ញា ថា «Steve Jobs» បាន​ជោគជ័យ​ក្នុងការ​ប្រើប្រាស់​ឈ្មោះ​ស្ថាបនិក iPhone និង​ឡូហ្គោ​យក​លំនាំ​តាម​ក្រុមហ៊ុន Apple​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​Business Insider Italia​។​



​បងប្អូន​ជនជាតិ​អ៊ីតាលី លោក Vincenzo និង Giacomo Barbato បានកត់សម្គាល់​កាលពី​ឆ្នាំ​២០១២​កន្លងមក​ថា មិនទាន់មាន​ក្រុមហ៊ុន​ប្រើប្រាស់​ឈ្មោះ «Steve Jobs» ជា​និ​ក្ខិ​ត​សញ្ញា ឬ​ពាណិជ្ជសញ្ញា (Trademark) របស់ខ្លួន​នៅឡើយ ហេតុដូច្នេះ​ពួកគេ​ក៏​សម្រាប់​ចិត្ត​យកឈ្មោះ​និមិត្តរូប​របស់ខ្លួន​ទៅ​ដាក់​ឲ្យ​ក្រុម​ដែល​ពួកគេ​បង្កើត​ថ្មី​។​



Business Insider របស់​អ៊ីតាលី បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រុមហ៊ុន Apple បាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បងប្អូន​អ៊ីតាលី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ជាពិសេស​ឡូហ្គោ​អក្សរ «J» ដែលមាន​លំនាំ​ដូចជា​ផ្លែ​ប៉ោម​របស់​ក្រុមហ៊ុន Apple​។​

​បើតាម​បងប្អូន​ប្រុស​ទាំងពីរ​រូប​នេះ ចៅក្រម​បានសម្រេច​ថា ឡូហ្គោ​ដែល​ពួកគេ​ប្រើប្រាស់​គឺជា​អក្សរ ដូច្នេះ​វា​មិនអាច​ច្រ​លំ​ថា​ជា​ឡូហ្គោ​របស់​ក្រុមហ៊ុន Apple និង​ជាការ​រំលោភ​កម្មសិទ្ធិបញ្ញា​នោះឡើយ​។ លោក Vincenzo និង លោក Giacomo Barbato បាន​ចុះឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន​នៅ​ការិយាល័យ​កម្មសិទ្ធិបញ្ញា​សហភាព​អឺរ៉ុប កាលពី​ឆ្នាំ​២០១៤ ហើយ​ទើបតែ​ចុះឈ្មោះ​ជាស​កល​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​



​បច្ចុប្បន្ន ក្រុមហ៊ុន Steve Jobs ផលិត​តែ​សម្លៀកបំពាក់​ប៉ុណ្ណោះ ប៉ុន្តែ​យីហោ​ដដែល​នេះ នឹង​ពង្រីក​ទី​ផ្សារលើ​សេវាកម្ម​អេឡិចត្រូនិក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ និង​បង្កើត​ថ្មី​បំផុត​។ ស្ថាបនិក​ពីរ​នាក់​បងប្អូន បាន​លើកឡើងថា​៖ «​យើង​តែងតែ​គោរព​ចំពោះ​ឈ្មោះ Steve Jobs ហើយ​អាជីវកម្ម​របស់​យើង​គ្មានអ្វី​ជាប់​ពាក់ព័ន្ធ​គ្នា​នោះឡើយ​»៕
 

Tag:
 Steve Jobs
  Apple
  ពាណិជ្ជសញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com