ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម ដាស់តឿនកសិករកុំឲ្យងាកតែខ្ចីលុយពីគេ ព្រោះអាចអស់ដីអស់ចម្ការ
× ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងដាស់តឿនប្រជាកសិករកុំឲ្យងាកតែខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកប្រាប់ថា បើគ្រាន់តែយកទុនមកដាំដុះដូចមុន លើផ្ទៃដីដដែល ដោយគ្មានការវិនិយោគអ្វីចាំបាច់នោះទេ កសិករពុំគួរខ្ចីប្រាក់ពីគេនោះទេ ដែលអាចនាំទៅរកការជាប់ក្នុងបំណុល។
សូមស្ដាប់ប្រសាសន៍លោក វេង សាខុន ៖
នៅក្នុងវេទិកាកសិកម្មនៅថ្ងៃទី៣ខែមករានេះ លោក វេង សាខុន មានប្រសាសន៍ថា បើទោះបីអត្រាការប្រាក់ត្រូវបានរដ្ឋាភិបាលកំណត់មិនលើសពី១៨ភាគរយក្នុងមួយឆ្នាំ តែនៅតែជាអត្រាមួយខ្ពស់សម្រាប់កសិករ ដែលពួកគាត់ពិបាកនឹងរកផលចំណេញលើទុនខ្ចីនេះ។ លោកបានលើកឡើងទៀតថា កសិករមិនគួរបណ្ដែតបណ្ដោយលើបញ្ហានេះ ដែលអាចនាំឲ្យពួកគាត់ ជួបជីវភាពលំបាកជាងមុន ឬត្រូវលក់កម្មសិទ្ធិដោះបំណុល។
លើសពីនេះ លោក វេង សាខុន ក៏បានសង្កត់ធ្ងន់លើបញ្ហាដែលការប្រកបរបរកសិកម្មខ្នាតតូច មិនអាចទ្រទ្រង់ជីវភាពរស់នៅរបស់ពលរដ្ឋដូចមុន ក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត ដែលបានរុញច្រានឲ្យកសិករិះរកមធ្យោបាយផ្សេងដើម្បីដោះស្រាយជីវភាព ដូចជា ការធ្វើចំណាកស្រុក ជាដើម។
បើតាមតួលេខកាលពីឆ្នាំ២០១៦ ពលរដ្ឋដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានប្រមាណជិត ២លានគ្រួសារ លើទំហំប្រាក់កម្ចីសរុបជាង ៣ពាន់លានដុល្លារ។ ការខ្ចីប្រាក់នេះបានបង្កើតក្ដីបារម្ភ ដោយអ្នកជំនាញអះអាងថា ការយល់ដឹងពីរឿងបំណុលរបស់ពលរដ្ឋនៅជនបទ មួយចំនួនធំនៅមានកម្រិតទាប ដែលប្រឈមនឹងហានិភ័យខ្ពស់ពីការខ្ចីបុលទាំងនោះ។
ការខ្ចីប្រាក់យកមកប្រកបរបរកសិកម្ម បានចោទជាបញ្ហាសំខាន់មួយនៅកម្ពុជា។ អត្រាការប្រាក់ខ្ពស់ និងបញ្ហាទីផ្សារលក់កសិកផល ត្រូវបានអ្នកជំនាញបង្ហាញក្ដីបារម្ភ និងបានទទូចឲ្យស្ថាប័នពាក់ព័ន្ធខិតខំដោះស្រាយបញ្ហាជូនកសិករ៕
© រក្សាសិទ្ធិដោយ thmeythmey.com