កីឡាអន្តរជាតិ
អន្តរជាតិ
Spurs នឹងធ្វើឲ្យ Kane ក្លាយជា​កីឡាករ​អង់គ្លេស​ដែលមាន​ថ្លៃឈ្នួល​ខ្ពស់បំផុត​
04, Jan 2018 , 4:13 pm        
រូបភាព
​ក្លិប Tottenham Hotspur នឹងធ្វើ​ឲ្យ Harry Kane ក្លាយជា​កីឡាករ​អង់គ្លេស​ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ក្របខណ្ឌ Premier League​។ នេះ​បើតាម​ការផ្សាយ​របស់ SportMail​។



​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស វ័យ​២៤​ឆ្នាំ​រូបនេះ បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ ដោយ​អាច​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស ក្នុងនាម​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ប្រចាំ​រដូវ​កាលពីរ​សម័យកាល​ជាប់​គ្នា​។​

​ដោយសារ​ការវិវត្តន៍​ខ្លួន​បានល្អ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នេះហើយ​ទើប​ក្លិប​មាន់​ខ្នាយ​មាស​កំពុង​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែមទៀត ពោលគឺ​ពី​១១០០០០​ផោន ប្រហែល​ជិត​១៥​ម៉ឺន​ដុល្លារ ទៅ ២​សែន​ផោន ប្រហែល ២​សែន ៧​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ ដើម្បី​អាច​រក្សាទុក​រូបគេ​បន្តទៀត ស្របពេល​កំពុង​មានកា​រ​ចាប់អារម្មណ៍​ពី​បណ្តា​ក្លិប​ធំ​នៅ​តំបន់​អឺរ៉ុប​។​

​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​មានន័យថា Kane នឹង​ក្លាយជា​កីឡាករ​របស់​អង់គ្លេស​ដែល​ទទួល​ប្រាក់​បៀ​វត្ត​ន៍​លើសគេ ជំនួស​តំណែង Raheem Sterling ខ្សែបម្រើ Manchester City ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត ១៨០.០០០ ផោន ប្រហែល​ជាង​២​សែន​៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​

​ថ្លៃ​ពលកម្ម​គោល ១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​របស់ Kane គឺ​ច្រើនជាងគេ​នៅ Spurs ប៉ុន្តែ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣៥​ឯណោះ ក្នុង​បញ្ជី​អ្នក​ដែល​រកប្រាក់​ចំណូល​ខ្ពស់បំផុត​ក្នុង​លី​ក​បច្ចុប្បន្ន ដែលជា​ចំណូល​តិចតួច​បំផុត​បើ​ធៀប​ជាមួយ Paul Pogba ដែល​ទទួលបាន​ពី Manchester United ២៩​ម៉ឺន​ផោន ប្រមាណ ៣៩​ម៉ឺន​ដុល្លារ និង Romelu Lukaku ២៥​ម៉ឺន​ផោន ប្រហែល ៣៤​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​៕





Tag:
 បាល់ទាត់​
  Tottenham Hotspur
  Harry Kane
  Premier League
  ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com