ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បិទ​អង្គការ​ផ្ដល់​ឥណទាន​ជនបទ​ចំនួន​១១
05, Jan 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដកសិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន ១១ ដោយសារ​គ្រឹះស្ថាន​ទាំងនេះ មិន​គោរព​តាមច្បាប់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ នៅ​ថ្ងៃទី​៣​ខែមករា​។​



​ការដក​សិទ្ធិ​អាជីវកម្ម​ពី​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំង​១១​នេះ ត្រូវបាន​តំណាង​ធនាគារជាតិ​អះអាងថា​នឹងមិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ហិរញ្ញវត្ថុ​នោះទេ​។ លោកស្រី ជា សិរី អគ្គនាយិការ​បច្ចេកទេស​ធនាគារជាតិ ដែល​ត្រូវបាន​ស្រង់​សំដី​ដោយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​៤​ខែមករា បាន​ឲ្យ​ដឹងថា​៖«​ការបិទ​ដំណើរការ​គ្រឹះស្ថាន​ទាំង​១១​នេះ នឹង​មិនមាន​ផលប៉ះពាល់​អ្វី​ដល់​ដំណើរការ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នោះទេ ដោយសារ​ប្រតិបត្តិការ​របស់​ពួកគេ​មាន​ទំហំ​តូច​មែនទែន​»​។ ទោះយ៉ាងណា​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​រូបនេះ មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​អំពើ​មិន​ស្របច្បាប់​របស់​គ្រឹះស្ថាន​ទាំងនោះ​ឡើយ​។​

​គ្រឹះស្ថាន​ឥណទាន​ជនបទ​ទាំង​១១​នោះ រួមមាន ១) សមាគមជាតិ​ទ្រទ្រង់​កសិផល ២) វិទ្យាស្ថាន​សន្តិភាព​និង​អភិវឌ្ឍន៍​, ៣) អង្គការ​លូ​ថេ​រ៉េ​ន​បម្រើ​ពិភពលោក (​អង្គការ​ជីវិត​ថ្លៃថ្នូរ​) ៤) អង្គការ​អភិវឌ្ឍន៍ជនបទ​ខ្មែរ ៥) ស៊ី​ខេ​អឹម​អេ​ហ្វ​ជី ៦) អង្គការ​សប្បុរស ៧) អង្គការ​ទ្រទ្រង់​សមាគម​បង្កើន​ការអភិវឌ្ឍន៍ ៨) អង្គការ​ជោគជ័យ ៩) អង្គការ​ឥណទាន​កម្ពុជា (​អាយ​ខេ​ហ្វា​យ​នែ​ន​) ១០) អង្គការ​ច័ន្ទ​សុខសាន្ត ១១) សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍ ៕


Tag:
 ឥណទាន​
© រក្សាសិទ្ធិដោយ thmeythmey.com