ជាតិ
វិចិត្រសាល​ល្អ​ឯក​នៅ​សារមន្ទីរ​ជាតិ​អង្គរ​មាន​តម្កល់​រូប​បដិមា​ជិត​មួយ​ពាន់​អង្គ​
05, Jan 2018 , 2:21 pm        
រូបភាព
​សៀមរាប​៖ មហាជន​ជាច្រើន​ស្គាល់​ជាទូទៅ​នៃ​សារមន្ទីរ​ជាតិ នៅ​រាជធានី​ភ្នំពេញ​។ ចំណែក​នៅ​សៀមរាប មាន​សារមន្ទីរ​មួយ​ឈ្មោះថា សារមន្ទីរ​អង្គរ ដែល​វត្ថុ​បុរាណ និង​រូប​បដិមា​ជាច្រើន ត្រូវបានធ្វើ​សមុច្ច័យ​ពី​សារមន្ទីរ​ជាតិ និង​មួយផ្នែក​ទៀត បាន​ពី​អភិរក្ស​ដ្ឋា​ន​អង្គរ​។​



​សាធារណជន និង​ភ្ញៀវទេសចរ អាច​ឃើញ​បន្ទប់​តម្កល់​រូប​បដិមា​មួយ​យ៉ាង​ធំ ដែល​នៅ​ខ្លោងទ្វារ​មាន​សរសេរ​ឈ្មោះថា «​វិចិត្រសាល​ល្អ​ឯកៈ ព្រះពុទ្ធ​បដិមា ១០០០​អង្គ​»​។ បន្ទប់​នេះ គឺជា​ផ្នែក​មួយ​នៃ​សារមន្ទីរ​ជាតិ​អង្គរ​។​

​ទោះជា​មានឈ្មោះ ព្រះពុទ្ធ​បដិមា ១០០០​អង្គ ក៏ពិតមែន តែ​ជាក់ស្តែង​ក្នុង​បន្ទប់​នេះ មាន​បដិមា​មិន​ដល់ ១០០០​អង្គ​ទេ​។ ពាក្យ​១០០០ ខ្មែរ​ច្រើន​ប្រើ​សំដៅលើ​របស់​ច្រើន ខ្ទង់ពាន់ តួយ៉ាង ដូច​លិង្គ​មួយ​ពាន់ នៅ​ភ្នំ​គូ​លេន និង​ថែវ​ព្រះ​ពាន់​អង្គ​នៅ​ប្រាសាទអង្គរវត្ត​ជាដើម​។ តាមពិត វា​មាន​ចំនួន​ច្រើនជាង​ពាន់​ទៀត​ឯណោះ​។ នេះ​បើតាម​ការពន្យល់​ពី​លោក សេង ​កុម្ភៈ ប្រធាន​ផ្នែក​ថែរក្សា​សមុច្ច័យ និង​ទំនាក់ទំនង​សាធារណៈ នៃ​សារមន្ទីរ​ជាតិ​អង្គរ​។​



​លោក ​កុម្ភៈ​បន្ថែមថា ក្នុង​វិចិត្រសាល​ពុទ្ធបដិមា ១០០០​អង្គ ប្រមូលផ្តុំ​ដោយ​ព្រះពុទ្ធ​បដិមា​ជាច្រើន ទាំង​មហាយាន និង​ហិន​យាន ខ្លះ​ធ្វើ​ពី​ថ្មភក់ លោហៈ និង​ខ្លះ​ធ្វើ​ពី​ឈើ ដែលមាន​អាយុកាល​ចាប់​ពីស​.​វ​ទី​៦ ដល់​ស​.​វ​ទី​១៨​។​

​ចំណុច​សំខាន់​នៃ​បន្ទប់​វិចិត្រសាល​នេះ គឺ​វា​ចង់បង្ហាញ​អំពី​ព្រះពុទ្ធសាសនា​នៅ​ស្រុក​ខ្មែរ ដែលមាន​ទាំង​ហិន​យាន និង​មហាយាន​។ គេ​អាចមក​សិក្សា​ពី​រូប​ទាំងនេះ​បាន មាន​គ្រប់ ទម្រង់ ដែលមាន​ទាំង​ថ្ម លោហៈ និង​ឈើ​។ ភ្ញៀវទេសចរ តែង​ចំណាយ​ពេលច្រើន​នៅក្នុង​បន្ទប់ ដែល​ដាក់តាំង​ពុទ្ធបដិមា​តូច​-​ធំ​នេះ​៕
















Tag:
 ​សារមន្ទីរ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com