ជាតិ
សេដ្ឋកិច្ច
កម្ពុជានឹងធ្វើឲ្យ «គុយទាវ» ក្លាយពាណិជ្ជសញ្ញាល្បីឈ្មោះដូច «ហ្វឺរ» «បុកល្ហុងថៃ» ឬ «ឡាកសារ»
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម គ្រោងយកឈ្មោះ«គុយទាវ» ដែលជាអាហារពេលព្រឹករបស់ប្រជាពលរដ្ឋទូទៅ ចុះបញ្ជីពាណិជ្ជសញ្ញា (Trademark) ផ្លូវការ សម្រាប់សម្គាល់ជាសាធារណៈ នៅខែមីនាខាងមុខនេះ។
ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម លោក អុប រ៉ាឌី បាននិយាយប្រាប់កាសែត Khmer Times ថា ក្រសួងកំពុងរៀបចំដំណើរការវិវឌ្ឍនៃការផ្សព្វផ្សាយ អំពីនិមិត្តសញ្ញាគុយទាវ ដើម្បីឲ្យមានការទទួលស្គាល់ជាផ្លូវការ កាន់តែខ្លាំងថែមទៀត។ លោកអះអាងថា ក្រសួងគ្រោងចុះឈ្មោះពាណិជ្ជសញ្ញា «គុយទាវ» ដើម្បីឲ្យមានភាពល្បី ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។
ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញារូបនេះ បាននិយាយថា៖«យើងគ្រោងផ្សព្វផ្សាយម៉ាកសញ្ញា និងចុះពាណិជ្ជសញ្ញានេះ នៅថ្ងៃទី៨ មីនា ខាងមុខនេះ។ យើងឃើញថា វាជាវិធីមួយដ៏ល្អ ក្នុងលើកកម្ពស់ប្រជាប្រិយភាពចំណីអាហារខ្មែរ ហើយវាក៏អាចទាក់ទាញភ្ញៀវទេសចរបន្ថែមមកប្រទេសកម្ពុជាផងដែរ។ នៅពេលនេះយើងកំពុងសិក្សានិងពិគ្រោះយោបល់ជាមួយអ្នកជំនាញចំណីអាហារ និងកំពុងរៀបចំសៀវភៅមុខម្ហូបជាផ្លូវការផងដែរ»។
លោក អុប រ៉ាឌី បានបន្ថែមថា ក្រសួងនឹងសហការជាមួយសមាគមទេសចរកម្ពុជា ក៏ដូចជាទាក់ទងជាមួយម្ចាស់ភោជនីយដ្ឋានក្នុងទីក្រុង។ បើតាមលោក រ៉ាឌី ក្រសួងនឹងបង្កើតសមាគមគុយទាវភ្នំពេញ ដើម្បីរៀបចំស្ដង់ដារធ្វើម្ហូបអាហារ និងផ្សព្វផ្សាយពីម្ហូបខ្មែរ ដែលចុះពាណិជសញ្ញា។«ជាលើកទីមួយ ដែលយើង គ្រោងចុះឈ្មោះចំណីអាហារខ្មែរ ចូលពាណិជ្ជសញ្ញា។ ហើយអ្នកលក់អាហារគុយទាវនៅតាមអគារ និងទីតាំងផ្សេងទៀត នឹងត្រូវចុះឈ្មោះក្នុងក្រសួង និងចំណីអាហារទៅតាមមុខម្ហូបផ្លូវការរបស់ក្រសួង»។ នេះជាការបញ្ជាក់របស់លោក អុប រ៉ាឌី ដែលបានបន្ថែមថា ឈ្មោះគុយទាវភ្នំពេញ នឹងជាប់លំដាប់ឈ្មោះល្បីនៅលើពិភពលោក ដូចជា ស៊ុបវៀតណាម «ហ្វឺរ»(pho) , បុកល្ហុងថៃ (Som Tam) និង «ឡាកសារ» (Laksa) របស់សិង្ហបុរីជាដើម៕
Tag:
ពាណិជ្ជកម្ម
គុយទាវ
© រក្សាសិទ្ធិដោយ thmeythmey.com