កីឡាអន្តរជាតិ
អន្តរជាតិ
Wenger អាច​រង​ពិន័យ​ពី FA ក្រោយ​រិះគន់​អាជ្ញាកណ្តាល​ថា​កាត់ក្តី​លម្អៀង​
05, Jan 2018 , 5:16 pm        
រូបភាព
 
Arsene Wenger អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal ប្រឈមមុខ​នឹង​ការដាក់វិន័យ​បន្ថែមទៀត​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បន្ទាប់ពី​រិះគន់​ផ្ទួនៗ​លើក​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​ដែល​ពិន័យ​កូនក្រុម​លោក​ក្នុងការ​ប្រកួត​កន្លងមក​។​


BBC បាន​ផ្សាយ​ថា មុន​ការប្រកួត​ស្មើ ២-២ រវាង Chelsea និង Arsenal ក្នុង​ក្របខណ្ឌ Premier League កាលពី​រាត្រី​ថ្ងៃទី​៣ ខែមករា លោក Arsene Wenger បាន​រិះគន់​លើ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​កណ្តាល​លោក Mike Dean ដែល​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ទៅ​ឲ្យ​គូប្រជែង ថា​មាន​ភាព​ចំឡែក​។​
 
​លោក​អះអាងថា​៖«​ប្រសិនបើ​យើង​ពិនិត្យមើល​ម្តងទៀត​យើង​នឹង​ដឹងថា​វា​មិនមែន​ជាការ​ចៃដន្យ​ទេ​សម្រាប់​អាជ្ញាកណ្តាល តែ​ជា​រឿង​ចៃដន្យ​សម្រាប់​ខ្ញុំ​»​។​
 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៦៨​ឆ្នាំ​រូបនេះ ត្រូវបាន​ចោទប្រកាន់​ពី FA ក្រោម​បទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ក្រោយ​រិះគន់​ការពិន័យ​បាល់​ប៉េ​ណា​ល់​ទី​នៅ​ចុង​ម៉ោង​ក្នុងការ​ប្រកួត​ដែល West Brom ស្មើ ១-១ ជាមួយ Arsenal កាលពី​ថ្ងៃទី ៣១ ខែធ្នូ ដែល​បង្កើត​កំហុស​ដោយ​ខ្សែការពារ Calum Chambers​។​
 
​បន្ទាប់មកទៀត Wenger ក៏បាន​បន្ត​រិះគន់​អាជ្ញាកណ្តាល​បន្ថែមទៀត ដែល​ផ្តល់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ឲ្យ Eden Hazard ក្រោយ Hector Bellerin ធ្វើ​ឲ្យ​មាន​កំហុស ក្នុងការ​ប្រកួត​ដែល Arsenal ស្មើ ២-២ ជាមួយ Chelsea។
 
​លោក Wenger មាន​ពេល​រហូតដល់​ថ្ងៃទី​៩ ខែមករា​ដើម្បី​ឆ្លើយ​តមនឹង​ការចោទប្រកាន់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​ជុំវិញ​ការរិះគន់​របស់លោក​ទៅលើ​អាជ្ញាកណ្តាល​នេះ​៕
 

Tag:
 បាល់ទាត់​
  Arsene Wenger
  FA
© រក្សាសិទ្ធិដោយ thmeythmey.com