បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វីបានជាទំនិញនៅកម្ពុជា ហាក់មានតម្លៃថ្លៃជាងប្រទេសមានចំណូលខ្ពស់?
× ភ្នំពេញ៖ នៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់ តម្លៃទំនិញ-សេវាកម្មមួយចំនួន រត់តាមតួលេខប្រាក់ខែ។ ប៉ុន្តែមិនដូច្នេះទាំងអស់នោះទេ ផលិតផលមួយចំនួនផ្សេងទៀតបែរជាថោកជាងប្រទេសដែលមានចំណូលទាប ឬប្រាក់ខែតិចទៅវិញ។ តើអ្នកជំនាញសេដ្ឋកិច្ច ពន្យល់ដូចម្ដេចត្រង់ចំណុចនេះ?
សូមស្ដាប់ការបកស្រាយរបស់លោកបណ្ឌិតសេដ្ឋកិច្ច តេង ដឺលុច ខាងក្រោមនេះ៖
ប្រាក់ខែខ្ពស់ ឬទាប គឺដោយសារការផលិត។ ប្រទេសផលិតស្មាតហ្វូន រកប្រាក់ចំណូលខ្ពស់ជាងខ្លាំង ប្រទេសផលិតស្រូវ ផលិតទំនិញកាត់ដេរ។ បើតាមលោក តេង ដឺលុច សមត្ថភាពឯកទេសជំនាញ បានធ្វើឲ្យមានគម្លាតគ្នានៃប្រាក់ចំណូលនេះ។
ប្រាក់ខែខ្ពស់ តែក៏ត្រូវទិញផលិតផលតម្លៃខ្ពស់ផងដែរ។ ឧទាហរណ៍ថា គេត្រូវចំណាយដល់ទៅដប់ម្ភៃដុល្លារ ដើម្បីបានបរិភោគគុយទាវមួយចាននៅប្រទេសអ្នកមាន តែនៅកម្ពុជាគេអាចចំណាយប្រហែល ៦ពាន់រៀលលើទំនិញនេះ។ បានសេចក្ដីថា ប្រាក់ខែខ្ពស់គ្មានន័យ ឬយ៉ាងដូចម្ដេច បើគេត្រូវចំណាយលើទំនិញខ្ពស់ដែរ?។ លោក តេង ដឺលុច បានបកស្រាយថា មិនមែនប្រទេសគេប្រាក់ខែខ្ពស់ ត្រូវចំណាយខ្ពស់លើទំនិញទាំងអស់នោះទេ។
ទំនិញមួយចំនួន ដូចជា ប្រេង រថយន្ត ស្មាតហ្វូន ជាដើមគឺថោកជាងនៅកម្ពុជា ព្រោះប្រទេសគេជាអ្នកផលិតវត្ថុទាំងនេះ។ បានសេចក្ដីថា ប្រជាជននៃប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ខែខ្ពស់រាប់ពាន់ដុល្លារ ត្រូវចំណាយតិចជាងប្រជាជនកម្ពុជាដែលមានប្រាក់ខែខ្ទង់រយដុល្លារទៅវិញ។ ទំនិញនាំចូលនៅកម្ពុជាខ្លះ ថ្លៃជាងប្រទេសផលិតដល់ទៅតម្លៃទ្វេដង ព្រោះតែកម្រៃពន្ធនាំចូល និងប្រាក់ចំណេញរបស់អ្នកជំនួញ។
ទាក់ទងនឹងទំនិញ-សេវា នៅប្រទេសអ្នកមាន ដែលថ្លៃជាងនៅកម្ពុជា។ ឧទាហរណ៍ គុយទាវ។ លោកសាស្រា្តចារ្យសេដ្ឋកិច្ចរូបនេះ ពន្យល់ថា បើគិតពីវត្ថុធាតុដើម ដូចជា សាច់ បន្លែ ជាអាទិ៍ គឺតម្លៃថោកជាងនៅកម្ពុជា ព្រោះគេផលិត និងកែច្នៃបានដោយខ្លួនឯង។ ប៉ុន្តែកត្តាពន្ធអាករ ឈ្នួលទីតាំងហាង កម្រៃពលកម្មបុគ្គលិកជាដើម ដែលមានតម្លៃខ្ពស់ ទើបធ្វើឲ្យគុយទាវថ្លៃទៅតាមនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com