បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​បានជា​ទំនិញ​នៅ​កម្ពុជា ហាក់​មានតម្លៃ​ថ្លៃ​ជាង​ប្រទេស​មាន​ចំណូល​ខ្ពស់​?
07, Jan 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ តម្លៃ​ទំនិញ​-​សេវាកម្ម​មួយចំនួន រត់តាម​តួលេខ​ប្រាក់ខែ​។ ប៉ុន្តែ​មិន​ដូច្នេះ​ទាំងអស់​នោះទេ ផលិតផល​មួយចំនួន​ផ្សេងទៀត​បែរជា​ថោក​ជាង​ប្រទេស​ដែលមាន​ចំណូល​ទាប ឬ​ប្រាក់ខែ​តិច​ទៅវិញ​។ តើ​អ្នកជំនាញ​សេដ្ឋកិច្ច ពន្យល់​ដូចម្ដេច​ត្រង់ចំណុច​នេះ​?


​សូម​ស្ដាប់​ការបកស្រាយ​របស់លោក​បណ្ឌិត​សេដ្ឋកិច្ច តេង ដឺ​លុច ខាងក្រោម​នេះ​៖






​ប្រាក់ខែ​ខ្ពស់ ឬ​ទាប គឺ​ដោយសារ​ការផលិត​។ ប្រទេស​ផលិត​ស្មា​ត​ហ្វូ​ន រកប្រាក់​ចំណូល​ខ្ពស់ជាង​ខ្លាំង ប្រទេស​ផលិត​ស្រូវ ផលិត​ទំនិញ​កាត់ដេរ​។ បើតាម​លោក តេង ដឺ​លុច សមត្ថភាព​ឯកទេស​ជំនាញ បានធ្វើ​ឲ្យ​មាន​គម្លាត​គ្នា​នៃ​ប្រាក់ចំណូល​នេះ​។​
 
​ប្រាក់ខែ​ខ្ពស់ តែ​ក៏ត្រូវ​ទិញ​ផលិតផល​តម្លៃ​ខ្ពស់​ផងដែរ​។ ឧទាហរណ៍​ថា គេ​ត្រូវ​ចំណាយ​ដល់​ទៅ​ដប់​ម្ភៃ​ដុល្លារ ដើម្បី​បាន​បរិភោគ​គុយទាវ​មួយ​ចាន​នៅ​ប្រទេស​អ្នកមាន តែ​នៅ​កម្ពុជា​គេ​អាច​ចំណាយ​ប្រហែល ៦​ពាន់​រៀល​លើ​ទំនិញ​នេះ​។ បានសេចក្ដីថា ប្រាក់ខែ​ខ្ពស់​គ្មាន​ន័យ ឬ​យ៉ាងដូចម្ដេច បើ​គេ​ត្រូវ​ចំណាយ​លើ​ទំនិញ​ខ្ពស់​ដែរ​?​។ លោក តេង ដឺ​លុច បាន​បកស្រាយ​ថា មិនមែន​ប្រទេស​គេ​ប្រាក់ខែ​ខ្ពស់ ត្រូវ​ចំណាយ​ខ្ពស់​លើ​ទំនិញ​ទាំងអស់​នោះទេ​។​
 
​ទំនិញ​មួយចំនួន ដូចជា ប្រេង រថយន្ត ស្មា​ត​ហ្វូ​ន ជាដើម​គឺ​ថោក​ជាង​នៅ​កម្ពុជា ព្រោះ​ប្រទេស​គេ​ជា​អ្នក​ផលិត​វត្ថុ​ទាំងនេះ​។ បានសេចក្ដីថា ប្រជាជន​នៃ​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​ប្រាក់ខែ​ខ្ពស់​រាប់ពាន់​ដុល្លារ ត្រូវ​ចំណាយ​តិចជាង​ប្រជាជន​កម្ពុជា​ដែលមាន​ប្រាក់ខែ​ខ្ទង់រយ​ដុល្លារ​ទៅវិញ​។ ទំនិញ​នាំចូល​នៅ​កម្ពុជា​ខ្លះ ថ្លៃ​ជាង​ប្រទេស​ផលិត​ដល់​ទៅ​តម្លៃ​ទ្វេដង ព្រោះតែ​កម្រៃ​ពន្ធ​នាំចូល និង​ប្រាក់ចំណេញ​របស់​អ្នកជំនួញ​។​
 
​ទាក់ទង​នឹង​ទំនិញ​-​សេវា នៅ​ប្រទេស​អ្នកមាន ដែល​ថ្លៃ​ជាង​នៅ​កម្ពុជា​។ ឧទាហរណ៍ គុយទាវ​។ លោក​សា​ស្រា្ត​ចា​រ្យ​សេដ្ឋកិច្ច​រូបនេះ ពន្យល់ថា  បើ​គិតពី​វត្ថុធាតុដើម ដូចជា សាច់ បន្លែ ជាអាទិ៍ គឺ​តម្លៃថោក​ជាង​នៅ​កម្ពុជា ព្រោះ​គេ​ផលិត និង​កែច្នៃ​បាន​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​កត្តា​ពន្ធអាករ ឈ្នួល​ទីតាំង​ហាង កម្រៃ​ពលកម្ម​បុគ្គលិក​ជាដើម ដែលមាន​តម្លៃ​ខ្ពស់ ទើប​ធ្វើ​ឲ្យ​គុយទាវ​ថ្លៃ​ទៅតាម​នោះ​៕ 
 

Tag:
 តេង ដឺ​លុច​
© រក្សាសិទ្ធិដោយ thmeythmey.com