កីឡាអន្តរជាតិ
អន្តរជាតិ
ជាមួយ​តម្លៃ​ផ្ទេរ​១៩២​លាន​ដុល្លារ Coutinho នឹង​បាន​តម្លៃ​ខ្លួន​ផ្តាច់​កិច្ចសន្យា​ដល់​ទៅ​៤៨១​លាន​ដុល្លារ​
08, Jan 2018 , 12:15 pm        
រូបភាព
Philippe Coutinho បាន​ផ្លាស់​ពី Liverpool ទៅ​ចូលរួម​ជាមួយ FC Barcelona នៅ​ថ្ងៃអាទិត្យ​ទី ៧ ខែមករា ក្នុងតម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ១៤២​លាន​ផោន ប្រហែល ១៩២​លាន​ដុល្លារ​អាមេរិក​។ ក្រោយ​ផ្លាស់​មកកាន់​ទឹកដី Nou Camp ជា​ផ្លូវការ ក្លិប​រហស្សនាម​អ្នក​មានបុណ្យ​បានប្រកាស​តម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា «buyout clause» ៣៥៥​លាន​ផោន ប្រមាណ ៤៨១​លាន​ដុល្លារ​ឲ្យ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប្រេ​ស៊ី​ល​នេះ​។​



​ខ្សែប្រយុទ្ធ​វ័យ ២៥​ឆ្នាំ Coutinho បាន​ចុះហត្ថលេខា​ស្នាក់នៅ​ជាមួយ​ក្លិប​យ​ក្យ​របស់​អេ​ស្ប៉ា​ញ​លើ​កិច្ចសន្យា​រយៈពេល ៥​ឆ្នាំ កន្លះ ជាមួយ​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​លើ​លោក​ទី​២​បន្ទាប់ពី​មិត្ត​រួម​ជាតិ Neymar ដែល​បាន​ចាក​ចេញពី Barcelona ទៅ Paris St Germain តម្លៃ ២០០​លាន​ផោន ប្រហែល ២៧១​លាន​ដុល្លារ​កាលពី​ដើមរដូវ​កាល​នេះ​។​

​អតីត​សមាជិក​ក្រុម Inter Milan បាន​និយាយថា​ការផ្លាស់​ទៅកាន់ Barcelona គឺជា «​ក្តី​សុ​បិ​ន្ត​ក្លាយជា​ការពិត​»​។​

«​សួស្តី​អ្នកគាំទ្រ Barca ខ្ញុំ​ត្រៀមខ្លួន​រួចហើយ​នៅទីនេះ វា​ជា​ក្តី​សុ​បិ​ន្ត​ក្លាយជា​ការពិត ហើយ​ខ្ញុំ​ស​ង្ឍឹ​ម​ថា​យើង​នឹង​ជួបគ្នា​នៅ​ថ្ងៃស្អែក​»​។ Coutinho បាន​បង្ហោះ​សារ​វីដេអូ​បែបនេះ​នៅលើ​បណ្តាញ​សង្គម Twitter របស់គេ​មុន​បង្ហាញ​ខ្លួ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែមករា​នេះ​។​

​រូបគេ​បាន​បន្ថែមថា​ពិតជា​រំភើប​ដែល​បាន​លេង​រួម​ក្រុម​ជាមួយ​កីឡាករ​ល្បីៗ​ដូចជា Lionel Messi, Luis Suarez, Andres Iniesta, Gerard Pique និង Sergio Busquets ជាដើម ដើម្បី​អាច​រៀនសូត្រ​ពី​ពួកគេ ហើយ​អាច​ឈ្នះ​ពាន​ធំៗ​ជាមួយគ្នា​នៅទីនេះ​៕




Tag:
 បាល់ទាត់​
  Philippe Coutinho
  Barcelona
  buyout clause
© រក្សាសិទ្ធិដោយ thmeythmey.com