កីឡាជាតិ
ជាតិ
​ទ័ព​យក​ជំនួប​មិត្តភាព​ជាមួយ Terengganu F.C. ដើម្បី​មើល​សមត្ថភាព​កីឡាករ​ថ្មីៗ​
08, Jan 2018 , 4:23 pm        
រូបភាព
ប៊ិន ធារី កំពុងលេងឲ្យក្រុម Terengganu F.C.
ប៊ិន ធារី កំពុងលេងឲ្យក្រុម Terengganu F.C.
ដោយ:
​ក្រុម​ជើងឯក​រង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ក្រសួងការពារជាតិ​(​ទ័ព​)​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​ថ្មី​របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន Terengganu F.C.  របស់​ម៉ាឡេស៊ី​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៨ មករា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទ័ព​នឹង​ប្រើ​ជំនួប​នេះ ធ្វើតេស្ត​សមត្ថភាព​កីឡាករ​បរទេស និង​កម្ពុជា​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​។​



​ជាការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨​ក៏ពិតមែន​។ តែ​ក្រុម​ទ័ព​នឹង​យក​ការប្រកួត​តទល់​ជាមួយ​ក្រុម​ម៉ាឡេស៊ី Terengganu F.C.  ដែលជា​ទ្រនំ​ថ្មី​របស់​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ល្ងាច​នេះ ដើម្បី​តេស្ត​សមត្ថភាព​កីឡាករ​បរទេស​៨​រូប និង​កម្ពុជា​៣​រូប​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨ ផងដែរ​។​

«​យើង​កំពុង​ធ្វើតេស្ត​កីឡាករ​ខ្មែរ​៣​នាក់ កូរ៉េខាងត្បូង​៦​នាក់ និង​ជប៉ុន​២​នាក់​។ ការប្រកួត​ល្ងាច​នេះ​ជា​តេស្ត​លើកចុងក្រោយ ដើម្បី​សម្រេចយក​កីឡាករ​បរទេស​៥​នាក់​ដាក់​ឲ្យ​លេង​នៅ​លី​ក​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​។ ចំណែក​កីឡាករ​ខ្មែរ​ទាំង​៣​នាក់ យើង​ដឹង​តែ​យក​ហើយ ព្រោះ​ពួកគេ​ជា​យុវជន​របស់​ក្រុម​ទ័ព​ស្រាប់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទេព ឡុង​រចនា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ​។​

​ក្រុម​ក្រសួងការពារជាតិ​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ទ្រនំ​ថ្មី​របស់​ខ្សែបម្រើ​កូនកាត់​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន Terengganu F.C.  នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នេះ​។ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ក្រុម​ម៉ាឡេស៊ី​មួយ​នេះ​បាន​យកឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ១-០​។

​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ ជាការ​ប្រកួត​ដើម្បី​ដកស្រង់​បច្ចេកទេស​សម្រាប់​ត្រៀម​មុន​បើក​រដូវ​កាល​ថ្មី​រៀងៗ​ខ្លួន​។ ការប្រកួត​នេះ​ធ្វើឡើង​រវាង​ក្រុម​កម្ពុជា​ចំនួន​៣​ក្រុម​រួមមាន​ក្រសួងការពារជាតិ​, ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ជាមួយ​ក្រុម​ពីរ​មកពី​ប្រទេស​ម៉ាឡេស៊ី​គឺ Negeri Sembilan FA និង Terengganu F.C.  ។      

​ជា​លទ្ធផល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ចាញ់​ក្រុម Terengganu F.C.  ១-០ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​ចាញ់​ក្រុម Negeri Sembilan FA ៣-០​។ ចំណែក​ក្រុម​ក្រសួងការពារជាតិ​បានបញ្ចប់​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម Negeri Sembilan នា​ជំនួប​លើក​ទី​១​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​៕


Tag:
 បាល់ទាត់​
  ធា​រី ចន្ថា​ប៊ី​ន​
  ទ័ព​
  ពេ​ទ ឡុង​រចនា
© រក្សាសិទ្ធិដោយ thmeythmey.com