«Tank You»៖ Startup នៅ​បារាំង ផ្តល់​សេវាកម្ម​ដឹក​សាំង​ទៅ​ចាក់​ជូន​អតិថិជន​

រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
«Tank You»៖ Startup នៅ​បារាំង ផ្តល់​សេវាកម្ម​ដឹក​សាំង​ទៅ​ចាក់​ជូន​អតិថិជន​
08, Jan 2018 , 8:39 pm         3197
រូបភាព
ដោយ: ធីតា
«Tank You» ជា​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី [Startup] មួយ​នៅ​បារាំង ដែល​ផ្តល់​សេវាកម្ម​ដឹក​សាំង​ជូន​ដល់​អតិថិជន ខណៈដែល​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅតាម​ក្រុង​ធំៗ កំពុងតែ​បាត់​ខ្លួន​បន្តិច​ម្តងៗ ដោយសារ​គម្រោង​ដាក់​ដំណើរការ​រថយន្ត​អគ្គិសនី​។​



​ដំណើរការ​រួចហើយ​នៅ​ក្រុងប៉ារីស និង​ក្រុង Lille ស្ថានីយប្រេងឥន្ធនៈ​ចល័ត «Tank You» នឹង​ពង្រីក​សេវាកម្ម​របស់ខ្លួន​បន្ត​ទៀត​ទៅកាន់​ទីក្រុង​លី​យ៉ុង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Le Figaro​។ ក្រុមហ៊ុន​មួយ​នេះ ត្រូវបាន​បង្កើត​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​រថយន្ត ជាពិសេស​ភ្នាក់ងារ​ផ្នែក​ដឹកជញ្ជូន ដែលមាន​ការពិបាក​ក្នុងការ​ស្វែងរក​ស្ថានីយ​ចាក់​សាំង​។​

​សម្រាប់​អ្នក​ដែល​ចង់​ប្រើប្រាស់​សេវាកម្ម «Tank You» ពួកគេ​គ្រាន់តែ​ចូលទៅ​កាន់​វ៉ិ​ប​សាយ​របស់ Startup មួយ​នេះ ហើយ​បញ្ជាក់​ពី​បរិមាណ​សាំង ទីតាំង និង​ពេលវេលា ដែល​ខ្លួន​ចង់បាន​។ អតិថិជន​អាច​បង់លុយ​នៅលើ​វ៉ិ​ប​សាយ ហើយ​នាពេលខាងមុខ ក្រុមហ៊ុន​នឹង​បង្កើត Application ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ស្វែងរក​ព័ត៌មាន​ផ្សេងៗ​។​

​លោក Ashley Poniatowski អាយុ​៣០​ឆ្នាំ ដែលជា​សហ​ស្ថាបនិក​ម្នាក់​ក្នុងចំណោម​៣​នាក់​របស់​ក្រុមហ៊ុន Tank You បាន​រៀបរាប់​ប្រាប់ Le Figaro ថា គំនិត​នេះ បានចាប់ផ្តើម​តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦ ប៉ុន្តែ​ទើប​ដំណើរការបាន​ស្រួលបួល​ចាប់ពី​ខែមីនា ឆ្នាំ​២០១៧ ។

​លោក​ទទួលស្គាល់ថា អាជីវកម្ម​នេះ​មិន​ងាយស្រួល​នោះឡើយ ប៉ុន្តែ​ចាប់តាំងពី​ការថយចុះ​ស្ថានីយ​ចាក់​សាំង​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​សេវាកម្ម​របស់ Tank You កាន់តែ​ទៅមុខ ដោយ​ទុនវិនិយោគ​បាន​ឡើង​ទៅដល់​រហូត​១​លាន​អឺរ៉ូ កាលពី​ខែកក្កដា កន្លងមក​។​

​បច្ចុប្បន្ន Startup មួយ​នេះ មាន​រថយន្ត​បម្រើសេវា​កម្ម​ចំនួន​៧​គ្រឿង (៥​នៅ​ប៉ារីស និង​២​នៅ Lille) និង​បុគ្គលិក​សរុប​១២​នាក់​។ បន្ទាប់មក ក្រុមហ៊ុន​នឹង​ពង្រីក​សេវាកម្ម​ដល់​ក្រុង​លី​យ៉ុង​នៅ​ខែមីនា ឆ្នាំ​២០១៨ មុន​បន្ត​ដល់​ក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក និង​ឆ្ពោះទៅកាន់​ប្រទេស​អ៊ីតាលី​។​

​នៅ​បារាំង ស្ថានីយ​ចាក់​សាំង​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន​នៅ​ប៉ារីស មានតែ​ជាង​១០០​ប៉ុណ្ណោះ ខណៈ​កាលពី​អំឡុង​ឆ្នាំ​១៩៩៥ មាន​ដល់​ទៅ​ជាង​៣០០​កន្លែង​។

«Tank You» កាត់​តម្លៃ​សេវាកម្ម​ទៅតាម​ចំនួន​លីត្រ​។ បើ​គិត​ចាប់តាំងពី​ខែ​មិនា ឆ្នាំ​២០១៧ មក ក្រុមហ៊ុន​មួយ​នេះ មាន​អតិថិជន​ប្រមាណ​៣០០​នាក់ ដោយបាន​ដឹក​សាំង​ចេញ​ចន្លោះ​ពី​៣០ ទៅ​៣៥​ម៉ឺន​លីត្រ​។ នៅ​ឆ្នាំ​២០១៨ ពួកគេ​គ្រោង​ផ្គត់ផ្គង់​ឲ្យ​បាន​ប្រមាណ​២.៥​លាន​លីត្រ ដោយ​តួលេខ​វិនិយោគ​អាច​កើន​ដល់​៣​លាន​អឺរ៉ូ​៕


'
Tag:
 Startup
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1920next