រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
«Tank You»៖ Startup នៅបារាំង ផ្តល់សេវាកម្មដឹកសាំងទៅចាក់ជូនអតិថិជន
× «Tank You» ជាក្រុមហ៊ុនដែលទើបបង្កើតថ្មី [Startup] មួយនៅបារាំង ដែលផ្តល់សេវាកម្មដឹកសាំងជូនដល់អតិថិជន ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈនៅតាមក្រុងធំៗ កំពុងតែបាត់ខ្លួនបន្តិចម្តងៗ ដោយសារគម្រោងដាក់ដំណើរការរថយន្តអគ្គិសនី។
ដំណើរការរួចហើយនៅក្រុងប៉ារីស និងក្រុង Lille ស្ថានីយប្រេងឥន្ធនៈចល័ត «Tank You» នឹងពង្រីកសេវាកម្មរបស់ខ្លួនបន្តទៀតទៅកាន់ទីក្រុងលីយ៉ុង។ នេះបើតាមការផ្សាយរបស់កាសែត Le Figaro។ ក្រុមហ៊ុនមួយនេះ ត្រូវបានបង្កើតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់រថយន្ត ជាពិសេសភ្នាក់ងារផ្នែកដឹកជញ្ជូន ដែលមានការពិបាកក្នុងការស្វែងរកស្ថានីយចាក់សាំង។
សម្រាប់អ្នកដែលចង់ប្រើប្រាស់សេវាកម្ម «Tank You» ពួកគេគ្រាន់តែចូលទៅកាន់វ៉ិបសាយរបស់ Startup មួយនេះ ហើយបញ្ជាក់ពីបរិមាណសាំង ទីតាំង និងពេលវេលា ដែលខ្លួនចង់បាន។ អតិថិជនអាចបង់លុយនៅលើវ៉ិបសាយ ហើយនាពេលខាងមុខ ក្រុមហ៊ុននឹងបង្កើត Application ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកព័ត៌មានផ្សេងៗ។
លោក Ashley Poniatowski អាយុ៣០ឆ្នាំ ដែលជាសហស្ថាបនិកម្នាក់ក្នុងចំណោម៣នាក់របស់ក្រុមហ៊ុន Tank You បានរៀបរាប់ប្រាប់ Le Figaro ថា គំនិតនេះ បានចាប់ផ្តើមតាំងពីខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែទើបដំណើរការបានស្រួលបួលចាប់ពីខែមីនា ឆ្នាំ២០១៧ ។
លោកទទួលស្គាល់ថា អាជីវកម្មនេះមិនងាយស្រួលនោះឡើយ ប៉ុន្តែចាប់តាំងពីការថយចុះស្ថានីយចាក់សាំងជាបន្តបន្ទាប់ ធ្វើឲ្យសេវាកម្មរបស់ Tank You កាន់តែទៅមុខ ដោយទុនវិនិយោគបានឡើងទៅដល់រហូត១លានអឺរ៉ូ កាលពីខែកក្កដា កន្លងមក។
បច្ចុប្បន្ន Startup មួយនេះ មានរថយន្តបម្រើសេវាកម្មចំនួន៧គ្រឿង (៥នៅប៉ារីស និង២នៅ Lille) និងបុគ្គលិកសរុប១២នាក់។ បន្ទាប់មក ក្រុមហ៊ុននឹងពង្រីកសេវាកម្មដល់ក្រុងលីយ៉ុងនៅខែមីនា ឆ្នាំ២០១៨ មុនបន្តដល់ក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក និងឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។
នៅបារាំង ស្ថានីយចាក់សាំងមានការថយចុះជាបន្តបន្ទាប់។ បច្ចុប្បន្ននៅប៉ារីស មានតែជាង១០០ប៉ុណ្ណោះ ខណៈកាលពីអំឡុងឆ្នាំ១៩៩៥ មានដល់ទៅជាង៣០០កន្លែង។
«Tank You» កាត់តម្លៃសេវាកម្មទៅតាមចំនួនលីត្រ។ បើគិតចាប់តាំងពីខែមិនា ឆ្នាំ២០១៧ មក ក្រុមហ៊ុនមួយនេះ មានអតិថិជនប្រមាណ៣០០នាក់ ដោយបានដឹកសាំងចេញចន្លោះពី៣០ ទៅ៣៥ម៉ឺនលីត្រ។ នៅឆ្នាំ២០១៨ ពួកគេគ្រោងផ្គត់ផ្គង់ឲ្យបានប្រមាណ២.៥លានលីត្រ ដោយតួលេខវិនិយោគអាចកើនដល់៣លានអឺរ៉ូ៕
© រក្សាសិទ្ធិដោយ thmeythmey.com