កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ធ្លាក់ FA Cup លោក Hughes អស់តំណែង ឯ​លោក Wenger កាន់តែ​រង​សម្ពាធ​
08, Jan 2018 , 5:39 pm        
រូបភាព
Mark Hughes ត្រូវបាន Stoke City បញ្ឈប់​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​ភ្លាមៗ​បន្ទាប់ពី​ចាញ់ Coventry City ក្រុម​មកពី​ក្របខណ្ឌ​ទី​៤ អង់គ្លេស នា​ការប្រកួត​ដណ្តើមពាន FA Cup ខណៈ​លោក Arsene Wenger ដែល​ដឹកនាំ Arsenal បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មកពី​លី​ក​ទី​២ Nottingham Forest ៤-២ កាលពី​យប់មិញ កំពុង​រង​សម្ពាធ​ខ្លាំង ហើយ​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​តំណែង​ផងដែរ​។



​ក្រោយ​ខ្ទាត​ចេញពី​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី​៣ នៅ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្លិប Stoke City បានសម្រេច​បញ្ចប់​តំណែង​លោក Mark Hughes តែម្តង ដោយសារ​ប្រកួត​ចាញ់​ក្រុម​ស្ថិតក្នុង​ក្របខណ្ឌ League 2 លី​ក​បាល់ទាត់​លំដាប់​ទី​៤ អង់គ្លេស Coventry City ២-១ នៅ​កីឡដ្ឋាន Ricoh Arena កាលពី​ថ្ងៃទី ៦ ខែមករា​។​



​មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ អ្នកចាត់ការ​សញ្ជាតិ​វេ​លស៍ វ័យ​៥៤​ឆ្នាំ​រូបនេះ បាន​នាំ Stoke ធ្លាក់​ទៅ​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Premier League ទៀតផង បន្ទាប់ពី​បរាជ័យ​៥​ប្រកួត ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ ដែលជា​ចំណែក​មួយ​នាំ​ឲ្យ​មានការ​បញ្ចប់​តំណែង​នេះដែរ​។​

​អតីត​អ្នកចាត់ការ Blackburn Rovers, Queens Park Rangers និង Manchester City រូបនេះ​បាន​ឡើង​ដឹកនាំ Stoke ជិត​៥​ឆ្នាំ​មកហើយ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣​មក​។​
Stoke ដែល​នឹងត្រូវ​ជួប Manchester United ពានរង្វាន់​លំដាប់​កំពូល​អង់គ្លេស នៅ​ថ្ងៃទី​១៥ ខែមករា​ខាងមុខនេះ កំពុង​សម្លឹងមើល​អ្នក​ចាត់ការ​ថ្មី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ក្រឡេក​ទៅ​មើល Arsenal ដែលជា​ម្ចាស់​ជើងឯក​ចាស់​ក៏បាន​ធ្លាក់​ចេញពី​ពាន​លំដាប់​ទី​២​អង់គ្លេស​នេះដែរ ក្រោយ​ចាញ់​ក្រុម​មកពី​លី​ក​លំដាប់​ទី​២ Nottingham Forest រហូតដល់​ទៅ ៤-២​។​



​បរាជ័យ​នេះ ធ្វើ​ឲ្យ​លោក Arsene Wenger ត្រូវ​ទទួល​សម្ពាធ​មួយទៀត​ពី​ក្រុម​អ្នកគាំទ្រ និង​កំពុង​ស្ថិតក្រោម​ការពិចារណា​ពី​សំណាក់​ប្រធាន​ក្លិប​រហស្សនាម​កាំភ្លើង​ធំ​អំពី​អា​នាគ​ត​ជា​អ្នកចាត់ការ​ទូទៅ​ផងដែរ​។

​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង វ័យ​៦៨​ឆ្នាំ​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​រដូវ​កាល​នេះ Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦ មាន​៣៩​ពិន្ទុ ក្រោយ​ប្រកួត​២២​លើក ឈ្នះ​១១ ស្មើ​៦ និង​ចាញ់​៥៕


Tag:
 បាល់ទាត់​
  Mark Hughes
  Stoke City
  FA Cup
  Arsene Wenger
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com