កីឡាជាតិ
ជាតិ
កុំ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ការ​ចល័ត​យុទ្ធោបករណ៍​នា​អធ្រា​ត្រ​ឈាន​ថ្ងៃទី​១០ ខែមករា​!
08, Jan 2018 , 10:54 pm        
រូបភាព
ដោយ:
​កងពលតូច​ថ្មើរជើង​លេខ​៧០ និង​បញ្ជាការដ្ឋាន​អង្គរក្ស នឹង​ធ្វើការ​ចល័តយុទ្ធោបករណ៍​ទៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា​។ សាលា​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា ការ​ចល័ត​សម្ភារ​យោធា​ទាំងនេះ គឺ​ដើម្បី​ចូល​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិ​ព័រ​ណ៌​សម្ភារ​យោធា ដូច្នេះ​ប្រជាជន​ពលរដ្ឋ​មិនត្រូវ​ភ្ញាក់ផ្អើល ឬ​យល់ច្រឡំ​អ្វី​នោះឡើយ​។​





​កម្មវិធី​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិព័រណ៍​កងទ័ព នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​បរិវេណ​មណ្ឌល​កោះ​ពេជ្រ​។ សម្រាប់​ការរៀបចំ​កម្មវិធី​ប្រកួត និង​ការតាំង​ពិរ​ព័ត៌មាន​ទាំងនេះ យុទ្ធោបករណ៍​នឹងត្រូវ​ដឹកជញ្ជូន​ទៅកាន់​ទីតាំង​នៃ​ពិធី​។​

​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ និង​ការភ្ញាក់ផ្អើល​ណាមួយ លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ អំពី​ការ​ចល័ត​សម្ភារ​យោធា​ទាំងនោះ ដោយ​បញ្ជាក់​ពេលវេលា​ច្បាស់លាស់​។​

​ការដឹកជញ្ជូន និង​ចល័ត​យុទ្ធោបករណ៍​ទាំងនោះ នឹង​បែង​ចែកជា​ពីរ​ក្រុម​។ ក្រុម​ទីមួយ​ត្រូវ​ធ្វើដំណើរ​ពី​កងពលតូច​ថ្មើ​ជើង​លេខ​៧០ ខណ្ឌ​ពោធិ៍​សែន​ជ័យ តាម​កំណាត់​ផ្លូវជាតិ​លេខ​៣ រួច​បន្តដំណើរ​មក​ផ្លូវ​ចោមចៅ (​វេ​ង​ស្រេង​) ហើយ​បន្តទៅ​មហាវិថី​ម៉ៅ​សេទុង តម្រង់​ទៅ​ផ្លូវ​សុធារស ដោយ​ឆ្លងកាត់​ផ្លូវ​លេខ​៧៣ និង​ឆ្លងស្ពាន​តន្ត្រី ចូលទៅ​ទីតាំង​ប្រារព្ធ​ពិធី​។ ការ​ចល័ត​នេះ​នឹង​ធ្វើឡើង​នៅ​ម៉ោង ១២ និង​៣០​នាទី​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១០ ខែមករា​។​

​កន្លះ​ម៉ោង​ក្រោយមក ក្រុមទី​ពីរ បន្តធ្វើ​ការ​ចល័ត ដោយ​ចេញដំណើរ​ពី​បញ្ជាការ​រដ្ឋា​ន​កង​អង្គរក្ស​ក្រុង​តាខ្មៅ ខេត្តកណ្ដាល តាមផ្លូវ​ជាតិ​លេខ​២១ ឆ្ពោះទៅកាន់​ក្រុង​តាខ្មៅ និង​បត់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទៅ​មហាវិថី​ព្រះ​នរោត្តម ហើយ​បត់​ស្ដាំ​តាម​បណ្ដោយ​ផ្លូវ​សុធារស ឆ្លងកាត់​ផ្លូវ​លេខ​៧៣ និង​ឆ្លងស្ពាន​តន្ត្រី ចូលទៅ​ទីតាំង​ប្រារព្ធ​ពិធី​។​

​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​ក្រុមការងារ​រៀបចំ​កីឡា​កងយោធពល​ខេមរៈភូមិន្ទ​រៀបចំ​កម្មវិធី​ពិព័រណ៍​បែបនេះ កាលពី​ឆ្នាំ​២០១៧ ក៏មាន​ការរៀបចំ​កម្ម​វិធី​នេះ​នៅ ខែមករា ដូចគ្នា​៕




Tag:
 កីឡាកងទ័ព
  យុទ្ធោបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com