កីឡាអន្តរជាតិ
អន្តរជាតិ
អត្ត​ព​លិ​ក​រុស្ស៊ី ៤២​នាក់ ប្តឹង IOC ដែល​ពិន័យ​ពួកគេ​មិន​ឲ្យ​ចូលរួម​អូឡាំពិក​ឆ្នាំ​២០១៨
10, Jan 2018 , 2:49 pm        
រូបភាព
​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា (CAS) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៩ ខែមករា​ថា អត្ត​ព​លិ​ក​រុស្ស៊ី ៤២ នាក់​បានដាក់​ពាក្យបណ្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​បទ​ចោទ​ប្រើ​សារធាតុ​ហាមឃាត់ (Doping) របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បន្ទាប់ពី​ត្រូវ​ហាម​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០១៨​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​



 មាន​អត្ត​ព​លិ​ក​រុស្ស៊ី​ចំនួន ៤៣​នាក់ ត្រូវបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ សម្រេច​ហាមឃាត់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង ប្រទេស​កូរ៉េខាងត្បូង ក្រោយ​រកឃើញថា​ពួកគេ​បាន​ប្រើប្រាស​សារធាតុ​ហាមឃាត់​អំឡុង​ការប្រកួត​អូឡាំពិក​កាលពី​ឆ្នាំ​២០១៤ នៅ​ទីក្រុង​សជី ប្រទេស​រុស្ស៊ី​។​

​បើតាម​ការប្រកាស​រប​ស់​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា CAS ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង ៤៣ មាន ៤២​នាក់​បានដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​រួចរាល់​ហើយ ដើម្បី​តវ៉ា​នឹង​ការដាក់ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់ IOC នេះ​។​

CAS បាន​និយាយថា​ករណី​ទាំងអស់​នឹងត្រូវ​យកទៅ​ពិនិត្យ​ជាមួយគ្នា​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែមករា ហើយ​រំពឹងថា​សាលក្រម​នឹង​ចេញ​ជា​លទ្ធផល​នៅ​ថ្ងៃទី ៣១ ខែមករា ពោលគឺ​មុន​៩​ថ្ងៃ​នៃ​ការចាប់ផ្តើម​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ព្យុង​ឆាង​៕
អត្ថបទទាក់ទង


Tag:
 កីឡា​អូឡាំពិក​
  IOC
  CAS
© រក្សាសិទ្ធិដោយ thmeythmey.com