ជាតិ
សុវត្តិភាព ចរាចរណ៍
រថយន្ត​ដឹក​កម្មករ​នៅ​កំពង់ស្ពឺ ក្រឡាប់​ខ្លួនឯង ដោយសារ​អ្នកបើកបរ​បាន​ជែង​ជាមួយ​រថយន្ត​មួយទៀត​
10, Jan 2018 , 3:17 pm         684
រូបភាព
​រថយន្ត​មួយគ្រឿង​ដែល​ដឹក​កម្មករ​រោងចក្រ​ជាង​៥០​នាក់ បាន​ក្រឡាប់​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមករា នៅ​ភូមិ​តា​ឡាក់ ឃុំ​ក្រេ​ម​ក្សាន្ត ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ បើតាម​ស្នងការរង​ខេត្ត ឧបទ្ទវ​ហេតុនេះ បណ្តាល​ឲ្យ​កម្មករ​៤​នាក់​រងរបួស​ធ្ងន់​។


​ស្នងការរង ទទួលបន្ទុក​សណ្ដាប់​ចរាចរណ៍ ខេត្តកំពង់ស្ពឺ លោក តាប់ លន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា មូល​ហេតុដែល​បណ្ដាល​ឲ្យ​រថយន្ត​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​នេះ មកពី​អ្នកបើក​បរបាន​ជែង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​ក៏បាន​ក្រឡាប់​ដោយ​ខ្លួនឯង​។​

​លោក តាប់ លន បន្តថា ក្នុង​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​នេះ កម្មករ​៥៥​នាក់​មកពី​រោង​ផ្សេងៗ​គ្នា ជិះ​រថយន្ត​តែមួយ ក្នុងនោះ​កម្មករ​៤​នាក់​បាន​រងរបួស​ធ្ងន់ ដោយ​បាក់ជើង និង​ស្មា រីឯ​អ្នកបើកបរ​ក៏ត្រូវ​បាក់ជើង​ផងដែរ​។

«​ចំពោះ​អ្នករបួស​ស្រាល​បាន​ត្រលប់​ទៅផ្ទះ​វិញ​អស់ហើយ នៅឡើយ​តែ​អ្នករបួសធ្ងន់​ប៉ុណ្ណោះ​ដែល​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​»​។ នេះ​បើតាម​ការបញ្ជាក់​ពីរ​បស់​ស្នងការរង​ខេត្តកំពង់ស្ពឺ ដោយ​បន្ថែមថា អ្នកបើកបរ​នឹងត្រូវ​ទទួលទោស​ទណ្ឌ បន្ទាប់ពី​រូបគេ​ធូរស្បើយ​ពីរ​បួស​៕


Tag:
 កម្មករ​រោង​ច្រក​
 ​ ក្រឡាប់​រថយន្ត​
 ​ តាប់ លន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next