ជាតិ
លោក សម រង្ស៊ី ខកខានការចូលបំភ្លឺនៅតុលាការ ពីបណ្តឹងកងទ័ព
× ភ្នំពេញ៖ តាមដីកាបង្គាប់ លោក សម រង្ស៊ី អតីប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចូលបំភ្លឺនៅមុខលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨នេះ លើបណ្តឹងរបស់កងទ័ពកម្ពុជា។ ប៉ុន្តែ លោក សម រង្ស៊ី ពុំអាចធ្វើតាមដីកាបង្គាប់នេះបានទេ ដ្បិតបច្ចុប្បន្ន លោក កំពុងរស់នៅឯបរទេសឯណោះ។
លោក សម រង្ស៊ី ធ្លាប់ប្រាប់សារព័ត៌មាន ពីក្រៅប្រទេសមកថា លោក មានបំណងបំភ្លឺជូនតុលាការ ដោយមិនចង់គេចវេះនោះទេ។ ប៉ុន្តែ លោក ស្នើថា ការបំភ្លឺនោះ ត្រូវធ្វើឡើងតាមរយៈការតភ្ជាប់វីដេអូ (Video Conference) ពីក្រៅប្រទេសមក។
លោក វង្ស ភក្តី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានយកបណ្តឹងទៅដាក់នៅតុលាការរាជធានីភ្នំពេញ កាលពីអំឡុងខែធ្នូ ឆ្នាំ២0១៧ ដើម្បីប្តឹងលោក សម រង្ស៊ី ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព។ លោកមេធាវីរូបនេះ បានចូលភ្លឺនៅមុខព្រះរាជអាជ្ញារួចហើយ ជុំវិញបណ្តឹងខាងលើ។
មកដល់ពេលនេះ លោក សម រង្ស៊ី បានរងបណ្តឹងប្រមាណជា១0ហើយ ពីសំណាក់ថ្នាក់ដឹកនាំនិងសកម្មជនគណបក្សប្រជាជនកម្ពុជា ដោយក្នុងនោះ មានបណ្តឹងខ្លះ ត្រូវបានជំនុំជម្រះរួចហើយ ហើយបណ្តឹងខ្លះទៀត កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ៕
Tag:
តុលាការ
សម រង្សី
កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com