អន្តរជាតិ
ចិន​បារម្ភ​ខ្លាំង ខណៈ​អាមេរិក​អនុវត្ត​នយោបាយ​គាំពារ​និយម​ប្រឆាំង​ក្រុមហ៊ុន​ខ្លួន​
12, Jan 2018 , 9:19 am        
រូបភាព
​ក្រសួងពាណិជ្ជកម្ម​រប​ស់​ចិន​បានបង្ហាញ​ក្ដីបារម្ភ​ខ្លាំង​ចំពោះ​ការ​រឹតបន្តឹង​លើ​ក្រុមហ៊ុន​ចិន​ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ ចិន​អះអាងថា គំនិត​នយោបាយ​គាំពារ​និយម​កំពុង​កើនឡើង​ខ្លាំង​នៅលើ​ទឹកដី​អាមេរិក​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​ជាតិ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​ពីរ​រវាង​ក្រុមហ៊ុន​ចិន និង​អាមេរិក ជួប​បញ្ហា​បរាជ័យ​បន្តបន្ទាប់ ដោយសារតែ​ហេតុផល​សន្តិសុខ​ជាតិ​នេះដែរ​។



​ចិន​បាន​ក្ដី​បញ្ចេញ​កង្វល់​របស់ខ្លួន ចំពោះ​ការ​រឹតត្បិត​លើ​ការរកស៊ី​របស់​ក្រុមហ៊ុន​ចិន​នៅ​អាមេរិក ដោយបាន​អះអាងថា អាមេរិក​កំពុង​អនុវត្ត​នយោបាយ​គាំពារ​និយម​។ ចិន​ប្រកាសថា ខ្លួន​ប្រឆាំង​ដាច់ខាត​នយោបាយ​គាំពារ​និយម​គ្រប់​ប្រភេទ និង​បានស្នើ​ឲ្យ​អាមេរិក​ធ្វើតាម​ឲ្យ​បាន​ពាក់កណ្ដាល​ដើម្បី​ទំនាក់ទំនង​សេដ្ឋកិច្ច​ទ្វេភាគី​ប្រកបដោយ​ស្ថិរភាព​។​

​ក្នុងពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ចិន​ចំនួន​ពីរ គឺ Ant Financial និង Huawei បាន​បរាជ័យ​ក្នុង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាមេរិក​។ កាលពី​សប្ដាហ៍​មុន កិច្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុន​អាមេរិក MoneyGram របស់​ក្រុមហ៊ុន​ចិន Ant Financial ត្រូវបាន​អាជ្ញាធរ​បដិសេធ​ដោយ​យក​ហេតុផល​រក្សា​សន្តិសុខ​ជាតិ​។ នៅ​ដើម​សប្ដាហ៍​នេះ គម្រោង​សហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei ក្រុមហ៊ុន AT&T Inc ក៏​ដួលរលំ​ដូចគ្នា​ក្រោម​ហេតុផល​ដូចគ្នា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១១ ខែមករា អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន​លោក Gao Feng និយាយថា ចិន​មិន​សប្បាយចិត្ត​ឡើយ​ចំពោះ​ការដួលរលំ​ផែនការ​ទិញ​ក្រុមហ៊ុន​អាមេរិក​ដោយ​ក្រុមហ៊ុន​ចិន​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ចិន​មិន​គាំទ្រ​ការអនុវត្ត​នយោបាយ​គាំពារ​ឡើយ និង​សង្ឃឹមថា អាមេរិក​អាចអនុវត្ត​ឲ្យ​បាន​ពាក់កណ្ដាល​នូវ​អ្វីដែល​ចិន​កំពុង​ធ្វើ​។​

​យើង​មិន​ជំទាស់​ការត្រួតពិនិត្យ​សន្តិសុខ​ធម្មតា​លើ​ការវិនិយោគ​ពី​បរទេស​ដោយ​ប្រទេស​ណាមួយ​ឡើយ ប៉ុន្តែ​យើង​បារម្ភ​ពី​សកម្មភាព​បង្កើត​ឧបសគ្គ​ក្នុងការ​រឹតត្បិត​ការវិនិយោគ​ពី​បរទេស​ដោយ​យក​លេស​សន្តិសុខ​ជាតិ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Gao Feng ។​
 
​ដោយឡែក​ក្នុង​វិចារណកថា​របស់ខ្លួន សារព័ត៌មាន​ចិន China Daily ក៏បាន​រិះគន់​អាមេរិក​ដែល​យក​រឿង​នយោបាយ​មក​ឡូកឡំ​ក្នុង​រឿង​ពាណិជ្ជកម្ម ដែល​ប៉ះពាល់​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​ចិន​។ សារព័ត៌មាន​ចិន​ដដែល​នេះ​លើកឡើងថា អាមេរិក​តែង​រិះគន់​ចិន​មិន​បើក​ទីផ្សារ​ឲ្យ​ទូលាយ និង​មិន​អនុវត្ត​ច្បាប់​ត្រឹមត្រូវ តែ​ខ្លួន​បែរជា​រឹតត្បិត​ក្រុមហ៊ុន​ចិន​ទៅវិញ ដែល​នេះ​មានន័យថា ពាក្យរិះគន់​របស់​អាមេរិក​គួរប្រើ​លើ​ខ្លួនឯង​វិ​៕


Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com