ជាតិ
លោក លី ខឹឈាំង៖ ចិននឹងផ្តល់ជំនួយចាំបាច់ដល់កម្ពុជា ដើម្បីរក្សាស្ថិរភាព
× ភ្នំពេញ៖ ចិន សន្យាផ្ដល់ជំនួយចាំបាច់គ្រប់យ៉ាងដល់រដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេស។ ការសន្យារបស់ចិននេះ ធ្វើឡើងនៅក្នុងជំនួបទ្វេរភាគីរវាងនាយករដ្ឋមន្ត្រី លី ខឹឈាំង និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ មករា។
នាយករដ្ឋមន្ត្រីចិន បានបង្ហាញជំហជាថ្មីថា ចិនគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ហើយចិនគាំទ្រចំពោះប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍស្របទៅនឹងលក្ខខណ្ឌរបស់ខ្លួន។ និយាយត្រង់នេះលោក លី ខឹឈាំង បានបង្ហាញឆន្ទៈថា ចិននឹងផ្ដល់ជំនួយចាំបាច់ដល់កម្ពុជា ដើម្បីរក្សាស្ថិរភាព សន្តិភាព និងសម្រេចការអភិវឌ្ឍប្រទស ក្នុងទិសដៅកែលម្អជីវភាពប្រជាជនកម្ពុជា។
សេចក្តីប្រកាសរួម ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានលើកឡើងដូច្នេះថា៖«ចិនអបអរសាទរយ៉ាងកក់ក្ដៅ ចំពោះសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់ភាគីកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
ភាគីចិន នឹងបន្តជួយកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យនានា ដូចជាការដឹកជញ្ជូន ការសន្សំទឹក ការបោសសម្អាតមីន សេវាអប់រំ និងវេជ្ជសាស្ត្រ។ ជាពិសេសការជំរុញលើការសាសសង់ពហុកីឡដ្ឋានមរតកតេជោ និងអគារមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន នៅភ្នំពេញ និងមន្ទីពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរួម។
បន្ថែមពីនេះចិនបានត្រៀមកញ្ចប់ថវិកាប្រមាណ ១៨០០លានយ័ន្ត ដែលមានទឹកប្រមាណ ២៧៦លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍តូច-ធំ នៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ឆ្លើយតបរដ្ឋាភិបាលចិន ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសជាថ្មី អំពីជំហប្រកាន់យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយចិនតែមួយ ចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕
Tag:
លី ខឹឈាំង
ចិន
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com