អន្តរជាតិ
មន្ត្រី​ឥណ្ឌូណេស៊ី បារម្ភ​ខ្លាច​មាន​វិបត្តិ​ទូត​ជាមួយ​រដ្ឋ​ដទៃ​ព្រោះ​ការអនុវត្ត​វិធានការ​ក្តៅ​ប្រឆាំង​ទូក​នេសាទ​ខុសច្បាប់
12, Jan 2018 , 10:46 am        
រូបភាព
ដោយ:
​មន្ត្រីជាន់ខ្ពស់ និង​ក្រុម​អ្នកជំនួញ​របស់​ឥណ្ឌូណេស៊ី មានការ​ព្រួយបារម្ភ​ពី​ធ្លាក់ចុះ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ឥណ្ឌូណេស៊ី និង​ផលិតផល​នេសាទ ជាមួយនឹង​បណ្តា​ប្រទេស​ដៃគូ​មួយចំនួន ដោយសារ​គោលនយោបាយ​តឹងរឹង​របស់​រដ្ឋាភិបាល​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​នេសាទ ។ ពួកគេ មិន​ចង់ឃើញ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បន្ត​យុទ្ធនា​ការដុត​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​បរទេស ។



​ចាប់តាំងពី​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​នេសាទ​នៅ​ឆ្នាំ​២០១៤ ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) លោកស្រី Susi Pudjiastuti បាន​អនុវត្ត​គោលនយោបាយ​ព្រៃផ្សៃ​បន្តិច​ដើម្បី​ប្រឆាំងនឹង​បទល្មើស​នេសាទ​ត្រី​របស់​ទូក និង​ក្រុម​អ្នកនេសាទ​បរទេស ។ ព្រៃផ្សៃ​ត្រង់​ថា  ឥណ្ឌូណេស៊ី បាន​ដុត និង​កម្ទេច​ទូក​នេសាទ ដោយ​មិន​រើសមុខ ឬ​ខ្វល់​ថា​ទូក​នោះ​មកពី​ប្រភព​ណា​ឡើយ​។

​បើតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​១០ មករា តាមរយៈ​គោលនយោបាយ​នេះ ឥណ្ឌូណេស៊ី បាន​ដុត​កម្ទេច​ទូក​នេសាទ​ខុសច្បាប់ ដែល​មកពី​ប្រទេស​ដូចជា ចិន ថៃ  និង​វៀតណាម​ផងដែរ​នោះ ចំនួន​រាប់រយ​ហើយ ។ គោលនយោបាយ​នេះ ត្រូវបាន​លោកស្រី​រដ្ឋមន្ត្រី អះអាងថា ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ ដែល​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​បាត់បង់​ប្រភព​ចំណូល​របស់​ជាតិ រាប់លាន​ដុល្លារ​ក្នុង​រយៈពេល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

​គោ​លន​យោ​យ​បាយ​នេះ​ផងដែរ បានធ្វើ​ឲ្យ​លោកស្រី​រដ្ឋមន្ត្រី ក្លាយជា​រដ្ឋមន្ត្រី​ដែល​ទទួលបាន​ការគាំទ្រ និង​មាន​ប្រជាប្រិយភាព​បំផុត ក្រោយ​អាណត្តិ​របស់លោក​ប្រធានាធិបតី Joko Widodo ។ ក៏ប៉ុន្តែ​ក៏មាន​ព្យសនកម្ម​អវិជ្ជមាន​មួយចំនួន​បាន​លេចឡើង​ផងដែរ ។

​តាម​ប្រភពព័ត៌មាន​ដដែល លោកស្រី​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jusuf Kalla នៅ​ថ្ងៃ​១០ មករា បាន​សម្តែង​ការ​ព្រួយ​ថា គោ​លន​យោ​យ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ការទូត​ជាមួយនឹង​ប្រទេស​ដៃគូ ។ ជាក់ស្តែង​នោះ នៅ​ឆ្នាំ​២០១៥​កន្លងទៅ ឥណ្ឌូណេស៊ី បាន​មាន​ភាព​តានតឹង​ការទូត​ជាមួយនឹង​ចិន ក្រោយពី​ឥណ្ឌូណេស៊ី បាន​ដុត​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​របស់​ចិន​រាប់សិប​ទូក​ជាដើម ។

​បន្ថែម​ពី​លោកស្រី​អនុ​ប្រធានាធិបតី សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី  នៅ​ថ្ងៃ​៩ មករា ក៏បាន​ត្អូញត្អែរ​ដែរ​ថា គោលនយោបាយ​នោះ មិនមែន​ចរិត​ស្ថាបនា ហើយ​បាន​បំផ្លាញ​ឧស្សាហ៍​នេសាទ ដ្បិត វា បាន​បណ្តាល​ឲ្យ​ការនាំចេញ​ផលិតផល​ត្រី​ថយចុះ ។  ការថយចុះ​នោះ ក៏​ព្រោះតែ ការបញ្ជាទិញ​ពី​បណ្តា​ប្រទេសជិតខាង​ក៏មាន​ការថយចុះ ដ្បិត​ពួកគេ​មិន​ពេញ​ចិត្តនឹង​គោលនយោបាយ​នោះ ។

​តំណាង​សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី លោក Yugi Prayanto បាន​អះអាងថា សភាពាណិជ្ជកម្ម បានស្នើ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី មានការ​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​បន្តិច​លើ​ទិដ្ឋភាព​នៃ សង្វាក់​ផលិត ក៏ដូចជា លើកកម្ពស់ ការវិនិយោគ​លើ​វិស័យ​នេសាទ ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com