អន្តរជាតិ
ពូ​ទីន ផ្ដាំ​អាមេរិក​៖ បើ​លូកលាន់​ផ្ទៃក្នុង​ប្រទេស​ផ្សេង គេ​មិន​នៅ​ស្ងៀម​ឡើយ​
12, Jan 2018 , 2:27 pm         2698
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយសារព័ត៌មាន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយសារព័ត៌មាន (រូបភាពពីគេហទំព័រប្រធានាធិបតីរុស្ស៊ី)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១១ ខែមករា បាន​ចោទ​អាមេរិក​ថា កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ផ្សេង​គ្រប់កន្លែង និង​ប្រាប់​ឲ្យ​អាមេរិក​ត្រៀមខ្លួន​ទទួលផល​វិញ ព្រោះ​ប្រទេស​ដទៃ​នឹងមិន​នៅ​ស្ងៀម​ឲ្យ​អាមេរិក​ធ្វើ​អ្វី​តាមចិត្ត​ឡើយ​។ លោក ពូ​ទីន ក៏​ប្រកាស​ជំហរ​របស់​រុស្ស៊ី ដោយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ប្រទេស​ផ្សេង​ដូច​អាមេរិក​ឡើយ​។


​សំណុំរឿង​អាមេរិក​ចោទប្រកាន់​រុស្ស៊ី​ថា លូកលាន់​កិច្ចការ​បោះឆ្នោត​នៅ​មិនទាន់​បញ្ចប់​ទេ​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ហៅ​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​អាមេរិក​លើ​រុស្ស៊ី គឺជា​ការឆ្លើយតប​ដ៏​ហួសហេតុ និង​ពឹងផ្អែក​ទាំងស្រុង​លើ​ព័ត៌មាន​ដែល​មិន​ច្បាស់លាស់​។ លោក​ប្រធានាធិបតី​រុស្ស៊ី​ចាត់ទុក​ទណ្ឌកម្ម​អាមេរិក ជា​ទង្វើ​មុត​ស្រួច និង​ជាការ​ឈ្លានពាន​ទៅទៀត​។

​ចំពោះមុខ​សារព័ត៌មាន​ធំៗ​របស់​រុស្ស៊ី លោក ពូ​ទីន និយាយថា គ្មាន​ប្រទេស​ពេញ​ចិត្តនឹង​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់ខ្លួន​ពី​ខាងក្រៅ​ឡើយ ហើយ​លោក​គិតថា អាមេរិក​ផ្ទាល់​ក៏​មិន​ចូលចិត្ត​សកម្មភាព​នេះដែរ​។ ប៉ុន្តែ​លោក ពូ​ទីន អះអាងថា អាមេរិក​បានធ្វើ​ទង្វើ​បែបនេះ​រហូតមក តាមរយៈ​ការប៉ុនប៉ង​លូកលាន់​ការងារ​ប្រទេស​ផ្សេង ដោយ​ចាត់ទុក​សកម្មភាព​រប​ស់​ខ្លួន​ជា​រឿង​ធម្មតា​ទៅវិញ តែ​ជា​រឿង​ខុសឆ្គង​សុទ្ធសាធ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន RT ។​

​ជាមួយនឹង​ទង្វើ​របស់​អាមេរិក​បែប​នេះ លោក​ប្រធានាធិបតី ពូ​ទីន ក៏បាន​ផ្ដាំ​ដែរ​ថា អាមេរិក​គួរ​ត្រៀមខ្លួន​ឲ្យ​ហើយ ដ្បិត​ប្រទេស​ដែល​អាមេរិក​លូកលាន់​នោះ នឹងធ្វើ​សកម្មភាព​តបត​វិញ​មិន​ខាន​។ យ៉ាងណាមិញ រុស្ស៊ី​មិនដែល​បាន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​អាមេរិក ហើយក៏​គ្មាន​ផែន​ការធ្វើ​ដូច្នោះ​ដែរ ទោះជា​រុស្ស៊ី​ត្រូវ​វាយបក​អាមេរិក ដែល​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​ដោយ​ប្រើ​ហេតុផល​មិនមាន​ភស្តុតាង​ជាក់ស្ដែង​ក្ដី​។​

​ដោយសារតែ​សំណុំរឿង​លូកលាន់​ការបោះឆ្នោត​នេះហើយ ទើប​ធ្វើ​ឲ្យ​ទំនាក់ទំនង​រុស្ស៊ី និង​អាមេរិក ល្អក់កករ​មកដល់​ប​ច្ចុ​ប្បន្ន ទោះជា​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទៅហើយ​ក្ដី​។ អាមេរិក​បានដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​លើ​រុស្ស៊ី ហើយ​ការស៊ើបអង្កេត​ករណីនេះ​កំពុង​ធ្វើឡើង​នៅឯ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​ជាប់​ពាក់ព័ន្ធ​មនុស្ស​ជាច្រើន រាប់ទាំង​កូនប្រសា​រលោក ត្រាំ ផង​។ ទំនាក់ទំនង​នេះ​អាច​ប្រសើរ​ឡើងវិញ ឬ​អត់ គឺ​អាស្រ័យ​លើ​អាមេរិក​។ នេះ​ជាការ​បញ្ជាក់​របស់លោក ពូ​ទីន ។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​អាមេរិក​ស្វែងរក​ឆន្ទៈ ទឹកចិត្ត ដើម្បី​កសាង​មិត្តភាព​ជាមួយ​រុស្ស៊ី​ឡើងវិញ ព្រោះ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​ប្រទេស​ទាំងសងខាង​។ មកទល់ពេលនេះ ទណ្ឌកម្ម​អាមេរិក​លើ​ប្រជាជន ក្រុមហ៊ុន​ពាណិជ្ជកម្ម រហូត​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុស្ស៊ី នៅតែមាន​ជា​ធរមាន ឯ​ទ្រព្យសម្បត្តិ​រុស្ស៊ី​ជាច្រើន​នៅ​អាមេរិក​ក៏ត្រូវ​ដកហូត​ដែរ​។ ស្ស៊ី​វិញ​ក៏បាន​ឆ្លើយតប​វិញ​បាន​ដោយបាន​រឹតបន្តឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​អាមេរិក​ដូចគ្នា​ដែរ​៕

Tag:
 ​រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next