អន្តរជាតិ
លោក ត្រាំ ទំនងជា​មិន​សម្លាប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ពេលនេះ​ឡើយ
12, Jan 2018 , 3:29 pm         361
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃ​សុក្រ​ទី ១២​ខែមករា​នេះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​សម្រេចចិត្តថា តើ​ត្រូវ​លើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​តាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឬក៏​រំលោភ​កិច្ចព្រមព្រៀង​នេះ​ដោយ​បន្ត​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ទៀត​។ បើតាម​មន្ត្រី​សេត​វិមាន លោក ត្រាំ នឹង​សម្រេច​លើក​ទណ្ឌ​កម្មនេះ​ក្នុង​រយៈពេល ១២០​ថ្ងៃ​ទៀត ដែល​មានន័យថា កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​រស់​ទៅមុខ​មួយរយៈ​ទៀត​។


​មន្ត្រី​អាមេរិក​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ទំនងជា ប្រកាស​ពន្យារ​ពេលវេលា ១២០​ថ្ងៃ​ទៀត​សម្រាប់​ការលើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់ ក្រោយពេល​លោក​ជួបពិភាក្សា​ជាមួយ​សមាជិក​ក្រុម​សន្តិសុខ​ជាតិ​កន្លងមក​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​សុក្រ​នេះ ត្រូវ​ប្រកាស​ពី​ការសម្រេចចិត្ត​របស់​ខ្លូន​ថា ត្រូវ​លើក​ទណ្ឌកម្ម ឬក៏​មិន​លើក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​។ បើ​ត្រូវ​សម្រេចចិត្ត បដិសេធ​លើក​ទណ្ឌ​កម្មនេះ  វា​បង្ហាញថា រដ្ឋបាល​នេះ​រំលោភ​កិច្ចព្រមព្រៀង​នេះដែ​លវា​បណ្តាល​ឲ្យ​មានការ​លុបចោល​កិច្ចព្រមព្រៀង​នេះ​ផង​។

​តាម​កិច្ចព្រមព្រៀង អាមេរិក​ត្រូវ​លើក​ទណ្ឌកម្ម​របស់ខ្លួន​ប្រឆាំង​អ៊ីរ៉ង់ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ត្រូវ​សម្រេច​រៀងរាល់ ១២០ ថ្ងៃ​ម្តង ហើយ​លោក​សម្រេចចិត្ត​ចុងក្រោយ​បំផុត​កាលពី​ខែកញ្ញា​ឆ្នាំមុន​។ ក្នុងករណី​ដែល​លោក ត្រាំ បដិសេធ​លើក​ទណ្ឌ​កម្មនេះ ទណ្ឌកម្ម​របស់​អាមេរិក​ទាំងអស់​ដែល​ប្រឆាំង​អ៊ីរ៉ង់​នឹងត្រូវ​អនុវត្ត​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ​។​

​យ៉ាងណាក៏ដោយ បណ្តា​ប្រទេស​អឺរ៉ុប​កំពុង​បារម្ភ និង​រង់​ចាំមើល​ការសម្រេចចិត្ត​របស់លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​អ៊ីរ៉ង់​។ ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ដាច់ចិត្ត​ទូរ​សព្ទ​ទៅកាន់​លោក ត្រាំ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ និង​ជំរុញ​ឲ្យ​អាមេរិក​បន្ត​ជំហរ​របស់ខ្លួន​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ទៀត​ដែរ​។ 

​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក បូក​បន្ថែម​ចិន និង រុស្ស៊ី​ផង​នោះ​សុទ្ធតែ​យល់ឃើញថា ការសម្រេចបាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ​ជា​រឿង​ប្រវត្តិសាស្ត្រ ហើយ​វា​ជា​រឿង​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ​ដោយ​ប្រើប្រាស់​នយោបាយ​ការទូត​នោះ​។

​យ៉ាងណាក៏ដោយ កន្លងមក​លោក ត្រាំ បាន​បន្ត​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឥតមាន​សំចៃមាត់​ឡើយ ហើយ​លោក​ចាត់ទុក​កិច្ចព្រមព្រៀង​នេះ​ជា​កិច្ចព្រមព្រៀង​អាក្រក​បំផុត​មួយ​ដែរ​។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ នេះ​មាន​គោលដៅ​ដក​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការកម្រិត​ការផ្តល់​ថាមពលនុយក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់​ផង​។​

​កាលពី​ខែតុលា លោក ត្រាំ បាន​បដិសេធ​បញ្ជាក់ប្រាប់​សភា​ថា អ៊ីរ៉ង់​បាន​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​កិច្ចព្រមព្រៀង​ព្រៀង​នេះ ហើយ​លោក​ក៏បាន​ចោទប្រកាន់ថា អ៊ីរ៉ង់​មិនមាន​ឆន្ទៈ​ក្នុង​ការបន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះឡើយ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders បាន​ប្រាប់​អ្នកសារព័ត៌មាន​កន្លង​មក​ថា ប្រធានាធិបតី ត្រាំ  នៅតែ​ជឿជាក់ថា កិច្ចព្រមព្រៀង​នេះ​ជា​លិខិតបទដ្ឋាន​អន្តរជាតិ​មួយ​ដែល​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

«​ចំណុច​ដែល​ខ្វះចន្លោះ​ធំ​បំផុត​មួយ​គឺ ការកម្រិត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​អ៊ីរ៉ង់​មាន​សិទ្ធិ​ពេញលេញ និង​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​របស់ខ្លួន​បាន​ដោយ​ចំហ និង​អាច​សម្រេចបាន​អាវុធ​នុយក្លេអ៊ែរ​បាន​យ៉ាង​រហ័ស​ទៀត​»​។ នេះ​ជាស​ម្តី​របស់​អ្នកនាំពាក្យ​ខាងលើ​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  អ៊ីរ៉ង់​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next