អន្តរជាតិ
លោក ត្រាំ ទំនងជាមិនសម្លាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ពេលនេះឡើយ
× នៅថ្ងៃសុក្រទី ១២ខែមករានេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងសម្រេចចិត្តថា តើត្រូវលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬក៏រំលោភកិច្ចព្រមព្រៀងនេះដោយបន្តទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ទៀត។ បើតាមមន្ត្រីសេតវិមាន លោក ត្រាំ នឹងសម្រេចលើកទណ្ឌកម្មនេះក្នុងរយៈពេល ១២០ថ្ងៃទៀត ដែលមានន័យថា កិច្ចព្រមព្រៀងនេះអាចបន្តរស់ទៅមុខមួយរយៈទៀត។
មន្ត្រីអាមេរិកដែលមិនបានបង្ហាញអត្តសញ្ញាណបានបញ្ជាក់ថា លោក ដូណាល់ ត្រាំ ទំនងជា ប្រកាសពន្យារពេលវេលា ១២០ថ្ងៃទៀតសម្រាប់ការលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ក្រោយពេលលោកជួបពិភាក្សាជាមួយសមាជិកក្រុមសន្តិសុខជាតិកន្លងមក។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រនេះ ត្រូវប្រកាសពីការសម្រេចចិត្តរបស់ខ្លូនថា ត្រូវលើកទណ្ឌកម្ម ឬក៏មិនលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ បើត្រូវសម្រេចចិត្ត បដិសេធលើកទណ្ឌកម្មនេះ វាបង្ហាញថា រដ្ឋបាលនេះរំលោភកិច្ចព្រមព្រៀងនេះដែលវាបណ្តាលឲ្យមានការលុបចោលកិច្ចព្រមព្រៀងនេះផង។
តាមកិច្ចព្រមព្រៀង អាមេរិកត្រូវលើកទណ្ឌកម្មរបស់ខ្លួនប្រឆាំងអ៊ីរ៉ង់ ប៉ុន្តែប្រធានាធិបតីអាមេរិកត្រូវសម្រេចរៀងរាល់ ១២០ ថ្ងៃម្តង ហើយលោកសម្រេចចិត្តចុងក្រោយបំផុតកាលពីខែកញ្ញាឆ្នាំមុន។ ក្នុងករណីដែលលោក ត្រាំ បដិសេធលើកទណ្ឌកម្មនេះ ទណ្ឌកម្មរបស់អាមេរិកទាំងអស់ដែលប្រឆាំងអ៊ីរ៉ង់នឹងត្រូវអនុវត្តឡើងវិញដោយស្វ័យប្រវត្តិ។
យ៉ាងណាក៏ដោយ បណ្តាប្រទេសអឺរ៉ុបកំពុងបារម្ភ និងរង់ចាំមើលការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ពាក់ព័ន្ធកិច្ចព្រមព្រៀងអ៊ីរ៉ង់។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានដាច់ចិត្តទូរសព្ទទៅកាន់លោក ត្រាំ ដើម្បីពិភាក្សាពីបញ្ហានេះ និងជំរុញឲ្យអាមេរិកបន្តជំហររបស់ខ្លួនគាំទ្រកិច្ចព្រមព្រៀងនេះទៀតដែរ។
បណ្តាប្រទេសជាសម្ព័ន្ធមិត្តអាមេរិក បូកបន្ថែមចិន និង រុស្ស៊ីផងនោះសុទ្ធតែយល់ឃើញថា ការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នេះជារឿងប្រវត្តិសាស្ត្រ ហើយវាជារឿងជោគជ័យក្នុងការទប់ស្កាត់អ៊ីរ៉ង់ផលិតនុយក្លេអ៊ែរដោយប្រើប្រាស់នយោបាយការទូតនោះ។
យ៉ាងណាក៏ដោយ កន្លងមកលោក ត្រាំ បានបន្តរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឥតមានសំចៃមាត់ឡើយ ហើយលោកចាត់ទុកកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងអាក្រកបំផុតមួយដែរ។ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នេះមានគោលដៅដកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ជាថ្នូរនឹងការកម្រិតការផ្តល់ថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផង។
កាលពីខែតុលា លោក ត្រាំ បានបដិសេធបញ្ជាក់ប្រាប់សភាថា អ៊ីរ៉ង់បានអនុវត្តខ្ជាប់ខ្ជួនតាមកិច្ចព្រមព្រៀងព្រៀងនេះ ហើយលោកក៏បានចោទប្រកាន់ថា អ៊ីរ៉ង់មិនមានឆន្ទៈក្នុងការបន្តអនុវត្តកិច្ចព្រមព្រៀងនេះឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យសេតវិមាន Sarah Sanders បានប្រាប់អ្នកសារព័ត៌មានកន្លងមកថា ប្រធានាធិបតី ត្រាំ នៅតែជឿជាក់ថា កិច្ចព្រមព្រៀងនេះជាលិខិតបទដ្ឋានអន្តរជាតិមួយដែលអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។
«ចំណុចដែលខ្វះចន្លោះធំបំផុតមួយគឺ ការកម្រិតនៅក្នុងកិច្ចព្រមព្រៀងនេះធ្វើឲ្យអ៊ីរ៉ង់មានសិទ្ធិពេញលេញ និងអាចអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនបានដោយចំហ និងអាចសម្រេចបានអាវុធនុយក្លេអ៊ែរបានយ៉ាងរហ័សទៀត»។ នេះជាសម្តីរបស់អ្នកនាំពាក្យខាងលើ៕
Tag:
ដូណាល់ ត្រាំ
អាមេរិក
អ៊ីរ៉ង់
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com