អន្តរជាតិ
តារា Youtube ម្នាក់ លែង​បាន​សិទ្ធិ​ពិសេស​ពី Youtube ក្រោយ​បង្ហោះ​ឃ្លី​ប​ជាប់​មនុស្ស​ធ្វើអត្តឃាត​
12, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ការ​បង្ហោះ​វីដេអូ​ទាក់ទង​នឹង​អត្តឃាត​ក្នុងព្រៃ​របស់​បុរស​ម្នាក់​នៅ​ប្រទេស​ជប៉ុន​នា​ដើមឆ្នាំ​២០១៨​នេះ បាន​នាំ​ឲ្យ​តារា Youtube អាមេរិក ដ៏​ល្បីល្បាញ​ម្នាក់ រង​ការព្រមាន និង​ត្រូវបាន​ដកសិទ្ធិ​ពិសេស​ក្នុង​ការរកចំណូល​។  នេះ​បើតាម​ការផ្សាយ​របស់ Daily Star​។​



​លោក Logan Paul អាយុ​២២​ឆ្នាំ គឺជា​តារា Youtube ដ៏​ល្បីល្បាញ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​។ គណនី​របស់លោក​ឈ្មោះ «Logan Paul Vlogs»  មាន Subscribers រហូតដល់​ទៅជា​ង​១៥​លាន ហើយ​នាំ​ឲ្យ​លោក​រក​ចំណូលបាន​ជាង​១០​លាន​ដុល្លារ​អាមេរិក បើ​គិត​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៦​មក​។

​ក្នុង​ឃ្លី​ប​វីដេអូ​មួយ លោក Paul បាន​រូប​ខ្លួនឯង​ដើរ​ក្នុងព្រៃ​ក្នុងប្រទេស​ជប៉ុន ហើយ​បាន​ថត​ជាប់​រូប​មនុស្ស​ធ្វើអត្តឃាត​។ នៅមុន​ដែល​លោក Paul លុបចេញ វីដេអូ​នេះ មាន​មនុស្ស​ទស្សនា​ជាង​៦​លាន​នាក់ និង Views ជាង​៤០​លាន​ដង ដែល​ក្នុងនោះ ទស្សនា​ជាង​៥​សែន​នាក់ ទាមទារ​ឲ្យ Youtube ដក​គណនី​លោក Paul ចេញ​។​

​លោក Paul បាន​ថត​ឃ្លី​ប​មួយ​ផ្សេងទៀត​ដើម្បី​សុំ​ការ​អភ័យទោស​ចំពោះ​ទង្វើ​របស់ខ្លួន​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន Youtube បានសម្រេច​ផ្អាក​សេវាកម្ម​រកលុយ​ពិសេស Youtube Red ពី​លោក Paul ព្រមទាំង​ដក​ការផ្សាយពាណិជ្ជកម្ម​ពិសេស​នៅលើ Google Preferred ផងដែរ​។​

​ការសម្រេច​នេះ ពីព្រោះ Youtube យល់ថា លោក Paul បាន​រំលោភ​លើ​លក្ខន្តិកៈ ដូច្នេះ​លោក​នឹង​មិនអាច​រកបាន​ចំណូល​មហាសាល​ពី​វីដេអូ Youtube របស់ខ្លួន​ទៀត​នោះឡើយ​។ «Logan Paul Vlogs» នៅ​រក្សា​ទទួល​ចំណូល​ដូច​គណនី​ទូទៅ ប៉ុន្តែ​មិនមាន​សិទ្ធិ​ពិសេស​ទៀត​នោះឡើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ បើតាម Daily Star ឃ្លី​ប​វីដេអូ​ដ៏​ចម្រូងចម្រាស​នេះ នៅតែ​អាចជួយ​ឲ្យ​លោក​រកចំណូលបាន​ជាង​៩៦​ម៉ឺន​ដុល្លារ​អាមេរិក​៕


Tag:
 បណ្តាញ​សង្គម​
  Youtube
© រក្សាសិទ្ធិដោយ thmeythmey.com