ជាតិ
គម្រោង​អាកាសយានដ្ឋាន​នៅ​ភូមិសាស្ត្រ​តាខ្មៅ​-​កណ្តាលស្ទឹង ប្រើ​ទុនវិនិយោគ​១៥០០​លាន​ដុល្លារ​
12, Jan 2018 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​អាកាសយានដ្ឋាន​ថ្មី ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នឹង​សាងសង់ឡើង​នៅលើ​ផ្ទៃដី​ទំហំ​២៦០០​ហិកតា ក្រោម​ទុនវិនិយោគ​១៥០០​លាន​ដុល្លារ​អាមេរិក​។ កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​នេះ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១១ ខែមករា រវាង​លោក ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) និង​លោក​ហ៊ូ ហ៊ួ​យ​ប៉ាង ប្រធាន​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB)​។​



​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ី​ន​វេស​មិន (Cambodia Airport Investment Co ., Ltd) គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ក្នុង​គោលបំណង​អភិវឌ្ឍ​ន៏​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ ៤F ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង​។​

​អាកាសយានដ្ឋាន​ថ្មី​នេះ ត្រូវ​ចំណាយ​ទុនវិនិយោគ ១,៥០០​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ទឹកប្រាក់ ១,១០០​លាន​ដុល្លារ កម្ចី​ពី​ធនាគារ​បរទេស ,​កម្ចី​ពី​ភាគទុន​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ខៀវ​សែ ក្នុង​ទឹកប្រាក់​២៨០​លាន​ដុល្លារ និង​ទឹកប្រាក់​១២០​លាន​ដុល្លារ​អាមេរិក បានមកពី​ដើមទុន​ចុះបញ្ជី (​ក្នុងនោះ​ក្រុមហ៊ុន OCIC មាន​៩០​ភាគរយ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល តំណាង​រដ្ឋាភិបាល​កម្ពុ​ជា មាន​១០​ភាគរយ​)​។ នេះ​បើតាម​លិខិត​ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើ​ទៅ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក ម៉ៅ ហាវ​ណ្ណា​ល រដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​កម្ពុជា នាយករដ្ឋមន្ត្រី​ចិន លី ខឹ​ឈាំ​ង បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ ក្រោយ​ជំនួប​នេះ មេដឹកនាំ​ទាំង​បាន​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១៩ ដែល​ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​អាកាសយានដ្ឋាន​ភ្នំពេញ​ថ្មី​។ នេះ​ជា​គម្រោង​ព្រលានយន្តហោះ​ថ្មី​មួយទៀត បន្ថែម​ពីលើ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ដែល​ចិន​ក៏​ធ្លាប់​ប្ដេជ្ញាចិត្ត​វិនិយោគ​ផងដែរ ដើម្បី​ចំនួន​ភ្ញៀវទេសចរ​ដែល​រំពឹង​កើនឡើង​ខ្លាំង​។​

​ក្រៅពី​គម្រោង​ព្រលានយន្តហោះ​ភ្នំពេញ កម្ពុជា និង​ចិន​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ដែល​គ្រោង​ចំណាយ​ថវិកា​១​ពាន់​លាន​ដុល្លារ​អាមេរិក រួមទាំង​កិច្ចព្រមព្រៀង​ជំនួយ​អភិវឌ្ឍន៍ និង​កិច្ចព្រមព្រៀង​ទិញស្រូវ​ពី​កម្ពុជា​ផងដែរ​៕

អត្ថបទទាក់ទង



Tag:
 ចិន​
  ​កម្ពុជា​
 ​ ព្រលានយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com