ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ការពារ​វិធាន​ការ «​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​បរទេស​»

អន្តរជាតិ
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ការពារ​វិធាន​ការ «​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​បរទេស​»
12, Jan 2018 , 9:39 pm         1483
រូបភាព
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានចេញ​មុខការ​ពារ​គោលនយោបាយ​កម្ទេច​ទូក​នេសាទ​បរទេស​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋបាល​លោក ដោយ​អះអាងថា គោលនយោបាយ​នេះ ជាការ​អនុវត្ត​តាមច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​មាន​សំណើ​ពី​ក្រុម​អ្នកជំនួញ និង​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ហ្សា​រ​តា​ដូចគ្នា​ផងដែរ​នោះ ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ព្រោះ ខ្លាចក្រែង​ប៉ះពាល់​ប្រយោជន៍​ជាតិ ។



​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយពេល​ដែល គណៈរដ្ឋមន្ត្រី​របស់​ឥណ្ឌូណេស៊ី ចេញមុខ​ឆ្លើយឆ្លង​គ្នា​ជុំវិញ​ការអនុវត្ត​គោលនយោបាយ​ដើម្បី​រក្សា​ផលប្រយោជន៍​ជាតិ ។ ការខ្វែងគំនិត​គ្នា​នេះ ក៏​ព្រោះតែ​ពួកគេ ខ្លាចក្រែង​បាត់បង់​ផលប្រយោជន៍​ជាតិ ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ។

​នៅ​ថ្ងៃ​១០ មករា លោក​អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jusuf Kalla និង​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី Luhut Pandjaitan បាន​ទទូច​ឲ្យ​រដ្ឋមន្ត្រី​នេសាទ Susi Pudjiasti បញ្ឈប់​គោលនយោបាយ​កម្ទេច​ទូក​នេសាទ​ខុសច្បាប់​បរទេស​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ពួកគេ យល់ ថា​អ្វីដែល​ធ្វើ​កន្លងមក គ្រប់គ្រាន់​ហើយ​។ ពួកគេ​ក៏​បារម្ភ​ផងដែរ​ថា គោ​លន​យោ​យ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណង​ការទូត​ជាមួយនឹង​ប្រទេស​ដៃគូ ។​

​សំណើ​នេះ មិនត្រូវ​បាន​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ យកទៅ​ពិចារណា​ឡើយ ដោយ​លោក​បាន​ចេញមុខ​ការពា​រ​ចំពោះ​គោលនយោបាយ​របស់​លោកស្រី​រដ្ឋមន្ត្រី​នេសាទ Susi Pudjiasti ។ កន្លងមក​លោក ចូ​កូ​វី បាន​អះអាង​ផងដែរ​ថា ការ​ពន្លិច​ទូក​នេសាទ​ខុសត្រូវ គឺជា​ការអនុវត្ត​ច្បាប់​មួយ ដែល​បាន​ង្ហា​ញ​ដែរ​ថា ឥណ្ឌូណេស៊ី មិន​អនុញ្ញាត​ឲ្យ​មាន​បទល្មើស​នេសាទ​ខុសច្បាប់​ឡើយ ។

​លោក​ប្រធានាធិបតី ក៏បាន​បន្ថែម​ដែរ​ថា រាល់​គោលនយោបាយ​ដែល​អនុវត្ត​ដោយ​លោកស្រី​រដ្ឋមន្ត្រី​នេសាទ សុទ្ធសឹងតែ​ដើម្បី​ប្រយោជន៍​ប្រជាជន ។ ជាមួយនឹង​ការចេញមុខ​ការពារ​នេះ លោក​ប្រធានាធិបតី ក៏បាន​ដាស់តឿន​រដ្ឋមន្ត្រី​នេសាទ ឲ្យ​ផ្តោត​សំខាន់​បន្ថែមទៀត​លើ​វិស័យ​នេសាទ​នេះ ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច ដ្បិត​ការនាំចេញ​ផលិត​នេសាទ ហាក់​មានការ​ថយចុះ​បន្តិច​នោះ ។

​យ៉ាងណាក៏ដោយ តប​ជាមួយនឹង​ការលើកឡើង​ខាងលើ លោកស្រី​រដ្ឋមន្ត្រី​នេសាទ ដែលមាន​ប្រជាប្រិយភាព​បំផុត​ក្នុង​អាណត្តិ​លោក​ចូ​កូ​វី ក៏បាន​លើកឡើង​ដែរ អ្វីដែល​លោកស្រី ធ្វើ គឺ​តាម​បទបញ្ជា និង​ការចង្អុលបង្ហាញ​របស់​លោក​ប្រធានាធិបតី​ប៉ុណ្ណោះ ។ លោកស្រី បញ្ជាក់ថា​៖«​លោក​ប្រធានាធិបតី បញ្ជា​យើង​ឲ្យ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​បទល្មើស​នេសាទ ដូច្នេះ យើង​ត្រូវតែ​អនុវត្ត​ដោយយោង​តាមច្បាប់​ឥណ្ឌូណេស៊ី​ទៀតផង​»​។

​គួរ​ជម្រាប​ផងដែរ​ថា តាមរយៈ​គោលនយោបាយ​នេះ ឥណ្ឌូណេស៊ី បាន​ពន្លិច និង​កម្ទេច​ទូ​នេសាទ​ខុសច្បាប់ ដែល​មកពី​ប្រទេស​ដូចជា ចិន ថៃ  និង​វៀតណាម​ផងដែរ​នោះ អស់​ប្រមាណ​ជាង​បី​រយ​ទូក​មកហើយ ។ ការកម្ទេច​នេះ ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​រកឃើញថា បទល្មើស​នេសាទ​ខុសច្បាប់ បានធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​បាត់បង់​ប្រភព​ចំណូល​ជាតិ​រាប់លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com