អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីការពារវិធានការ «កម្ទេចទូកនេសាទខុសច្បាប់បរទេស»
× រដ្ឋាភិបាលក្រុងហ្សាការតា បានចេញមុខការពារគោលនយោបាយកម្ទេចទូកនេសាទបរទេសរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដោយអះអាងថា គោលនយោបាយនេះ ជាការអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីមានសំណើពីក្រុមអ្នកជំនួញ និងមន្ត្រីរដ្ឋាភិបាលក្រុងហ្សារតាដូចគ្នាផងដែរនោះ ឲ្យបញ្ឈប់សកម្មភាពនេះព្រោះ ខ្លាចក្រែងប៉ះពាល់ប្រយោជន៍ជាតិ ។
វាជារឿងដ៏គួរឲ្យកត់សម្គាល់មួយពេលដែល គណៈរដ្ឋមន្ត្រីរបស់ឥណ្ឌូណេស៊ី ចេញមុខឆ្លើយឆ្លងគ្នាជុំវិញការអនុវត្តគោលនយោបាយដើម្បីរក្សាផលប្រយោជន៍ជាតិ ។ ការខ្វែងគំនិតគ្នានេះ ក៏ព្រោះតែពួកគេ ខ្លាចក្រែងបាត់បង់ផលប្រយោជន៍ជាតិ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។
នៅថ្ងៃ១០ មករា លោកអនុប្រធានាធិបតីឥណ្ឌូណេស៊ី Jusuf Kalla និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រឥណ្ឌូណេស៊ី Luhut Pandjaitan បានទទូចឲ្យរដ្ឋមន្ត្រីនេសាទ Susi Pudjiasti បញ្ឈប់គោលនយោបាយកម្ទេចទូកនេសាទខុសច្បាប់បរទេសនៅឆ្នាំ២០១៨នេះ ដោយពួកគេ យល់ ថាអ្វីដែលធ្វើកន្លងមក គ្រប់គ្រាន់ហើយ។ ពួកគេក៏បារម្ភផងដែរថា គោលនយោយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ចំណងការទូតជាមួយនឹងប្រទេសដៃគូ ។
សំណើនេះ មិនត្រូវបានលោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ យកទៅពិចារណាឡើយ ដោយលោកបានចេញមុខការពារចំពោះគោលនយោបាយរបស់លោកស្រីរដ្ឋមន្ត្រីនេសាទ Susi Pudjiasti ។ កន្លងមកលោក ចូកូវី បានអះអាងផងដែរថា ការពន្លិចទូកនេសាទខុសត្រូវ គឺជាការអនុវត្តច្បាប់មួយ ដែលបានង្ហាញដែរថា ឥណ្ឌូណេស៊ី មិនអនុញ្ញាតឲ្យមានបទល្មើសនេសាទខុសច្បាប់ឡើយ ។
លោកប្រធានាធិបតី ក៏បានបន្ថែមដែរថា រាល់គោលនយោបាយដែលអនុវត្តដោយលោកស្រីរដ្ឋមន្ត្រីនេសាទ សុទ្ធសឹងតែដើម្បីប្រយោជន៍ប្រជាជន ។ ជាមួយនឹងការចេញមុខការពារនេះ លោកប្រធានាធិបតី ក៏បានដាស់តឿនរដ្ឋមន្ត្រីនេសាទ ឲ្យផ្តោតសំខាន់បន្ថែមទៀតលើវិស័យនេសាទនេះ ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ច ដ្បិតការនាំចេញផលិតនេសាទ ហាក់មានការថយចុះបន្តិចនោះ ។
យ៉ាងណាក៏ដោយ តបជាមួយនឹងការលើកឡើងខាងលើ លោកស្រីរដ្ឋមន្ត្រីនេសាទ ដែលមានប្រជាប្រិយភាពបំផុតក្នុងអាណត្តិលោកចូកូវី ក៏បានលើកឡើងដែរ អ្វីដែលលោកស្រី ធ្វើ គឺតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកប្រធានាធិបតីប៉ុណ្ណោះ ។ លោកស្រី បញ្ជាក់ថា៖«លោកប្រធានាធិបតី បញ្ជាយើងឲ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើបទល្មើសនេសាទ ដូច្នេះ យើងត្រូវតែអនុវត្តដោយយោងតាមច្បាប់ឥណ្ឌូណេស៊ីទៀតផង»។
គួរជម្រាបផងដែរថា តាមរយៈគោលនយោបាយនេះ ឥណ្ឌូណេស៊ី បានពន្លិច និងកម្ទេចទូនេសាទខុសច្បាប់ ដែលមកពីប្រទេសដូចជា ចិន ថៃ និងវៀតណាមផងដែរនោះ អស់ប្រមាណជាងបីរយទូកមកហើយ ។ ការកម្ទេចនេះ ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានរកឃើញថា បទល្មើសនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ីបាត់បង់ប្រភពចំណូលជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ ៕
Tag:
ឥណ្ឌូណេស៊ី
អាស៊ាន
នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com