កីឡាជាតិ
ជាតិ
អត្ត​ព​លិ​កជាង​៧០០​នាក់​មកពី​៣៥​ប្រទេស​បាន​ចូលរួម​រត់ Ultra Trail ដែល​ប្រើពេល​ប្រមាណ​២៤​ម៉ោង​
12, Jan 2018 , 4:56 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​រត់ប្រណាំង​កាត់​ព្រៃ​ប្រឹក្សា ផ្ទះ​ប្រជាពលរដ្ឋ និង​ប្រាង្គ​ប្រាសាទបុរាណ​ជុំវិញ​តំបន់​អង្គរ​ដែល​គេ​ឲ្យ​ឈ្មោះថា​«Angkor Ultra Trail»​ទទួលបាន​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​មកពី​៣៥​ប្រទេស​ជាង​៧០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​។ ព្រឹត្តិការណ៍​ដែល​តម្រូវ​ឲ្យ​អត្ត​ព​លិ​ក​រត់​រហូត​១២៨​គីឡូម៉ែត្រ​នេះ រៀបចំឡើង​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​អំពើ​មនុស្សធម៌​។​



​បើ​យោងតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មាន​អត្ត​ព​លិ​កជាង​៧០០​នាក់​ហើយ​បាន​ចុះឈ្មោះ​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trail ដែល​រៀបចំ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ នៅលើ​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ខេត្តសៀមរាប​។ អត្ត​ព​លិ​ក​ទាំងនេះ​មកពី​៣៥​ប្រទេស​ទូទាំង​ពិភពលោក ខណៈ​បារាំង​ឈរ​លេខ​១ និង​វៀតណាម​ឈរ​លេខ​២​។ ចំនួន​អត្ត​ព​លិ​ក​ចូលរួម​កើនឡើង​ជាង​១០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​មាន​ជាង​៥០០​នាក់​។



​ព្រឹត្តិការណ៍ Angkor Ultra Trail ជាការ​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ដែល​តម្រូវ​ឲ្យ​អត្ត​ព​លិ​ក​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ ដោយ​រត់​កាត់​ព្រៃ​ប្រឹក្សា ប្រាង្គ​ប្រសាទ​បុរាណ វាលស្រែ និង​ភូមិ​ស្រុក​របស់​ប្រជាពលរដ្ឋ​។ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​អត្ត​ព​លិ​ក​ម្នាក់ៗ​ត្រូវ​ចំណាយពេល​រត់​ប្រមាណ​២៤​ម៉ោង ពោលគឺ​ចេញដំណើរ​នៅ​ថ្ងៃទី​១៩ ហើយ​ចប់​នៅ​ថ្ងៃទី​២០ មករា ឆ្នាំ​២០១៨​។ តែ​ក្នុងអំឡុងពេល​រត់​អត្ត​ព​លិ​ក​ម្នាក់ៗ​អាច​ឈប់សម្រាក​ហូប​អាហារសម្រន់​មុន​បន្តដំណើរ​ទៅមុខ​បាន​។  



​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​កាត់​ឧបសគ្គ​នេះ​ធ្វើឡើង ដើម្បី​ប្រមូល​និ​ធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា​។ លើសពីនេះ ដើម្បី​ផ្សព្វផ្សាយ​ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ និង​ដើម្បី​រួមចំណែក​ថែរក្សា​បរិស្ថាន​ជុំវិញ​តំបន់​រមណីយ​ដ្នា​ន​អង្គរ​។


លោក វ៉ាត់ ចំរើន (កណ្តាល)ថ្លែងក្នុងសន្និសីទសារព័ត៌មានការរត់ប្រណាំង Angkor Ultra Trail នៅទីស្នាក់ការ NOCC

​ប្រសិនបើ​អត្ត​ព​លិ​ក​មួយចំនួន​មិនអាច​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ខាងលើ​បាន​ពួកគេ​អាច​ជ្រើសរើស​វិញ្ញាសា​ផ្សេងៗ​ទៀត​។ ព្រឹត្តិការណ៍ Angkor Ultra Trail មាន​៣​វិញ្ញាសា​គឺ​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ និង​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​៕ 


Tag:
 រត់ប្រណាំង​
  Angkor Ultra Trail
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com