ជាតិ
លោក ហ៊ុន ម៉ាណែត៖«កងទ័ព ប្តេជ្ញាមិនឲ្យបដិវត្តពណ៌កើតឡើង នៅកម្ពុជាឡើយ» រូបភាព៖ លោក ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសដល់ក្រុមអ្នកាសែត ក្នុងពិធីពិព័រណ៍យោធា និងការប្រកួតកីឡាយោធា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨
× ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងមានឋានៈជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា បដិវត្តពណ៌ អាចនាំឲ្យបាត់បង់សុខសន្តិភាព និងធ្វើឲ្យប្រទេសជាតិ បែកបាក់សាមគ្គី ហេតុដូច្នេះកងទ័ព ត្រូវទប់ស្កាត់ឲ្យបាន។ លោក ហ៊ុន ម៉ាណែត បានរម្លឹកពីការបែកបាក់ជាតិ កាលពីអំឡុងទសវត្ស៧0 ព្រោះកាលនោះ រដ្ឋាភិបាល ដែលដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ត្រូវបានផ្តួលរំលំ។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់បែបនេះថា៖«កងយោធពលខេមរភូមិន្ទ ប្តេជ្ញាមិនឲ្យ [បដិវត្តពណ៌] កើតមានឡើងនៅលើទឹកដីយើងទេ។ […] កងទ័ព ត្រូវចងចាំ ហើយការពារឲ្យបាននូវតម្លៃនៃសុខសន្តិភាព»។
ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ពឆ្នាំ២0១៨ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២0១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។ លោក ហ៊ុន ម៉ាណែត ធ្វើជាប្រធានក្នុងការរៀបចំពិធីនេះ។
ទោះជារដ្ឋាភិបាលខ្លួនឯង ប្រកាសថា ផែនការបដិវត្តពណ៌ ត្រូវបានទប់ស្កាត់រួចហើយក៏ដោយ ក៏មន្ត្រីរដ្ឋាភិបាល និងគណបក្សកាន់អំណាច ហាក់មិនទាន់អស់ក្តីបារម្ភពីការកើតឡើងនូវបដិវត្តពណ៌ដែរ។ មកដល់ពេលនេះ មន្ត្រីមានមុខមាត់មួយចំនួនរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច នៅតែបង្ហាញពីការប្រុងប្រយ័ត្នពីបដិវត្តពណ៌នេះ។
អតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺជាមុខសញ្ញា ដែលគណបក្សកាន់អំណាច និងរដ្ឋាភិបាល សង្ស័យថា មានផែនការធ្វើបដិវត្តពណ៌។ ព្រោះតែសង្ស័យបែបនេះហើយ ទើបបណ្តាលឲ្យមានការប្តឹងផ្តល់លើគណបក្សសង្គ្រោះជាតិ នៅចុងឆ្នាំ២0១៧ ហើយទីបំផុត តុលាការកំពូល ក៏សម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល និងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់ នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ឯលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏ត្រូវជាប់ពន្ធនាគារដែរ ដោយសង្ស័យថា ពាក់ព័ន្ធនឹងផែនការផ្តួលរំលំរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួនគ្មានគម្រោងធ្វើបដិវត្តពណ៌ ដូចការចោទប្រកាន់នោះទេ។ គណបក្សនេះ អះអាងថា ការចូលរួមបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គឺជាគោលដៅនិងការចង់បានតែមួយគត់របស់ខ្លួន៕
Tag:
ហ៊ុន ម៉ាណែត
បដិវត្តពណ៌
ពិព័រណ៍ណយោធា
© រក្សាសិទ្ធិដោយ thmeythmey.com